សារអេឡិចត្រូនិច
សហរដ្ឋអាមេរិក ​ព្រមាន​កូរ៉េខាងជើង បើសង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េនឹងត្រូវខ្ទេចគ្មានសល់


ញូយ៉ក៖ សហរដ្ឋអាមេរិក​បានព្រមានថា របបដឹនាំកូរ៉េខាងជើង​នឹងត្រូវបំផ្លាញទាំងស្រុង​ នៅក្នុងករណីសង្រ្គាម​ផ្ទុះ ឡើង។ ការព្រមានជាថ្មីនេះ​កើតមានឡើង​បន្ទាប់ពី​ទីក្រុងព្យុង យ៉ាងបានបាញ់​សាកល្បងមីស៊ីល​ឆ្លងទ្វីប​មួយគ្រាប់ ធ្លាក់ចូលក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់​មុខជប៉ុន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

នេះមិនមែន​ជាលើកទីមួយ​ឡើយ ដែលសហរដ្ឋអាមេរិក​ព្រមាន​កូរ៉េខាងជើង ហើយវាក៏​នឹងមិនក្លាយ​ជាលើកចុង ក្រោយ​ដែរ ដែលទីក្រុង​ព្យុងយ៉ាង​ធ្វើតេស្ដ​មីស៊ីល ឬអាវុធ​នុយក្លេអ៊ែរ។ ចាប់តាំង​ក្លាយជា​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បាន​ព្រមានជា​ច្រើនដងថា ជម្រើស​ទំាងអស់ក្នុងនោះរួមមាន​ទំាង ការប្រើប្រាស់​កម្លាំងយោធា មាននៅលើ​តុរួចជា​ស្រេច ដើម្បីដោះស្រាយ​ជាមួយកូរ៉េខាងជើង ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន​នៅតែអះអាង​ថា ខ្លួនចង់​ដោះស្រាយ​បញ្ហាតាមផ្លូវការទូត​ជាអាទិភាព។

ដោយឡែក​ទាក់ទិននឹង​ការបាញ់សាកល្បង​មីស៊ីល កាលពី​ថ្ងៃពុធ​ឯណោះវិញ​​ ថ្លែងនៅក្នុងកិច្ច​ប្រជុំបន្ទាន់​នៅឯក្រុម ប្រឹក្សាសន្តិសុខ​ នៃអង្គការ​​សហប្រជាជាតិ លោកស្រី Nikki Haley បានព្រមាន​​ជាថ្មីថា របបដឹកនាំ​លោក គីម ជុងអ៊ុន នឹងត្រូវបំផ្លាញ​គ្មានសល់ បើសិនជា​​សង្រ្គាមផ្ទុះ​ឡើង។ លោកស្រីទូត​អាមេរិក​ប្រចាំយូអិន​រូបនេះ បានលើកឡើង​យ៉ាងដូច្នេះថា «យើងមិន​ដែលស្វែងរក​សង្រ្គាមជាមួយកូរ៉េខាងជើង​នោះទេ ហើយសព្វថ្ងៃយើង​នៅតែរក្សាជំហរ​បែបនេះ​ដដែល។ ក៏ប៉ុន្តែបើ​សង្រ្គាមផ្ទុះឡើង គឺវាកើតឡើង​ដោយសារតែ ការបន្តសកម្មភាព​ឈ្លានពាន​ដូចយើងបា​នឃើញកាលពី​ថ្ងៃពុធ... ម្យ៉ាងវិញ ទៀតក្នុងករណី​សង្រ្គាមផ្ទុះឡើង​ពិតមែន នោះរបបដឹកនាំ​កូរ៉េខាងជើង​ នឹងត្រូវ បំផ្លាញ​ទាំងស្រុង»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ​កូរ៉េខាងជើង​បានប្រកាសពី​ជោគជ័យ នៃការបាញ់សាកល្បងមីស៊ីល​ឆ្លងទ្វីប ICBM ប្រភេទថ្មី​ឈ្មោះ Hwasong-15 ដែលបានហោះ​ដល់រយៈកម្ពស់ ៤,៤៧៥ គីឡូម៉ែត្រ និងបានចំងាយ ៩៥០គីឡូ ម៉ែត្រ​ក្នុងរយៈពេល ៥៣នាទី មុននឹងធ្លាក់ចូល​តំបន់សេដ្ឋកិច្ច​ផ្ដាច់មុខ ជប៉ុននៅឯសមុទ្រ​ខាងកើត។ មិនតែប៉ុណ្ណោះ​ទីក្រុងព្យុងយ៉ាង ក៏​បានប្រាប់​សហរដ្ឋអាមេរិកដែរថា ចាប់ពីពេលនេះតទៅ មីស៊ីលកូរ៉េខាងជើង​អាចបាញ់ដល់គ្រប់​ទីកន្លែងទាំងអស់ រួមទាំងដីគោក​របស់សហរដ្ឋអាមេរិក ខណៈទីក្រុងសេអ៊ូល​ផ្ទាល់ជឿថា កូរ៉េខាងជើង​នឹងមានអាវុធ នុយក្លេអ៊ែរ​ពេញលេញ នៅឆ្នាំក្រោយនេះ៕