សារអេឡិចត្រូនិច
ទារក​ចិន​ដែល​ត្រូវ​គេ​ជួញដូរ​បាន​ជួបជុំ​ឪពុក​ម្តាយ​វិញ​


ទារក​ចិន​មួយ​ដែល​គេ​អះអាង​ថា​ត្រូវបាន​គ្រូពេទ្យ​ដែល​បង្កើត​វា​លក់​នោះ ឥឡូវ​បាន​ជួបជុំ​ជាមួយ​ឪពុក​ម្តាយ​របស់​វា​វិញ​ហើយ នេះ​បើ​​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​កាលពី​ថ្ងៃ​អង្គារ​។​

ហ្សាង ស៊ូ​សៀ គ្រូពេទ្យ​ដែល​ទទួលខុសត្រូវ​ចំពោះ​កំណើត​ទារក​នៅ​ខេត្ត​សាអាន់​ស៊ី រង​ការចោទប្រកាន់​ថា​បាន​លួងលោម​អោយ​​ឪពុក​ម្តាយ​របស់​ក្មេង​នេះ​បោះបង់​កូន​របស់​ពួកគេ​កាលពី​ខែ​មុន​បន្ទាប់ពី​ប្រាប់​ពួកគេ​ថា កូន​នេះ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ពី​កំណើត​។​

​ហ្សាង​ និង​ជនសង្ស័យ​២​នាក់​ទៀត​ត្រូវបាន​ឃាត់ខ្លួន​និង​ប៉ូលិស​បាន​រកឃើញ​ទារក​នេះ​នៅ​ផ្ទះ​កសិករ​ម្នាក់​នៅ​ខេត្ត​ហេ​ណាន​​ភាគ​កណ្តាល​។​

កាសែត​ China Daily ​បាន​និយាយថា ទារក​នេះ​បាន​ជួបជុំ​ជាមួយ​ម្តាយ​របស់​វា​នាង ដុង សាន​សាន​ និង​ឪពុក​ឈ្មោះ​ឡាយ ហ្គោ​ហ្វេង​កាលពី​ថ្ងៃច​ន្ទ​នៅ សាអាន់​ស៊ី និង​ថា​"​ដុង​បាន​ឱប​កូន​យ៉ាង​ណែន​នៅពេល​សមាជិកគ្រួសារ​យំ​នៅពេល​ឪពុកម្តាយ​ក្មេង​បាន​លត់​ជង្គង់​អរគុណ​ប៉ូលិស​ចំពោះ​ការរកឃើញ​កូន​របស់​ពួកគេ​"​។​

​យោង​តាម​មន្ត្រីប៉ូលិស​ខេត្ត​ហេ​ណាន កាសែត​បាន​រាយការណ៍​ថា កសិករ​ម្នាក់​ដែល​មាន​កូនស្រី​៣​នាក់​បាន​ទិញ​ទារក​នេះ​ពី​ពួក​​ជួញដូរ​កូនក្មេង​ក្នុង​តំលៃ​៦០.០០០​យ័ន​(៩.៨០០​ដុល្លារ​)​។​

​គ្រួសារ​ចំនួន​៧​ទៀត​នៅ​សាអាន់​ស៊ី បាន​ប្រាប់​ប៉ូលិស​ថា​កូន​ទើប​កើត​របស់​ពួកគេ​ក៏​ត្រូវបាន​គេ​យក​ទៅ​បាត់​បន្ទាប់ពី​វេជ្ជបណ្ឌិត​​ហ្សាង​បាន​ប្រាប់​ពួកគេ​ថា​កូនង៉ែត​របស់​ពួកគេ​ឈឺ ដូច្នេះ​វា​នឹង​បង្កបញ្ហា​ថវិកា​ធំដុំ​ដល់​គ្រួសារ​។​

​ការជួញដូរ​ក្មេង​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​នៅ​ចិន និង​ត្រូវបាន​គេ​បន្ទោស​មួយ​ផ្នែក​លើ​គោលនយោបាយ​កូន​មួយ ដោយ​គ្រួសារ​ភាគច្រើន​ត្រូវការ​ទារក ចំណែក​ទារិកា​ពេលខ្លះ​ត្រូវ​លក់​ចេញ បោះបង់ចោល ឬ​ទុក​សំរាប់​អ្នក​សុំ​យក​ទៅ​ចិញ្ចឹម​។​

​ក្រោម​គោលនយោបាយ​ដែល​មាន​បំណង​ត្រួតត្រា​ចំនួន​ពលរដ្ឋ​ដ៏​ធំ​(១,៣​ពាន់​លាន​នាក់​) ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ជា​ទូទៅ​​អនុញ្ញាត​អោយ​មាន​កូន​តែមួយ នៅពេល​គ្រួសារ​នៅ​ជនបទ​អាច​មាន​កូន​២​បើ​កូន​ទី​១ ជា​កូនស្រី​។​

​កាលពី​ខែ​ធ្នូ ប៉ូលិស​ចិន​បាន​សង្គ្រោះ​ក្មេង​៨៩​នាក់ និង​ចាប់ខ្លួន​ជនសង្ស័យ​៣៥៥​នាក់ បន្ទាប់​ពី​បំបែកសំបុក​ក្រុម​ជួញដូរ​ក្មេង​ជា​​បន្តបន្ទាប់​៕