សារអេឡិចត្រូនិច
អ្នក​ស្លាប់​ដោយ​សារ​ការ​ផ្ទុះ​ក្នុង​រោង​ចក្រ​គីមី​មួយ​នៅ​អ៊ុយ​ក្រែន​ឡើង​ដល់​៥នាក់


ផ្នែក​សភាព​ការណ៍​បន្ទាន់​អ៊ុយ​ក្រែន​និយាយ​កាល​ពី​ថ្ងៃទី​៦​ សីហា​ថា​ តុល្យការ​អ្នក​ស្លាប់​ដោយ​សារ​ការ​ផ្ទុះ​ក្នុង​រោង ចក្រ​គីមី​មួយ​នៅ​តំបន់​ DONETSK ភាគ​ខាង​កើត​អ៊ុយក្រែន​បាន​កើន​ដល់​៥​នាក់​ ក្រោយ​ពី​អ្នក​របួស​ធ្ងន់​២​នាក់​ទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ ។​

ការផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​១៤​និង​៣០​នាទី​ម៉ោង​ក្នុង​ស្រុក​ ក្នុង​រោង​ចក្រ​ STIROL ក្រុង​ហ្គ័រ​ឡូវកា​ ពេល​មាន​ការ​ជួស​ជុល​អាង​ដាក់​អាម៉ូនីញាក់​មួយ​ ។​ ការ​ផ្ទុះ​សម្លាប់​កម្មករ​៣​នាក់​នៅ​នឹង​កន្លែង​ ហើយ​មនុស្ស​១១​នាក់​ទៀត​ត្រូវ​របួស​ ។​

ពួក​អ្នក​របួស​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ហើយ​ក្រោយ​មក​អ្នក​របួស​ធ្ងន់​២​នាក់​ត្រូវ​ស្លាប់​ ។​ ការ​ស៊ើប​អង្កេត​ដំបូង​បង្ហាញថា​ ការ​ធ្លាយ​បំពង់​អាម៉ូនីញាក់​ជា​មូលហេតុ​នៃ​ការ​ផ្ទុះ​នោះ​ ។​ អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា​ ពុំ​មាន​ការ​គំរាម​កំហែង​ក្នុង​ពេល​ភ្លាមៗ​ដល់​សុខភាព​សាធារណៈ​ឡើយ​ ។​ រោង​ចក្រ​ STIROL ជា​រោង​ចក្រ​ផលិត​ជី​គីមី​ធំមួយ​នៅ​អ៊ុយក្រែន​ កាល​ពី​ថ្ងៃទី​២៦​ កក្កដា​ កន្លង​មក​ ក៏​ធ្លាប់​រង​ការ​ឆាប​ឆេះ​ដែរ​ តែ​ពុំ​បណ្ដាល​ឱ្យ​មាន​អ្នក​រង​គ្រោះ​ឡើយ​ ៕