សារអេឡិចត្រូនិច
ឆ្នេរ​សមុទ្រ​ក្រុង​កែប​នឹង​រៀប​ចំ​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​កាន់​តែ​អស្ចារ្យ​


ខេត្តកែប ៖ បុណ្យ​សមុទ្រ​ដែល​តែង​តែ​រៀប​ចំ​រៀង​រាល់​ឆ្នាំ​នោះ​នឹង​ធ្វើ​នៅ​ខេត្ត​កែប​​ ពី​ថ្ងៃ​ទី​២៩​ដល់​៣១​ ខែ​ធ្នូ​ ២០១៣​ ។ កាល​ពី​ឆ្នាំ​២០១២​ ពិធី​បុណ្យ​សមុទ្រ​ត្រូវ​បាន​លុប​ចោល​ដោយ​សារ​កម្ពុជា​កាន់​ព្រះ​រាជ​មរណ​ទុក្ខ​ការ​សោយ​ទិវង្គត​នៃ​ព្រះ​មហា​វីរ​ក្សត្រ​ នរោ​ត្តម​ ​សីហនុ​ ។ បុណ្យ​សមុទ្រ​ជា​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​ដែល​ទាក់​ទាញ​អ្នក​ទេសច​រ​ទៅ​ចូល​រួម​​ច្រើន​បំផុត​ ពិសេស​អ្នក​ទេស​ចរ​បរ​ទេស។

លោក​ វ៉ាត់​ ចំរើន​ អគ្គ​លេខា​ធិការ​គណៈ​​កម្មា​ធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ (NOCC) ​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​ថា​ ពិធី​បុណ្យ​សមុទ្រ​ធ្វើ​ឡើង​ដោយ​មាន​កម្ម​វិធី​សំខាន់​ៗ​ចំនួន​៣​ គឺ​ការ​តាំង​ពិព័រណ៍​ កម្ម​វិធី​សិល្បៈ​ និង​ព្រឹត្តិ​ការណ៍​កី​ឡា​ ។ ព្រឹត្តិ​ការណ៍​កី​ឡា​​សំខាន់​ណាស់​ ព្រោះ​​ទាក់​ទាញ​អ្នក​​ចូល​រួម​​ច្រើន​មិន​ចាញ់​កម្ម​វិធី​សិល្បៈ​​ទេ​ ។ ​​កីឡា​​ដែល​រៀប​ចំ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ​មាន​ដូច​ជា​ កី​ឡា​ប្រដាល់​ កីឡា​បាល់​ទះ​​ឆ្នេរ​ខ្សាច់​ កី​ឡា​​ទ្រីយ៉ាត្លុង​ (ហែល​ទឹក​​ ជិះ​កង់​ និង​រត់​ប្រណាំង​) កីឡា​អត្ត​ពល​កម្ម​(រត់​ប្រណាំង​បែប​កម្សាន្ត​)​ ​កីឡា​ឆត្រ​ម៉ា​ស៊ីន​ កី​ឡា​ប្រណាំង​ម៉ូតូ​លើ​ផ្ទៃ​ទឹក​ (Jet Ski) ចំបាប់​ និង​ហែល​ទឹក​ជា​ដើម​ ។

លោក​ ថោង​ ខុន​ មាន​ប្រសាសន៍​ថា​ ការ​រៀប​ចំ​បុណ្យ​សមុទ្រ​ជា​លើក​ទីពីរ​នេះ​ ដើម្បី​អបអរ​ឆ្នេរ​សមុទ្រ​កម្ពុជា​ ដែល​ជាប់​ចំណាត់​ថ្នាក់​​ជា​ឆ្នេរ​សមុទ្រ​ស្អាត​បំផុត​លើ​ពិភព​លោក​ ។ កាល​ពី​លើក​ទី​មួយ​ ការ​រៀប​ចំ​បាន​ទទួល​ជោគ​ជ័យ​​​ធំធេង​មិន​នឹក​ស្មាន​ដល់​ ហើយ​​ជា​មោទ​ន​ភាព​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ ។ ​បន្ទាប់​ពី​ការ​​រៀបចំ​បាន​ទទួល​ជោគ​ជ័យ​នេះ​ យើង​នឹង​បាន​​ទទួលបទ​ពិសោធន៍​សម្រាប់​ការ​រៀប​ចំ​នៅ​ឆ្នាំ​ ​ក្រោយៗ​ទៀត​ ។

ការ​ធ្វើ​ពិធី​បុណ្យ​សមុទ្រ​ដែល​កម្ពុជា​រៀប​ចំ​គឺ​ក្នុង​គោល​បំណង​អប​អរ​សាទរ​ដែល​ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​ជាប់​ជា​ឆ្នេរ​ដ៏​ស្រស់​ស្អាត​ជាង​គេ​លើ​ពិភព​លោក​ និង​​ក្នុង​ន័យ​ចូល​រួម​ផ្សព្វ​ផ្សាយ​ពី​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា​ផង​ដែរ​ ខណៈ​កាល​ពី​ឆ្នាំ​២០១១​ជា​ការ​ចាប់​ផ្តើម​លើក​ដំបូង​នោះ​ មាន​អ្នក​ចូល​រួម​មិន​តិច​ជាង​១០​ម៉ឺន​នាក់​ឡើយ​នៅ​​ខេត្ត​ព្រះ​សីហនុ​ ។

កាល​ពី​ឆ្នាំ​២០១១​ មាន​មនុស្ស​រាប់​ម៉ឺន​នាក់​​ពី​ខេត្ត​-ក្រុង​នា​នា​ក្នុង​ទូ​ទាំង​ប្រទេស​ រួម​នឹង​ភ្ញៀវ​បរ​ទេស​គ្រប់​ជាតិ​សាសន៍​បាន​បង្ហាញ​វត្ត​មាន​ និង​ក្តី​សប្បាយ​រីក​រាយ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​ នា​ខេត្ត​ព្រះ​សីហនុ​ ។ ទន្ទឹម​នឹង​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​កុះ​ករ​នៅ​តំបន់​ឆ្នេរ​ ក៏​មាន​ការ​រៀប​ចំ​កម្ម​វិធី​កី​ឡា​ ផ្សេង​ៗ​ដូចជា​ កី​ឡា​​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ា​តុង​ ប្រណាំង​ម៉ូតូ​លើ​ទឹក​ ប្រដាល់​ វាយ​បាល់លើ​ឆ្នេរ​ខ្សាច់​ ហែល​ទឹក​ ជិះ​សេះ​ប្រណាំង​ ចំបាប់​ជា​ដើម​ ដែល​ចាប់​ផ្តើម​តាំង​ពី​ម៉ោង​៨​ព្រឹ​ក​ បង្ក​ជា​បរិយា​កាស​សប្បាយ​រីករាយ​លាយ​ឡំ​ដោយ​សំឡេង​ហ៊ោកញ្ជ្រៀវ​អប​អរ​យ៉ាង​កង​រំពង​ ។

ឆ្នេរ​សមុទ្រ​កម្ពុជា​ដែល​មាន​ប្រវែង​៤៤០​គី​ឡូ​ម៉ែត្រ​ សម្បូរណ៍​ដោយ​ជីវ​ចម្រុះ​​ ប្រជុំ​ដោយ​កោះ​ និង​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​ និង​លាត​សន្ធឹង​លើ​ខេត្ត​​៤​ រួម​មាន​ ខេត្ត​កែប​ កំពត​ ព្រះ​សី​ហនុ​ និង​កោះ​កុង​ ។ ឆ្នេរ​សមុទ្រ​កម្ពុជា​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ជា​សមា​ជិក​ពេញ​សិទ្ធិ​នៃ​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកល​លោក​ នៅ​ក្នុង​ឱកាស​មហា​សន្និ​បាត​លើក​ទី​៧​​របស់​ក្លឹប​​នៅ​សាធា​រណ​រដ្ឋ​ សេ​ណេ​ហ្កាល់​ កាល​ពី​ថ្ងៃ​ទី​២៥​ ឧសភា​ ២០១១​ បន្ទាប់​ពី​បាន​ជាប់​ជា​បេក្ខ​ភាព​នៅ​ឆ្នាំ​២០១០​ និង​ពិនិត្យ​សម្រេច​ជា​ឯក​ច្ឆន្ទ​ដាក់​ចូល​ជា​សមា​ជិក​ដោយ​ក្រុម​ប្រឹក្សា​ភិបាល​ក្លឹប​កាល​ពី​ថ្ងៃ​ទី​២០​ មករា​ ២០១១​ នៅ​តំបន់​ Corse ​ប្រទេស​បារាំង​ ។ ឆ្នេរ​សមុទ្រ​កម្ពុជា​មាន​សក្តា​នុ​ពល​ដ៏​អស្ចារ្យ​ខាង​ផ្នែក​វប្ប​ធម៌​ និង​ធម្ម​ជាតិ​ ដែល​សក្តា​នុពល​ទាំង​នេះ​ឆ្លើយ​តប​នឹង​លក្ខ​ខណ្ឌ​២​ ក្នុង​ចំណោម​លក្ខ​ខណ្ឌ​ទាំង​១០​របស់​អង្គ​ការ​​យូ​ណេ​ស្កូ​ និង​ទទួល​ស្គាល់​ជា​សម្បត្តិ​ធម្ម​ជាតិ​ និង​វប្ប​ធម៌​មួយ​ ជា​បេតិ​កភណ្ឌ​ពិភព​លោក​ ៕