សារអេឡិចត្រូនិច
ឥណ្ឌា៖ ផែនការ​ជំនួយ​ស្បៀង​មាន​ទឹក​ប្រាក់​ដល់​១៨ពាន់​លាន​ដុល្លារ​


សភា​ជាតិ​ឥណ្ឌា​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២៦ សីហា​ នូវ​ផែនការ​ជំនួយ​ស្បៀង​មួយ​សម្រាប់​បណ្តា​ជន​ក្រីក្រ​បំផុត​ ដែល​ផែនការ​នោះ​មាន​ទឹក​ប្រាក់​ដល់​ទៅ​១៨​ពាន់​លាន​ដុល្លារ​ផ្តោត​លើ​ការ​តស៊ូ​ប្រឆាំង​ការ​ខ្វះ​ខាត​ស្បៀង ។​ ផែនការ​នោះ​គ្រោង​ផ្តល់​គ្រាប់​ធញ្ញជាតិ​ក្នុង​តម្លៃ​ថោក​ដល់​មនុស្ស​៨០០​លាន​នាក់​ដែល​ត្រូវ​ជា​ជិត​៧០%​ នៃ​ប្រជាជន​ឥណ្ឌា​ទាំង​មូល​ត្រូវ​បាន​សភា​អនុម័ត​ក្រោយ​ការ​ជជែក​ដេញ​ដោល​គ្នា​រយៈ​ពេល​៩​ម៉ោង​មក ។​

គណបក្ស​កុង​ក្រេស​កំពុង​កាន់​អំណាច​សង្ឃឹម​ថា​ ផែនការ​នេះ​អាច​ឱ្យ​គណបក្ស​នោះ​ស្តារ​សំឡេង​ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ​នា​ឆ្នាំ​ខាង​មុខ​នេះ​ ក្រោយ​ការ​ធ្លាក់​ចុះ​ប្រជា​ប្រិយ​ភាព​ ពិសេស​មក​ពី​រឿង​អាស្រូវ​ពុក​រលួយ​ជាច្រើន​ទាក់ទង​នឹង​បណ្តា​រដ្ឋ​មន្ត្រី ។​ ទោះបីជា​ប្រទេស​ឥណ្ឌា​រយៈ​ពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​មាន​កំណើន​សេដ្ឋ​កិច្ច​​ខ្ពស់​ក្តី​ ក៏ប៉ុន្តែ​ប្រជាជន​ឥណ្ឌា​នៅតែ​ជួប​ប្រទះ​ការ​អត់​ឃ្លាន​ជា​មួយ​កុមារ​ជាង​៤០%​ រងគ្រោះ​ដោយ​សារ​ការ​ខ្វះ​ខាត​អាហារ ។​ នេះ​បើ​យោង​ទៅ​តាម​ការ​សិក្សា​មួយ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១២​ ។ ផែនការ​នោះ​នឹង​ជា​ការ​បញ្ជូនសារ​ច្បាស់​លាស់​ ​និង ជាក់​ស្តែង​ប្រាប់​បណ្តា​ប្រទេស​ និង​ពិភព​លោក​ថា ឥណ្ឌា​ចាប់​ប្រកាន់​យក​ការ​ទទួល​ខុស​ត្រូវ​ និង​ធានាសន្តិ​សុខ​ស្បៀង​ដល់​ពលរដ្ឋ​គ្រប់​រូប​របស់​ខ្លួន ។​ នេះ​ជា​ប្រសាសន៍​នៅ​មុខ​សភា​របស់​លោក​ស្រី​ សូនីញ៉ា​ គន្ធី​ ប្រមុខ​គណ​បក្ស​កុង​ក្រេស ​ឥណ្ឌា ។​

ប្រទេស​ឥណ្ឌា​មាន​រួច​ហើយ​នូវ​ប្រព័ន្ធ​ចែក​ចាយ​ជំនួយ​ស្បៀង​សម្រាប់​មនុស្ស​ជាច្រើន​រយ​លាន​នាក់​ ក៏​ប៉ុន្តែ​ផែន​ការ​នេះ​ដោយបន្ថែម​ប្រាក់​៣,៦​ពាន់​លាន​ដុល្លារ​ទៀត​ដល់​កម្មវិធី​ជំនួយ​ដែល​មានស្រាប់​ អាច​ឱ្យ​គេ​ផ្គត់​ផ្គង់​គ្រាប់​ធញ្ញ​ជាតិ​ក្នុងតម្លៃទាប​បំផុត​សម្រាប់​បណ្តា​អ្នក​ក្រី​ក្រ​តោក​យ៉ាក ។​ ពួក​ប្រឆាំង​ឥណ្ឌា​បាន​បរិហារ​ផែនការ​ផ្តល់​ជំនួយ​ស្បៀង​នេះ​ថា​ ជា​ឧបាយ​កល​មួយ​សំដៅ​ប្រមូល​សំឡេង​ហើយ​ព្យាករណ៍​ថា​ បណ្តា​អ្នក​ទទួល​ជំនួយ​នឹង​បាត់​បង់​ជំនឿ​ចំពោះ​បណ្តាញ​ចែក​ចាយ​ជំនួយ​ស្បៀង​ដោយសារ​ការ​ពុក​រលួយ៕​