សារអេឡិចត្រូនិច
សុវណ្ណា​​ខុមខាំ​​ទីក្រុង​​បុរាណ​​ទើប​តែ​រក​​ឃើញ​នៅ​​ប្រទេស​​ឡាវ​


មានទីតាំង​ស្ថិត​នៅ​លើ​​​កោះ​​​ដែល​ទឹកទន្លេ​មេគង្គ​ជន់លិច​ ទីក្រុង​បុរាណ​សុវណ្ណា​ខុមខាំ​ត្រូវ​​គេ​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​នេះ​ នៅ​ពេល​ទឹក​ស្រក​ទៅ​វិញ​ ។​ ផ្ទាំង​ថ្ម​ដែល​មាន​ឆ្លាក់​អក្សរ​ ធំៗ​ និង​វត្ថុ​បុរាណ​ផ្សេង​ៗ​ទៀត​ដែល​បាន​រកឃើញ​នៅ​ក្នុង​សំណល់​បាក់បែក​នៃ​ទីក្រុង​បុរាណ​សុវណ្ណាខុមខាំ​បាន​បង្ហាញ​មនុស្ស​ជំនាន់​ថ្មី​ពី​លក្ខណៈ​អារ្យ​ធម៌​ដែល​កើត​មាន​នៅ​ក្នុង​សម័យ​កាល​បុរាណ​ដ៏​អស្ចារ្យ​នោះ​ ។​ បច្ចុប្បន្ន​វត្ថុបុរាណ​ជា​ច្រើន​ផ្សេង​ទៀត​ និង​សំណល់​ទីក្រុង​ត្រូវ​​​គេ​​រកឃើញ​នៅ​តាម​ដង​ទន្លេ​មេគង្គ ។​

ទីក្រុង​បុរាណ​សុវណ្ណាខុមខាំ​​ ស្ថិត​ក្នុង​ស្រុក​ថុន​ភឿង​ ខេត្ដ​បូកែវ​ ភាគខាង​ជើង​ប្រទេស​ឡាវ​ ចម្ងាយ​ប្រហែល​៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​ ។​ ទីក្រុង​បុរាណ​នេះ​ដើម​ឡើយ​ស្ថិត​នៅ​លើ​អតីត​កោះ​ដែល​​​លិច​បាត់​នៅ​ពេល​​​ទឹក​ទន្លេ​មេគង្គ​ជន់​លិច​ ហើយ​លិច​បាត់​ក្នុង​ទឹក​តែ​ម្ដង​ ។​ ទើប​តែ​នៅ​ក្នុង​ឆ្នាំ​នេះ​ គេ​បាន​រកឃើញ​​នៅ​ពេល​​​ទឹកបាន​ស្រកចុះ​ ។​

យោង​តាម​ព័ត៌មាន​ដែល​ផ្ដល់​ដោយ​ការិយា​ល័យ​ទេសចរណ៍​ វប្បធម៌​ និង​ព័ត៌មាន​​ថា​ កាល​បរិ​ច្ឆេទ​នៃ​ទីក្រុង​បុរាណ​នេះ​នៅ​តែ​ជា​អាថ៌កំបាំង​នៅ​ឡើយ​ ។​ យោង​តាម​កំណត់​ត្រា​ប្រវត្ដិ​សាស្រ្ដ​ដែល​រក្សា​ទុក​ដោយ​ប្រទេស​ស្រី​លង្កា​ ហើយ​បាន​ពណ៌នា​នៅ​ក្នុង​សៀវ​ភៅ​ដំណើរ​រុករក​​នៅ​​ទន្លេ​មេគង្គ​ដែល​និពន្ធ​ដោយ​អ្នក​ស្រាវ​​ជ្រាវ​​នា​​សតវត្ស​ទី​១៩​​ ឈ្មោះ​ Fracis Garnier ទីក្រុង​សុវណ្ណា​ខុមខាំ​​​ ប្រាកដ​ខ្លួន​ឡើង​នៅ​ក្នុង​សតវត្ស​ទី​៥​មុន​គ្រឹស្ដសក​​រាជ​ ។​

សៀវភៅ​នោះ​សរសេរ​ថា​ ទីក្រុង​បុរាណ​សុវណ្ណាខុម​ខាំ​​​វិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ ។​ ក្នុង​រយៈ​ពេល​តែ​៣​ឆ្នាំ​ប៉ុណ្ណោះ​ ចំនួន​គ្រួសារ​បាន​ឈាន​ដល់​១០០.០០០​គ្រួសារ​ ដែល​ភាគ​ច្រើន​ជា​ប្រជាជន​ក្រោម​​(Khrom) ។​ ភាព​ជោគជ័យ​នៃ​ទីក្រុង​នេះ​បាន​ទាក់​ទាញ​អ្នក​ធ្វើ​ពាណិជ្ជកម្ម​ពី​​​​វង្ស​ត្រកូល​​នៃ​ខេត្ដ​ហ្លួង​ព្រះ​បាង​ ។​ ប្រជាជន​ហ្លួង​ព្រះ​​បាង​ បាន​បញ្ជូន​កង​ទ័ព​ទៅ​វាយ​ប្រហារ​ទីក្រុង​សុវណ្ណា​ខុមខាំ​ ដែល​គេ​បាន​កម្ទេច​រាប​ដល់​ដី​ និង​ធ្វើ​ឱ្យ​ប្រជាជន​បែក​ខ្ញែក​អស់​ ។​ ប្រជាជន​មួយ​ចំនួន​បានធ្វើ​ដំណើរ​ទៅ​ខេត្ដ​ហ្លួង​ព្រះបាង​ ដោយ​នាំ​យក​ទៅ​​នូវ​ប្រពៃណី​វប្បធម៌​លៃ​ ហួហ្វៃ​​ ដែល​ជា​ពិធី​បុណ្យ​សាសនា​​មួយ​​គេ​ប្រកាន់​ខ្ជាប់​ខ្ជួន​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​ ។​

សម័យ​កាល​ក្រោយ​មក​ ​វង្ស​ត្រកូល​​នាគ​ឡាវ​​ចុក​(Lao Chok) បាន​កសាង​ទីក្រុង​សុវណ្ណា​​ខុមខាំ​ ឡើងវិញ​ ហើយ​ព័ទ្ធ​ជុំ​វិញ​ដោយ​កំពែង​៤​ជ្រុង​ ដោយ​ក្នុង​ មួយ​ជ្រុង​ៗ​មានប្រវែង​ ៣.០០០​var (1var ស្មើ ២ហត្ថ) ។​ ទី​ក្រុង​នេះ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ ណាខន​សៀង​ឡាវ​ ដោយ​សារតែ​​​បង្កើត​ឡើង​វិញ​ដោយ​ប្រជា​ជន​ឡាវ​នៅ​ភាគ​ខាង​ជើង​ ។​

ព្រះមហាក្សត្រ​៤៣​ព្រះអង្គ​នៃ​រាជវង្ស​ឡាវ​ចុក​ ​​បាន​គ្រប់គ្រង​នគរណាខន​ សៀង​ឡាវ​ ឬ​ណាខនងឺនយ៉ាង​ មុន​ពេល​ដែល​ស្ដេច​ ឃុន​ឈួង​ ឡើង​គ្រងរាជ​សម្បត្ដិ​ ។​ ព្រះ​អង្គ​ជា​ស្ដេច​ឡាវ​ដំបូង​ដែល​បង្រួប​បង្រួម​ក្រុម​កុល​សម្ព័ន្ធ​នៅ​ក្នុង​អាណា​ចក្រ​ភាគខាង​ជើង​ក្នុង​ឆ្នាំ​១០​៩៦​ ។​

ស្ដេច​ឃុន​ឈួង​ បាន​ដឹក​នាំ​ទ័ព​ទៅ​លុកលុយ​ទីក្រុង​ហ្លួង​ព្រះបាង​ សៀង​ខួង​ និង​បាកាន​ ហើយ​បាន​បង្កើត​ជា​អាណាចក្រ​រួប​រួម​តែ​មួយ​រវាង​​វង្ស​ត្រកូល​​នាគ​ និង​ប្រជាជន​ក្រោម​​(Khrom) ។​ ​ស្តេច​ឃុន​ឈួង​​ត្រូវ​​​គេ​ចាត់​ទុក​ថា​ជា​ព្រះមហា​ក្សត្រ​​​ដ៏​​អស្ចារ្យ​នៃ​អា ណា ចក្រ​ឡាវពហុជាតិ​សាសន៍​ ។​ អាណាចក្រ​ស្ដេច​ឃុន​ឈួង​បាន​ដួល​រលំ​ បន្ទាប់​ពី​ការ​គ្រងរាជ្យ​របស់​ស្ដេច​ទីក្រុង​ហ្លួង​ព្រះបាង​ ៤​ព្រះអង្គ​ ដូច​ជា​ស្ដេច​ឃុន​កាន់​ហាង​ ចៅ​ទួត​ស្ដេច​ឃុន​ឈួង​ ដែល​បាន​បរាជ័យ​ក្រោម​ដៃ​សត្រូវ​គឺ​ ឃុន​ឡ​ ដែល​មក​ពី​តំបន់​មឿង​លំ​ ឬ​មឿង​ថែង​ (បច្ចុប្បន្ន​ទីក្រុង​ឌៀន​​ ប៊ៀន​ភូ ប្រទេស​វៀតណាម​)​ ។​

ទីក្រុង​សុវណ្ណាខុមខាំ​ ត្រូវ​បាន​កម្ទេច​ និង​សាង​សង់​ឡើង​វិញ​ជា​ច្រើន​លើក​ច្រើន​គ្រា​​ និង​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​ច្រើន​ដង​ មុន​ពេល​ដែល​​​ក្លាយ​ទៅ​ជាទីក្រុង​បាក់បែក​ដូច​សព្វថ្ងៃ​នេះ​ ។​ យោង​តាម​ការ​ស្រាវជ្រាវ​ ថ្មី​ៗ​នេះ​បាន​បង្ហាញ​​ថា​ គេ​បាន​រកឃើញ​សំណល់​វត្ថុបុរាណ​ចំនួន​៤៤​ និង​សំណង់​ធ្វើ​ពី​ឥដ្ឋ​ដូច​ជា​ប្រាសាទ​ ចេតិយ​ រូប​សំណាក​ព្រះពុទ្ធ​ អាង​ស្ដុក​ទឹក​ និង​សំណង់​ ផ្សេងៗ​មួយ​ចំនួន​ទៀត​ ៕​