សារអេឡិចត្រូនិច
ក្រ​សួ​ង​វប្ប​ធម៌​និ​ង​វិចិត្រ​សិល្បៈ​ និង​រា​ជ​បណ្ឌិត​សភា​កម្ពុជា​រួម​គ្នា​ស្វែង​រក​ការ​អភិរក្ស​ និង​អភិវឌ្ឍ​ន៍​តម្លៃ​បេតិ​កភណ្ឌ​វប្បធម៌


រាជ​ធានីភ្នំពេញ​៖​ ដើម្បី​​ចូលរួម​ក្នុង​ការស្វែង​​រក​ការអភិរក្ស​ និង​អភិវឌ្ឍ​ន៍​តម្លៃ​បេតិកភណ្ឌ​វប្ប​ធម៌​រូបី​របស់​​ប្រទេស​កម្ពុជា​​​ឱ្យ​បាន​គង់​វង្ស​បន្ត​នោះ​ រាជ​បណ្ឌិត​​សភាកម្ពុជា​ និង​ក្រសួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​ បានរៀប​ចំ​សន្និ​សីទ​ជាតិ​​ស្ដី​ពី​ការអភិរក្ស​ និង​អភិវឌ្ឍ​ន៍​តម្លៃ​បេតិ​កភណ្ឌ​វប្ប​ធម៌​រូបី​។​ សន្និ​សីទ​ជាតិ​នេះ​​ធ្វើឡើង​នៅ​ថ្ងៃទី​១ កក្កដា ២០១៣ នៅ​រាជ បណ្ឌិត​កម្ពុជា​ ក្រោម​ការ​ចូល​រួម​​ពី​លោក​ហ៊ឹម ឆែម រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​ លោក​ជំទាវ​ខ្លូត​ ធី​តា​ ប្រធាន​រាជ​បណ្ឌិ​ត​សភា​កម្ពុជា​។

លោក​នូ​ ចាន់​សុភី​ ប្រធាន​វិទ្យា​ស្ថាន​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​​នៃរាជ​បណ្ឌិត​សភាកម្ពុជា​បាន​មាន​ប្រសាសន៍​ថា សន្និ សីទ​ជា​តិ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​មួយ​​ថ្ងៃ​នេះ​មាន​គោល​បំណង​​សំខាន់​២​៖ ទី​១ ផ្ដល់​ឱ​កាស​ដល់​អ្នក​ជំ​នាញ​កិច្ច​ការ​​បេតិកភណ្ឌ​ និង​អ្នក​វិទ្យា​សាស្ត្រ​ខាង​បុរាណ​វិទ្យាបាន​ជជែកពិភាក្សា​ និងផ្លាស់​ប្ដូរ​បទ​ពិសោធរវាង​គ្នា​និង​គ្នា​ ជុំវិញ​ការ​ងារគ្រប់​គ្រង​ ការការ​ពារ​បេតិកភណ្ឌ​ដែល​ជា​សម្បត្តិ​វប្ប​ធម៌​​ ពិសេស​ការអភិរក្ស​បេតិកភណ្ឌ​វប្ប​ធម៌​រូបី​ ដែល​កំពុង​រង​ផល​ប៉ះ​ពាល់​​ពីការ​បំផ្លាញ់​តាម​រូប​ភាព​ផ្សេង​ៗ​​ ដោយ​ស្វែង​រក​ដំណោះ​ស្រាយ​រួម​។

ទី​២ សិក្សា​ស្វែ​ង​យល់​និង​ប្រៀប​ធៀប​បទ​ដ្ឋាន​ កិច្ច​ការពារ​បេតិកភណ្ឌ​វប្ប​ធម៌​ជាតិ​ និ​ង​អន្ត​រជាតិ​ដោយ​អ្នកជំនាញ​ឯកទេស​ ដើម្បី​បង្កើន​​ប្រសិទ្ធ​ភាព​សម្រាប់ការ​អនុវត្ត​លើការងារគ្រប់​គ្រង​ និង​ការការ​ពារ​សម្បត្តិ​វប្ប​ធម៌​​ ជាពិសេស​លើស្ថានីយ​បុរាណ​វត្ថុ​វិទ្យា ដែលមិនទាន់​មានការចុះ​បញ្ជី​ ឬពុំទាន់មានការ​គ្រប់​គ្រង​បាន​ល្អ​នៅឡើយ​ ហើយ​កំពុង​ស្ថិត​ក្នុង​គោលដៅ​គំរាមកំហែង​ បំផ្លិច​បំផ្លាញ៕​