សារអេឡិចត្រូនិច
រថ​ភ្លើង​ដឹក​សារ​ធាតុ​គីមី​រអិល​ធ្លាក់​ផ្លូវ​ក្រឡាប់​


លោក​អភិបាល​រដ្ឋ​ល្វី​ស៊ីណា​ សហរដ្ឋ​អាមេរិក​បាន​បញ្ជា​ឱ្យ​ជម្លៀស​ប្រជាជន​ប្រហែល​១០០​គ្រួសារ​ចេញ​ពី​លំនៅ​ឋាន​ ក្រោយ​ពី​រថ​ភ្លើង​ផ្ទុក​សារ​ធាតុ​គីមី​មួយ​ខ្សែ​រអិល​ធ្លាក់​ផ្លូវ​នៅ​ក្បែរ​ទី​ប្រជុំជន​ ។ ក្នុង​ដំណាក់កាល​ដំបូង​គ្មាន​របាយ​ការណ៍​បញ្ជាក់​ពី​អ្នក​រង​របួស​ ឬ​ឈឺ​ថ្កាត់​ដោយ​សារ​មូល​ហេតុ​ខាង​លើ​នៅ​ឡើយ​ទេ​ ។​

ទីភ្នាក់ងារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​ លោក​ បប់​ប៊ី​ ជីន​ដាល​ អភិបាល​រដ្ឋ​ល្វី​ស៊ីណា​ បាន​បញ្ជា​ឱ្យ​ផ្អាក​សេវា​កម្ម​ផ្លូវ​រថ​ភ្លើង​លេខ​១៩០​ ដែល​ឆ្លង​កាត់​រដ្ឋ​ល្វីស៊ីណា​រយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​៥-​៦​ សីហា​ ក្រោយ​ពេល​កើត​ហេតុ​រថ​ភ្លើង​មួយ​ខ្សែ​បើក​ធ្លាក់​ផ្លូវ​ក្នុង​ទីក្រុង​ឡូថេល​ កាល​ពី​រសៀល​ថ្ងៃ​ទី​៤ សីហា​ ធ្វើ​ឱ្យ​ទូរថ​ភ្លើង​ចំនួន​២៦​ក្រឡាប់​ និង​សារ​ធាតុ​គីមី​ប្រភេទ​ឧស្ម័ន​វី​នីល​ ក្លូរីដ​ (Vynilchloride) សម្រាប់​ប្រើ​ក្នុង​ឧស្សាហ​កម្ម​ផ្លា​ស្ទិក​នៅ​ក្នុង​ទូ​ចំនួន​៣​​ត្រូវ​បាន​បែក​ធ្លាយ​ ។​

លោក ជីន​ដាល បាន​បញ្ជា​ឱ្យ​ជម្លៀស​ប្រជា​ជន​ប្រហែល​១០​០គ្រួសារ​ចេញ​ពីតំបន់​ខាង​លើ។ ដំណាក់​កាល​ដំបូង​ពិនិត្យ​ឃើញ​ថា​ នៅ​ក្នុង​ទូ​រថ​ភ្លើង​ផ្ទុក​ជាតិ​គីមី​ដែល​ធ្លាយ​ មិ​នបង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ និង​បរិស្ថាន​ទេ​ ព្រោះ​មាន​បរិមាណ​តិច​តួច​ ខណៈ​ប៉ូលិស​ក្នុង​ទីក្រុង​បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ដើម្បី​ស្រាវ​ជ្រាវ​រក​ពី​មូល​ហេតុ​នេះ​ ៕​