សារអេឡិចត្រូនិច
សម្បត្តិធម្មជាតិដ៏មហាសាលទាំង៧នៅកម្ពុជា ត្រូវដាក់ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង


តំបន់​ប្រើប្រាស់​ច្រើនយ៉ាង គឺ​ជា​តំបន់​ក្នុង​ដែនដី​គោក និង/ឬ​ដែន​ទឹក ដែល​សម្បូរ​ដោយ​ប្រព័ន្ធ​ធម្មជាតិ​ ដែល​ពុំទាន់​រងការ​បំផ្លិចបំផ្លាញ និង​តម្រូវ​ឱ្យ​មាន​សកម្មភាព​គ្រប់គ្រង ដើម្បី​ធានា​ការការពារ ការ​ថែ​ទាំង​ធនធាន​ជីវចម្រុះ​ និង​ប្រព័ន្ធអូកូឡូស៊ី សម្រាប់​ពេល​យូរអង្វែង។ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​អាច​ផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការ​ប្រើប្រាស់​តាម​តម្រូវការ​របស់​សហគមន៍​។

តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​បរិស្ថាន​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ បាន​កើន​ឡើង​ចំនួន​៧​តំបន់​នា​ពេល​បច្ចុប្បន្ន​រួមមាន៖

១. «ដងពែង» ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង ដែល​មាន​ផ្ទៃក្រឡា ២៧.៧០០ហិកតា ចេញ​ដោយ​ព្រះរាជក្រឹត្យ ថ្ងៃ​ទី០១ ខែ​វិច្ឆិកា ឆ្នាំ១៩៩៣

២. «សំឡូត» ស្ថិត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន និង​បាត់ដំបង ដែល​មាន​ផ្ទៃក្រឡា ៦០. ០០០ ចេញ​ដោយ​ព្រះរាជក្រឹត្យ ថ្ងៃទី០១ ខែ​វិច្ឆិកា ឆ្នាំ១៩៩៣

៣. «ទន្លេសាប» ស្ថិត​ក្នុង​ទីតាំង​កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​សៀមរាប ដែល​មាន​ផ្ទៃ​ក្រឡា៣១៦.២៥០ ចេញ​ដោយ​ព្រះរាជក្រឹត្យ ថ្ងៃទី០១ ខែ​វិច្ឆិកា ឆ្នាំ១៩៩៣

៤. «ពញាក្រែក» ស្ថិត​នៅ​ទីតាំង ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ផ្ទៃក្រឡា​១៩៩ហិកតា ចេញ​ដោយ​អនុក្រឹត្យ ចុះ​ថ្ងៃទី០៩ ខែ​ឧសភា ឆ្នាំ២០១៦

៥. «ព្រែក​ទឹកសាប​ក្បាលឆាយ» ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្ទៃក្រឡា ៥.៥២០ហិកតា ចេញ​ដោយ​អនុក្រឹត្យ ចុះថ្ងៃទី០៥ ខែ​មិថុនា ឆ្នាំ២០១៦

៦. «ភ្នំ​នាង​កង្រី-ភ្នំ​ទូកមាស» ស្ថិត​ក្នុង​ភូមិសាស្ត្រ​ ឃុំត្រងិល ឃុំពោធិ៍ ឃុំ​ច្រណូក ឃុំ​ដារ និង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ផ្ទៃក្រឡា ៥.០៦៣ហិកតា ចេញ​ដោយ​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៧

៧. «សសរ​ស្ដម្ភ​សត្វ​តោ » ស្ថិត​ក្នុង​ភូមិសាស្ត្រ ស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​មាន​ផ្ទៃ​ក្រឡា ៨៣៩​ហិកតា ចេញ​ដោយ​អនុក្រឹត្យ ចុះថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

ដោយឡែកតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពីការ បង្កើត​«សសរស្តម្ភសត្វតោ » និង«ភ្នំនាងកង្រី-ភ្នំទូកមាស» ជាតំបន់ប្រើប្រាសច្រើនយ៉ាង មាន​គោល​ដៅ​សំខាន់ៗ ៥​ចំណុច​គឺ៖

១. ដើម្បី​ធានា​ឲ្យ​មាន​ការ​ថែ​ទាំ​ទី​ជម្រក និង​ស្ថិរភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ សម្រាប់​យូរ​អង្វែង។

២. រក្សា​លំនឹង​បរិស្ថាន ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​រួម​ចំណែក​ធនធាន​ធម្មជាតិ និង​រួមចំណែក​កាត់​បន្ថយការ​ប្រែប្រួល​អាកាស​ធាតុ និង​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ។

៣. លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏​ដូចជា​អ្នក​ពាក់ព័ន្ធ​ក្នុងការ​ថែរក្សា ការពារ អភិរក្ស និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដោយ​និរន្តរភាព។

៤. បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់​ការពារ​ធម្មជាតិ សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់

៥. ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​របស់​សហគមន៍៕

ប្រភព៖ Sabay

 

ព័ត៌មានថ្មីៗ