សារអេឡិចត្រូនិច
បឺ​ហ្គ័​រ​ធ្វើ​ពី​សាច់គោ​សិប្បនិម្មិត​ដំបូង​គេ​បំផុត​ត្រូវបាន​ភ្លក់​នៅ​ទីក្រុង​ឡុង​ដ៍


ក្រុម​អ្នកវិទ្យាសាស្ត្រ​កាលពី​ថ្ងៃ​ចន្ទ​ទី ៥ ខែសីហា ឆ្នាំ ២០១៣ បាន​បញ្ចេញ​បឺ​ហ្គ័​រ​សាច់គោ​ដែល​បណ្តុះ​នៅ​មន្ទីរ ពិសោធន៍ ដោយ​ត្រូវបាន​ដាក់ជូន​ឲ្យ​អ្នកស្ម័គ្រចិត្ត​បរិភោគ​នៅ​ទីក្រុង​ឡុង​ដ៍​ក្នុង​អ្វីដែល​ពួកគេ​សង្ឃឹមថា​ជាការ​ចាប់ ផ្តើម​នៃ​បដិវត្តន៍​ចំណីអាហារ ។

សាច់គោ​រាង​មូល​សំ​ប៉ែ​ត្រ​ទម្ងន់​ប្រហែល ១៤០ ក្រាម ដែល​ចំណាយ​ជាង ៣៣២.៦២៥ ដុល្លារ​ក្នុង​ការផលិត ត្រូវ បាន​បង្កើតឡើង​ដោយ​ប្រើ​បន្ទះ​សាច់​បណ្តុះ​ចេញពី​កោសិកា​សាច់ដុំ​ដែល​បានមកពី​គោរស់ ។​

​ដោយ​លាយ​ជាមួយ​អំបិល ម្សៅ​ស៊ុត និង បន្ទះ​នំប៉័ង ដើម្បី​ធ្វើ​រសជាតិ​កាន់តែ​ប្រសើរឡើង និង លាយ​ពណ៌​ជាមួយនឹង​ទឹក​ម៉ឺ​ម​ឆៅ​ថាវ និង រមៀត ក្រុម​អ្នកស្រាវជ្រាវ​អះអាងថា បឺ​ហ្គ័​រ​សាច់គោ​សិប្បនិម្មិត​នេះ​នឹងមាន​រសជាតិ​ស្រដៀង​នឹង​បឺ​ហ្គ័​រ​ធម្មតា​ដែរ ។​

​សាស្ត្រាចារ្យ លោក ម៉ាក ផូស (Mark Post) មកពី​សាកលវិទ្យាល័យ Maastricht University ក្នុងប្រទេស​ហូ​ឡង់ ដែល​មន្ទីរពិសោធន៍រ​បស់​ខ្លួន​បាន​អភិវឌ្ឍ​សាច់គោ​នេះ​ឡើង បាន​និយាយថា បឺ​ហ្គ័​រ​នេះ​មាន​សុវត្ថិភាព​ធម្មតា និង មាន​សក្តានុពល​ក្នុងការ​ជំនួស​សាច់​ធម្មតា​ក្នុង​របប​អាហារ​របស់​មនុស្ស​រាប់​លាន​នាក់ ។

​លោក​បាន​នាំសា​ច់នេះ​មកកាន់​ស​ន្និ​កាសែត​នៅ​ស្ទូ​ឌី​យ៉ូ​ទូរទស្សន៍​មួយ​នៅលើ​ចាន​គ្រប​អាហារ​មួយ ។ បន្ទះ​សាច់​នេះ​ត្រូវបាន​បម្រើ​ជូន​អ្នកស្ម័គ្រចិត្ត​ពីរ​នាក់ គឺ​អ្នកនិពន្ធ​ខាង​ចំណីអាហារ​នៅ​អាមេរិក លោក ចូ​ស ស្កូ​ន​វ៉​ល និងអ្នកស្រាវ ជ្រាវ​ខាង​អាហារ​អូទ្រីស អ្នកស្រី ហាន​នី រូត​ស្លឺ ។​

​បន្ទាប់ពី​ភ្លក់​ពេញមាត់​រួច អ្នកស្រី  រូត​ស្លឺ បាន​និយាយថា "​ខ្ញុំ​រំពឹងថា​បឺ​ហ្គ័​រ​សាច់គោ​នេះ​រាង​ទន់​បន្តិច​... ខ្ញុំ​ដឹងថា​គ្មាន​ជាតិ​ខ្លាញ់​នៅក្នុង​សាច់​នោះទេ ដូច្នេះ​ខ្ញុំ​មិនដឹងថា​វា​មានឱជារស​យ៉ាងណា​នោះទេ ។ វា​ស្រដៀង​នឹង​សាច់គោ​ដែរ ។ តែ​វា​មិនមែនជា​រសជាតិ​បែប​នោះទេ ។ ភាព​ស្រដៀង​សាច់គោ​ពិតជា​ប្រសើរ​ណាស់ ប៉ុន្តែ​ខ្ញុំ​ដូចជា​ខ្វះ​រសជាតិ​អំបិល និង ម្រេច​បន្តិច​" ៕