សារអេឡិចត្រូនិច
Griezmann ប្រាប់មូលហេតុ​ដែល​ខ្លួន​គ្មាន​ថ្ងៃ​ទៅ​លេង​ឲ្យ​ Arsenal


Antoine Griezmann សឹង​តែ​ក្លាយ​ជា​កីឡាករ​ Arsenal នៅ​ក្នុង​ឆ្នាំ​២០១៣​ តែ​ក្រោយ​មក​កើត​រឿង​រកាំរកូស​ក្នុង​ដំណើរ​ការ​ផ្ទេរ ធ្វើ​ឲ្យ​រូប​គេ​​លែង​ចង់​ទៅ​លេង​ឲ្យ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ជា​រៀង​រហូត។

តារា​ឆ្នើម​សញ្ជាតិ​បារាំង​គ្រា​នោះ​កំពុង​លេង​ឲ្យ​ Real Sociedad ហើយ​ត្រូវ​ភ្នាក់ងារ​ផ្ទាល់​ឈ្មោះ​លោក​ Eric Olhats ​ប្រាប់​ថា​ Arsenal ចាប់​អារម្មណ៍​ចង់​បាន​រូប​គេ។ ដំណឹង​នេះ​ជា​រឿង​ល្អ​សម្រាប់​ Griezmann ហើយ​សាមី​ខ្លួន​បាន​បដិសេធ​ការ​ផ្ទេរ​ទៅ​ក្លឹប​ដទៃ​ទៀត​ព្រោះ​តែ​ចង់​ទៅ​លេង​ឲ្យ​ Arsenal ដែល​មាន​អ្នក​ចាត់ការ​ជនជាតិ​បារាំង​ដូចគ្នា​ដឹកនាំ។

យ៉ាង​ណា​ការ​រង់ចាំ​របស់​កីឡាករ​ជំនាញ​ជើង​ឆ្វេង​បាន​ក្លាយ​ជា​រឿង​ខាត​បង់​ពេល​វេលា​ដោយ​សារ​ Arsenal បោះបង់​ការ​ផ្ទេរ​នៅ​វិនាទី​ចុង​ក្រោយ។ Griezmann ​សម្ដែង​ការ​ខកចិត្ត​ដូច្នេះ៖ "ខ្ញុំ​បាន​រង់ចាំ ចាំ​ហើយ​ចាំ​ទៀត នៅ​ពេល​គ្មាន​ដំណឹង​ខ្ញុំ​​សួរ​ទៅ Eric ថា​តើ​ Arsenal នៅ​ចង់​បាន​​ទៀត​ឬ​អត់?។ ទីបំផុត​នៅ​ប៉ុន្មាន​ម៉ោង​មុន​ទីផ្សារ​បិទ​ទើប​គាត់​ប្រាប់​ថា​ពួកគេ​ប្ដូរ​ចិត្ត​ហើយ។ ក្រោយ​មក​ពេល​ភ្នាក់​ងារ​និយាយ​ពី​ Arsenal ម្ដង​ទៀត​ខ្ញុំ​បាន​ប្រាប់​ថា​ បំភ្លេច​ពួកគេ​ចោល​ទៅ"៕

ប្រភព៖ Independent