សារអេឡិចត្រូនិច
នារី​មាន​ជាង​គេ​បំផុត​របស់​អូស្ត្រា​លី​ចង់​បង្រួប​បង្រួម​ជាមួយ​ពួក​កូន​ៗ​


សារ​ព័ត៌​មាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៥​ សីហា​ថា​ នារី​​អ្នក​មាន​ជាង​គេ​បំផុត​របស់​អូស្ត្រា​លី​ ជា​ប្រមុខ​នៃ​ក្រុម​ហ៊ុន​ដ៏​ធំ​មួយ​មាន​បំណង​ចង់​បញ្ចប់​ជម្លោះ​ដ៏​តឹង​តែង​បំផុត​ជាមួយ​ពួក​កូន​ៗ​ដែល​ខឹង​គាត់​ ព្រោះ​តែ​ពុំ​ព្រម​ដក​ខ្លួន​ចេញ​ពី​ការ​គ្រប់​គ្រង​ក្រុម​ហ៊ុន​គ្រួសារ​ ។

លោក​ស្រី​ GINA RINEHART អាយុ​៥៩​ឆ្នាំ​ ត្រូវ​បាន​កូន​៣​នាក់​ក្នុង​ចំណោម​កូន​៤​នាក់​ ប្តឹង​គាត់​ទៅ​តុលា​ការ​ទាម​ទារ​ឱ្យ​គាត់​ដក​ខ្លួន​ថយ​ពី​នាយក​ក្រុម​ហ៊ុន​គ្រួសារ​ទទួល​បន្ទុក​ឃុំ​គ្រង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ។

លោក​ស្រី​ RINEHART បាន​សរ​សេរ​លិខិត​ទៅ​កាន់​ពួក​កូន​ៗ​ក្នុង​ក្តី​សង្ឃឹម​បញ្ចប់​ជម្លោះ​គ្រួសារ​នេះ​ ។ មេ​ធា​វី​របស់​លោក​ស្រី​គឺ​លោក​ DAVID RUSSELL និយាយ​ថា​ មហា​សេដ្ឋី​នី​រូប​នេះ​ ត្រៀម​តែង​តាំង​អ្នក​ធា​នា​១​រូប​ក្នុង​ ផ្ទៃ​អ្នក​ដឹក​នាំ​ក្រុម​ហ៊ុន​គ្រួសារ​នោះ​ ។ លោក​ ប៉ាទ្រី​ស្យា​ ប័រ​ហ្គីន​ ចៅ​ក្រម​នៃ​តុលា​ការ​កំពូល​រដ្ឋ​ញូវ​ហ្គាល់​ខាង​ត្បូង​យល់​ថា​ សំណើ​នេះ​គឺ​ជា​ជំហាន​ទៅ​មុខ​យ៉ាង​ធំ​មួយ​។

ទ្រព្យ​សម្បត្តិ​របស់​លោក​ស្រី​ GINA RINEHART ជា​នារី​មាន​ជាង​គេ​បំផុត​លើ​ពិភព​លោក​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ដល់​២២,០២​ពាន់​លាន​ដុល្លារ​អូ​ស្ត្រា​លី​ (១៤,៧ពាន់​លាន​អឺ​រ៉ូ) ដែល​នោះ​ជា​ការ​ប៉ាន់​ប្រមាណ​របស់​ទស្ស​នា​វដ្តី​ BRW កាល​ពី​ខែ​ឧស​ភា​ កន្លង​មក​នេះ​ ។ លោក​ស្រី​ទទួល​មរតក​ពី​ឪ​ពុក​នូវ​អណ្តូង​រ៉ែ​អូ​ស្ត្រា​លី​ជា​ច្រើន​ ព្រម​ទាំង​ភាគ​ហ៊ុន​ទាំង​ឡាយ​ ដែល​លោក​ស្រី​អាច​ពង្រីក​ឱ្យ​កាន់​តែ​ទទួល​បាន​ផ្លែ​ផ្កា​ច្រើន​ទៀត​ ។ ឪពុក​របស់​លោក​ស្រី​ លោក​ LANG HANGCOCK បាន​បង្កើត​ក្រុម​​ហ៊ុនគ្រួសារ​មួយ​ កាល​ពី​ឆ្នាំ​១៩៨៨​ ដោយ​ភាគ​ហ៊ុន​២៣,១៤%​ ត្រួត​ត្រា​ដោយ​ក្រុម​ហ៊ុន​ HANCOCK PROSPECTING ដែល​អ្នក​ទទួល​ផល​គឺ​ចៅ​ទាំង​៤​នាក់​របស់​គាត់​ ។

កូន​៣​នាក់​ក្នុង​ចំណោម​កូន​ទាំង​៤​នាក់​របស់​មហា​សេដ្ឋី​នី​រូប​នេះ​ ក្នុង​នោះ​មាន​កូន​ប្រុស​ម្នាក់​  និង​កូន​ស្រី​​២​នាក់​បាន​ប្តឹង​គាត់​ តែ​កូន​ស្រី​ម្នាក់​ទៀត​បាន​បោះ​បង់​ចោល​ការ​ប្តឹង​ ។ រឿង​ជម្លោះ​គ្រួសារ​របស់​មហា​សេដ្ឋី​នី​រូប​នេះ​ ធ្វើ​ឱ្យ​សារ​ព័ត៌​មាន​អូ​ស្ត្រា​លី​ចាប់​អារម្មណ៍​ខ្លាំង​ចាប់​តាំង​ពី​ច្រើន​ខែ​មក​ហើយ​ ៕