សារអេឡិចត្រូនិច
ប្រទេស​ទុយ​នីស៊ី​ក្រោយ​បដិវត្តន៍​ផ្កា​ម្លិះ​បន្ត​វឹក​វរ​ដោយ​បាតុ​កម្ម​


ពួក​អ្នក​ប្រឆាំង​រដ្ឋាភិបាល​ទុយ​នីស៊ី​ បន្ត​ធ្វើ​បាតុ​កម្ម​កាល​ពីថ្ងៃ​ទី​៥ សីហា​ ​ហើយ​ពុំ​មាន​ច្រក​ចេញ​តាម​រយៈ​ការ​ចរចា​ណា​មួយ​​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នយោ​បាយ​ក្នុង​ប្រទេស​ដែល​ឆ្លង​កាត់​បដិវត្តន៍​ផ្កា​ម្លិះ​នោះ​ឡើយ​ ខណៈ​ទាហាន​​២​នាក់​ដែល​ស្លាប់​​ដោយ​សារ​​ការ​ប្រមាញ់​របស់​ក្រុម​ភេរវ​កម្ម​មួយ​ត្រូវ​បាន​នាំ​យក​ទៅ​បញ្ចុះ ។​

នៅ​ឯ​ទីក្រុង​ស៊ីឌី​ ប៊ូ​ហ្ស៊ីដ ភាគ​កណ្តាល​ប្រទេស​ ប៉ូលិស​បាន​បំបែក​ដោយ​មិ​នសំចៃ​ដៃ​ កាល​ពី​ថ្ងៃ​ទី​៥​ សីហា​ នូវ​ពួក​បាតុករ​ជា​ច្រើន​សិប​នាក់​ដែល​ប៉ុន​ប៉ង​លុក​ចូល​សាលា​ក្រុង​នោះ ។​ ទីក្រុង​​នេះ​ធ្លាប់​ជា​ប្រភព​នៃ​បដិវត្តន៍​ផ្កា​ម្លិះ​ ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១១​ ព្រម​ទាំង​ជា​ក្រុង​កំណើត​របស់​សមាជិក​សភា​ឆ្វេង​និយម​១​រូប​ លោក​ ម៉ូហា​ម៉េដ​ ប្រាហ៍​​មី​ ដែល​ត្រូវ​គេ​ធ្វើ​ឃាត​កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា​ ញ៉ាំង​ឱ្យ​ផ្ទុះ​វិប​ត្តិ​នយោ​បាយ​នា​ពេល​នេះ​ ។​

ចំណែក​ក្រុម​ចម្រុះ​ប្រឆាំង​មួយ​បាន​រៀបចំ​បាតុកម្ម​ថ្មី​នា​យប់​ថ្ងៃទី​៥​ សីហា នៅ​ទី​ក្រុង​ទុយ​នីស​ ដូច​រៀង​រាល់​យប់​ចាប់​តាំងពី​សមាជិក​សភា​រូប​នោះ​ត្រូវ​សម្លាប់​សង្ស័យ​ជាស្នាដៃ​របស់​ចលនា​ជីហាដ​និយម​មក ។​ ពួក​ប្រឆាំង​បាន​រៀបចំ​ជាពិសេស​នូវ​មហា​បាតុ​កម្ម​មួយ​នា​ថ្ងៃ​ទី​៦ សីហា​ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​ចលនា​អ៊ិស្លាម​និយម​ ENNAHDA លាលែង​ចេញ​ ហើយ​រំលាយ​សភា​ធម្មនុញ្ញ​ជាតិ​ជា​ការ​ទាម​ទារ​២​ ប​ដិសេធ​ដោយរដ្ឋ​អំណាច​ ខណៈ​ដែល​ប្រទេស​នៅ​ពុំ​ទាន់​មាន​រដ្ឋ​ធម្មនុញ្ញ​មួយ​ ហើយ​បណ្តា​​ក្រុម​ជីហាដ​និយម​បន្ត​បង្ក​អស្ថេរ​ភាព ។​ បាតុកម្ម​ធំ​នោះ​រៀប​ចំ​ធ្វើ​ឡើង​ចំ​ខួបគម្រប់​៦​ខែ​នៃ​ការ​ធ្វើ​ឃាត​មេដឹកនាំ​ប្រឆាំង​ម្នាក់​ទៀត​ លោក​ CHOKRI BELAID កាល​ពីថ្ងៃ​ទី​៦ កុម្ភៈ​កន្លង​មក​ ។​ បាតុកម្ម​នោះ​ក៏​ជា​ការ​ឆ្លើយ​តប​ចំពោះ​មហា​បាតុកម្ម​របស់​អ្នក​គាំទ្រ​រដ្ឋ​អំណាច​ដែល​មាន​មនុស្ស​ចូល​រួម​ជា​ច្រើន​ម៉ឺន​នាក់​​កាល​ពី​ថ្ងៃទី​៣ សីហា​កន្លង​មក​ដែរ ។​

ទោះបី​ជារដ្ឋ​អំណាច​រៀបចំ​ឱ្យ​មាន​ការ​ចរ​ចា​នានា​ក្តី​ នៅតែ​ពុំ​ទាន់​អាច​រក​ឃើញ​ច្រកចេញ​ពី​វិបត្តិ​ដែរ ។​ ខាង​ផ្នែក​សន្តិ​សុខ​វិញ​ កង​ទ័ព​បន្ត​ប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​ភាគ​ខាង​លិច​ប្រទេស​នៅ​ភ្នំ​ចាអាម​ប៊ី​ ដើម្បី​ប៉ុន​ប៉ង​កម្ទេច​ក្រុម​មួយ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​អាល់​កៃដា​ ហើយ​មាន​សកម្ម​ភាព​ខ្លាំង​ចាប់​តាំង​ពីខែធ្នូ​ ឆ្នាំ​២០១២ មក។​

ទាហាន​២​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៤​ សីហា​ ដោយ​សារ​គ្រាប់​បែក​១​គ្រាប់​​ផ្ទុះ​ចំ​រថ​ពាស​ដែក​របស់​ពួក​គេ​ រួច​សព​ទាហាន​ទាំង​២​នាក់​នោះ​ត្រូវ​បាន​បញ្ចុះ​កាល​ពី​ថ្ងៃ​ទី​៥ សីហា​ បន្ទាប់​ពី​ពិធី​មួយ​ចូល​រួម​ដោយ​ប្រធានាធិបតី​ លោក​ ម៉ុន​សេហ្វ ម៉ា​ហ្សូគី និង​នាយក​រដ្ឋ​មន្ត្រី​ លោក​ អាលី​ឡារ៉ា​យេដ ។​ កង​ទ័ព​បាន​ធ្វើ​ប្រតិបត្តិ​ការ​នៅ​ភ្នំ​ចាអាម​ប៊ី​ ក្រោយ​ពី​ទាហាន​៨​នាក់​ត្រូវ​សម្លាប់​ក្នុង​ការ​ពួន​ស្ទាក់​វាយ​ប្រហារ​មួយ​កាល​ពីថ្ងៃ​ទី​២៩ កក្កដា៕​