សារអេឡិចត្រូនិច
ការពិសោធន៍​បន្សាំ​បឋម​ស្រ​ឡាយ​ស្រូវ​សែន​ក្រអូប​លើដី​ស្រែ​កសិករ លើក​យកមក​ផ្សព្វផ្សាយ​ព្រឹក​នេះ​


នៅ​ព្រឹក​ថ្ងៃទី​២៩​ខែ វិច្ឆិកា​ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ភ្នំពេញ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា និង ក្រុមហ៊ុន​ផលិត​ស្រូវពូជ នឹង​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ដល់​សហគមន៍​កសិកម្ម​សំខាន់ៗ ក្នុង​ខេត្ត​មួយចំនួន​ដែលមាន​សក្តានុពល​ដាំ​ដុះ​ស្រូវ​សែន​ក្រអូប ដើម្បី​ផ្សព្វផ្សាយ​ពី​ការពិសោធន៍​បន្សាំ​បឋម​ស្រ​ឡាយ​ស្រូវ​សែន​ក្រអូប ស្របតាម​បច្ចេកទេស​និង​បទដ្ឋាន​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានបញ្ជាក់​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា​គឺ​មុន​ពិធី​នេះ​ប្រារព្វ​ថា ការរៀបចំ​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ចំបង​បង្ហាញ​បច្ចេកទេស​ក្នុង​ការធ្វើ​វិសោធន៍​ស្រូវពូជ​ដល់​សហគម​ន៍ក​សិ​កម្ម​ដែល​បាន​ចូលរួម​គម្រោង​ពិសោធន៍​ឲ្យ​អនុវត្តតាម​បច្ចេកទេស​ត្រឹមត្រូវ​តាម​បទដ្ឋាន​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​ទន្ទឹម​កិច្ចប្រជុំ​ក៏​នឹងធ្វើ​ការកំណត់​ពេលវេលា​និង​ឈ្មោះ​សហគមន៍​ណាខ្លះ​ដែល​ត្រូវធ្វើ​ការពិសោធន៍​នៅ​លើក​ទី​១-២ ឲ្យ​បានច្បាស់លាស់​។​

​ប្រភព​ដដែល​បន្តថា នៅក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​មន្ត្រី​ជំនាញ​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (​កា​ឌី​) នឹងធ្វើ​បទ​បង្ហាញ ពី​បច្ចេកទេស​នឹង​លក្ខខណ្ឌ​នានា​ដែល​វិទ្យាស្ថាន​ធ្លាប់បាន​ពិសោធន៍​ក្នុងពេល​កន្លងមក ដល់​តំណាង​សហគមន៍​កសិកម្ម ក្រុមហ៊ុន​ផលិត​ពូជស្រូវ និង​ដៃគូ​អភិវឌ្ឍន៍​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​តែងតែ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ វិទ្យាស្ថាន​ស្រាវជ្រាវ និង អភិវឌ្ឍន៍​កសិកម្ម​ក​ម្ពុ​ជា (CARDI) និង កម្មវិធី​សង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា (CAVAC) សម្រាប់​ការអភិវឌ្ឍន៍​ស្រូវពូជ​សែន​ក្រអូប បន្ទាប់ពី​មើលឃើញ​នូវ​និន្នាការ​កើន​ទាំង​តម្រូវការ​ទីផ្សារ​អង្ករ​ក្រៅប្រទេស​និង​ការពេញនិយម​ដាំ​ដុះ​ពី​សំណាក់​ប្រជាកសិករ​។​

​សហព័ន្ធ​ស្រូវ​អង្ករ​បាន​រំលឹកថា​កាលពី​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៧ លោក ស៊ី រ៉ានី អនុប្រធាន​ក្រុមប្រឹក្សាភិបាល និង ជា ប្រធាន​គណៈកម្មាធិការ​ផលិតកម្ម​ពូជ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ បច្ចេកទេស​បន្សុទ្ធ​ពូជស្រូវ​សែន​ក្រអូប​លើកដំបូង នៅ វិទ្យាស្ថាន​ស្រាវជ្រាវ និង អភិវឌ្ឍន៍​កសិកម្ម​ក​ម្ពុ​ជា (CARDI) ក្រោម​ការដឹកនាំ​ពិសោធ​ផ្ទា​ល់ពី លោក បណ្ឌិត អ៊ុក ម៉ា​កា​រ៉ា នាយក CARDI ។​កម្មវិធី​បន្សុទ្ធ​ពូជស្រូវ​សែន​ក្រអូប​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា និង មានការ​ចូលរួម​ឧបត្ថម្ភ​ថវិកា​មួយផ្នែក​ពី កម្មវិធី​សង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា (CAVAC)៕​