សារអេឡិចត្រូនិច
ពួក​បះ​បោរ​នីហ្សេរីយ៉ា​សម្លាប់​មនុស្ស​៥៦នាក់​នៅ​ភាគ​ឦសា​ន​ប្រទេស​


បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​នីហ្សេរីយ៉ា​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១២​ សីហា​ថា​ ពួក​បះ​បោរ​សង្ស័យ​ជាពួក​អ៊ិស្លាម​និយម​ជ្រុល​បាន​សម្លាប់​មនុស្ស​៥៦​នាក់​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ​នៅ​ភាគ​ឦសាន​នីហ្សេរីយ៉ា​ ដោយ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​៤៤​នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​លើ​ព្រះ​វិហារ​អ៊ិស្លាម​មួយ​​ ហើយ​១២​នាក់​ទៀត​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ប្រឆាំង​ភូមិ​មួយ។​

អ្នក​ទទួល​ខុស​ត្រូវ​រដ្ឋាភិបាល​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​គូស​បញ្ជាក់​ថា​ ពួក​ខ្មាន់​កាំ​ភ្លើង​សង្ស័យ​ជា​សមាជិក​របស់​ក្រុម​អ៊ិស្លាម​និយម​ប្រដាប់​អាវុធ​បូកូហារ៉ាម​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​មួយ​ រួច​ពួក​គេ​បាន​បាញ់​ប្រហារ​សម្លាប់​សាស និក​អ៊ិស្លាម​៤៤​នាក់​។ ការ​វាយ​ប្រហារ​នោះ​កើត​មាន​កាល​ពី​ថ្ងៃ​ទី​១១​ សីហា​ កន្លង​មក​នេះ​នៅ​ទីក្រុង​កូន​ឌូហ្គា ។​

អ្នក​ទទួល​ខុស​ត្រូវ​រូប​នេះ​បន្ត​ថា​ ការវាយ​ប្រហារ​នោះ​អាច​ជា​សកម្ម​ភាព​សងសឹក​មួយ​ចំពោះ​បណ្តា​ក្រុម​ជីវពល​ ដែល​ពល​រដ្ឋ​បង្កើត​ឡើង​ដើម្បី​ជួយ​កង​ទ័ព​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ពួក​អ៊ិស្លាម​និយម​នៃ​ក្រុម​បូកូហា​រ៉ាម​ ដែល​ងើប​បះ​បោរ​ចាប់​តាំងពី​ឆ្នាំ​២០០៩​ មក។ យើង​យល់​ថា​ ការ​វាយ​​ប្រហារ​នោះ​ពិត​ជា​មាន​ការទាក់​ទង​ជាមួយ​កិច្ច​សហ​ប្រតិបត្តិ​ការ​ដែល​ប្រជាជន​បាន​ជួយ​កង​កម្លាំង​សន្តិ​សុខ​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ​ ហើយ​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​បណ្តា​សមាជិក​ក្រុម​បូកូ​ហារ៉ាម​ដែល​បន្លំ​លាក់​ខ្លួន​ក្នុង​ចំណោម​ប្រជា​ជន។​

ប្រជាជន​រាយ​ការណ៍​ថា​ ពួក​អ្នក​វាយ​ប្រហារ​លើក​មក​ដល់​ដោយ​ស្លៀក​ពាក់​ឯក​សណ្ឋាន​កង​ទ័ព​ ជា​ល្បិច​កល​មួយ​ដែល​ពួក​បះ​បោរ​ក្រុម​បូកូ​ហារ៉ាម​ធ្លាប់​ប្រើ​ប្រាស់​រួច​ហើយ ។​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ កង​ទ័ពបាន​លើក​ទឹក​ចិត្ត​ឱ្យ​បង្កើត​ក្រុម​ជីវពល​របស់​ប្រជាជន​ ដែល​ជួយ​អាជ្ញាធរ​ក្នុងការ​កំណត់​មុខ​សញ្ញា​ ហើយ​ចាប់​ខ្លួន​បណ្តា​សមាជិក​ក្រុម​បូកូ​ហារ៉ាម​ ។ ក្រុម​ជីវពល​ទាំង​នោះ​បាន​រួម​ចំណែក​ក្នុងការ​កាត់​បន្ថយ​ចំនួន​នៃ​ការ​វាយ​ប្រហារ​របស់​ពួក​បះបោរ​ ក៏​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ព្រមាន​ថា​ សភាព​ការណ៍​បែប​នោះ​អាច​ឱ្យ​អាជ្ញាធរ​របូត​ការ​ត្រួត​ត្រា​ ហើយ​នាំ​ឱ្យ​កើត​អំពើ​ហិង្សា​កាន់​តែ​សាហាវ​ថែម​ទៀត​ផង ។​

ម្យ៉ាង​វិញ​ទៀត​ អ្នក​ទទួល​ខុស​ត្រូវ​មូលដ្ឋាន​ម្នាក់​គូស​បញ្ជាក់​ថា បណ្តា​មនុស្ស​ដែល​សង្ស័យ​ជា​សមាជិក​ក្រុម​បូកូ​ហារ៉ាម​បាន​វាយ​ប្រហារ​ភូមិ​ NGOM ស្រុក​មឺហ្វា​ ហើយ​សម្លាប់​មនុស្ស​១២​នាក់​កាល​ពី​យប់​ថ្ងៃ​ទី​១០​ សីហា ។​ អ្នក​ទទួល​ខុស​ត្រូវ​រូប​នោះ​និយាយ​ថា​ ពួក​បូកូ​ហារ៉ាម​បាន​លើក​មក​ដល់​ភូមិ​ NGOM ហើយ​បាញ់​សម្លាប់​មនុស្ស​១២​នាក់ ។​ ប្រជាជន​ទាំង​១២​នាក់​នោះ​ត្រូវ​សម្លាប់​ក្នុង​ផ្ទះ​របស់​ពួក​គេ​តែ​ម្តង​ ៕​