សារអេឡិចត្រូនិច
ឆាប់ៗនេះ Facebook នឹង​​បិទ​គណនី បើ​អ្នក​ប្រើ​មិន​ព្រម Upload


បណ្ដាញ​សង្គម​យក្ស​ Facebook កំពុង​ធ្វើ​ការ​តេស្ត​វិធីសាស្ត្រ​បញ្ជាក់​អត្តសញ្ញាណ​ថ្មី​ ដោយ​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Upload រូប​របស់​ខ្លួន​មួយ​សន្លឹក​ដើម្បី​បញ្ជាក់​ថា​ខ្លួន​មិន​មែន​ជា​រ៉ូបូត ពេល​កំពុង​ប្រើ​ប្រាស់។

តាម​រយៈ​រូបភាព​ដែល​គេ​ចែក​ចាយ​លើ​ Twitter បង្ហាញ​ថា​រូបភាព​ដែល​ Facebook ទាមទារ​ឲ្យ​ Upload នឹង​ត្រូវ​លុប​ចេញ​ពី​ Server របស់​ Facebook ពេល​ធ្វើ​ការ​បញ្ជាក់​រួច។​ ពាក់​ព័ន្ធ​នឹង​ការ​សាក​ល្បង​នេះ​ តំណាង​ Facebook ឲ្យ​ដឹង​ថា​ ការ​តេស្ត​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចាប់​យក​សកម្មភាព​ដែល​គួរ​ឲ្យ​សង្ស័យ​លើ​បណ្ដាញ​របស់​ខ្លួន។ ក្រុម​ហ៊ុន​បន្ថែម​ថា​ វា​នឹង​ជួយ​ឲ្យ​ពួក​គេ​អាច​ដឹង​​ពី​សកម្មភាព​មិន​ប្រក្រតី​ពេល​ បង្កើត​គណនី, Add Friend, បង្កើត​ ឬ កែ Ads និង​កំណត់​ការ​បង់លុយ​ Ads ជា​ដើម។

ករណី​ដែល​ប្រព័ន្ធ​ Facebook មិន​អាច​បញ្ជាក់​បាន​ ឬ អ្នក​ប្រើ​ប្រាស់​មិន​ព្រម​ Upload រូបភាព​របស់​ខ្លួន​ទេនោះ Facebook នឹង​ធ្វើ​ការ​ផ្អាក​ដំណើរ​ការ​គណនី​ភ្លាម។ ត្បិត​​មិន​ទាន់​ច្បាស់​ថា​ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​ប្រើប្រាស់​មុខងារ​ថ្មី​នេះ​នៅ​ពេល​ណា​ ប៉ុន្តែ​​រឿង​ហេតុ​ស្រដៀង​គ្នា​នេះ​​ត្រូវ​បាន​​គេ​រាយ​ការណ៍​​ឲ្យ​ដឹង​លើ​វិបសាយ​ Reddit តាំង​ពី​ដើម​ឆ្នាំ​មក​ម្ល៉េះ។

ដំណឹង​នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ចូល​ចិត្ត​ចែក​រំលែក​រូបភាព​ផ្ទាល់​ខ្លួន​លើ​អ៊ីនធឺណិត​មាន​ការ​ភ័យ​ព្រួយ។ តែ​ទោះ​យ៉ាងណា​ ត្រូវ​ដឹង​ថា​ ពេល​អ្នក​សម្រេច​ថា​ប្រើ​ Facebook មាន​ន័យ​ថា​អ្នក​យល់​ព្រម​ចែក​រំលែក​ព័ត៌មាន​​សម្ងាត់​​របស់​ខ្លួន​លើ​អ៊ីនធឺណិត​រួច​បាត់​ទៅ​ហើយ៕​​​​​ ​

ប្រភព៖ fossbytes