សារអេឡិចត្រូនិច
រថយន្ត​ក្រុង​បុក​គ្នា​ស្លាប់​២រង​របួស​ច្រើន​នាក់​


កាល​ពី​ថ្ងៃ​ទី​១៣ សីហា​ ទីភ្នាក់ងារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​ ឧបទ្ទវ​ហេតុ​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​ក្រុង​របស់​ន័រ​វេស​បុក​ជា​មួយ​រថយន្ត​ក្រុង​ស៊ុយ​អែត​ នៅ​ភាគ​កណ្តាល​ប្រទេស​ន័រវេស​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​បាត់​បង់​ជីវិត​២​នាក់​ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស។​

លោក​ ជឺន​ឡាសសេ​ រេហ្វ​ស្នេស​ ប៉ូលិស​របស់​ន័រ​វេស​ឱ្យ​ដឹង​ថា​ ឧបទ្ទវ​ហេតុ​រថយន្ត​ក្រុង​របស់​ន័រ​វេស​បុក​ជាមួយ​រថយន្ត​ក្រុង​របស់​ស៊ុយ​អែត​ ដែល​មាន​ដឹក​អ្នក​ដំណើរ​ជា​ភ្ញៀវ​ទេសចរ​ជន​ជាតិ​តៃវ៉ាន់​ចំនួន​៣២​នាក់​បាន​កើត​ឡើង​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២​ សីហា​ ម៉ោង​នៅ​ក្នុងស្រុក​នៅ​ក្បែរ​ទីក្រុង​ស៊ុញ​ដាល​ ប្រទេស​ន័រវេស​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១៣០​គីឡូ​ម៉ែត្រ​ពី​ភាគ​ខាង​កើត​ឆៀង​ខាង​ជើង​ក្រុង​ប័រ​ហ្គេន ។​

ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង រួម​ទាំង​រថយន្ត​សង្គ្រោះ​បាន​អន្តរា​គមន៍​ ជួយ​អ្នក​រង​របួស​ចំនួន​៨​នាក់​ និង​២​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ក្នុង​នោះ​ម្នាក់​ជា​ជន​ជាតិ​ន័រវេស​ និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​តៃវ៉ាន់ ។​ មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការស្រាវ​ជ្រាវ​ ៕​