សារអេឡិចត្រូនិច
គយមាន៦០ថ្ងៃដើម្បី "កែខ្លួន" ក្នុងរឿងពុករលួយ


ភ្នំពេញ: មន្ត្រី​បាន​អះអាងថា ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៥​តុលា​ឆ្នាំ​២០១៣ សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​។​សម្តេច​បាន​មានប្រសាសន៍ថា​លោក​បានដឹង​ទាំងអស់​នូវ​អំពើពុករលួយ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​មាន​ឯកសារ នៅក្នុង​ដៃ​ទាំងអស់​ផងដែរ​។

​សម្តេច​បាន​បញ្ជាក់ថា ក្រុមហ៊ុន​១០ ដែល​ត្រូវរ៉ូវ​ជាមួយ​គយ​គឺ​បាន​នាំចូល​ទំនិញ​មក​ដោយ​ស្រួល ឯ​ក្រុមហ៊ុន​៤០​ទៀត ខ្លះ​មិនត្រូវ​ជាមួយ​គយ​គឺ​នាំ​ចូលមក​លំបាក​ណាស់​។ ​ទីបំផុត​ក្រុមហ៊ុន​ទាំង​៤០​នោះ​ក៏រ​ត់ទៅ​ជ្រក​ក្នុង​ក្រុមហ៊ុន​១០​ឲ្យ​ជួយ​នាំចូល​។ ​បន្ថែម​លើ​នេះ​សម្តេច​ក៏បាន​ព្រមាន​ដែរ​ថា សម្តេច​បាន​ដើរចូល​ទៅក្នុង​គយ​ហើយ​...​គយ​ស៊ី​ល្មម​ឆ្អែត​ហើយ​..​ត្រូវ​ចេះ​ស្រឡាញ់​ជាតិ​ផង​!!​។ ជា​បញ្ចប់​សម្តេច​តេ​ជោ​បាន​ទុកពេល​ឲ្យ​ចំនួន​៦០​ថ្ងៃ​ឬ​២​ខែ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​អគ្គនាយកដ្ឋាន​គយ​ត្រូវ​លុបបំបាត់ចោល​នូវ​អំពើពុករលួយ ពោលគឺ​ទុកពេល​ឲ្យ​៦០​ថ្ងៃ​ដើម្បី​" កែខ្លួន​"​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​កៀរគរ​ចំណូល​គយ​ពង្រឹង​កា​រប​ង្រា្ក​ប អំពើ​រត់ពន្ធ​ និង​ពង្រឹង​អភិបាលកិច្ច​អង្គភាព​គយ​ឡើងវិញ​។​
​    ​
​តើ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​អគ្គនាយកដ្ឋាន​គយ​នឹងធ្វើ​អ្វីខ្លះ​នៅក្នុង​រយៈពេល​៦០​ថ្ងៃ ដែល​សម្តេច​តេ​ជោ​ហ៊ុនសែន​បានកំណត់​ទុក​ឲ្យ​កែខ្លួន​នេះ​?

​តាម​ប្រភព​ស្និទ្ធ​មួយ​បាន​ឲ្យ​ដឹងថា អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ បន្ទាប់ពី​មាន​កិច្ចប្រជុំ​ប្រចាំ​ខែម​កបាន​បើក​កិច្ចប្រជុំ​ដោយឡែក​មួយ​ហៅ​មេៗ​គយ​ទូទាំងប្រទេស​មក​ចូលរួម​ដើម្បី​ស្តាប់​ការរិះគន់​និង​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ខាងលើ​នេះហើយ​ដើម្បី​យកទៅ​អនុវត្តតាម​។​
​    ​
​បណ្ឌិត​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​១​វិច្ឆិកា​ឆ្នាំ​២០១៣ ក៏បាន​កសាង "​ផែនការ​សកម្មភាព​" ចំនួន​១០​ចំណុច​ដាក់​ស្នើ​ទៅ​សម្តេច​តេ​ជោ​វិញ​ដើម្បី​យកមកអនុវត្ត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ កៀរ គរ​ចំណូល​គយ ពង្រឹង​កា​រប​ង្រា្ក​ប​អំពើ​រត់ពន្ធ​និង​ពង្រឹង​អភិបាលកិច្ច​អង្គភាព​គយ​ឡើងវិញ​។​
" ផែនការ​សកម្មភាព​" ចំនួន​១០​ចំណុច​ដែល​នឹងត្រូវ​យកទៅអនុវត្ត​នោះ​មាន​៖
​ទីមួយៈ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​នីតិវិធី​គយ គឺ​ពង្រឹង​ការត្រួតពិនិត្យ​ទំនិញ ការបង់ពន្ធ ការដឹកជញ្ជូន​និង​ការលុបបំបាត់​ចំណាយ​ក្រៅផ្លូវការ​។​ទី​ពី​រៈ​កែសម្រួល​ធនធានមនុស្ស​គឺ​នឹង​ពិនិត្យ​កែសម្រួល​ជាបន្ទាន់​ជាពិសេស​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​អំពើ​រត់គេច​ពន្ធ​នៅ​ដើមទី កណ្តាល​ទី និង​ចុង​ទី បន្ទាប់ពី​រដ្ឋាភិបាល​បាន សម្រេច​ផ្លាស់ប្តូរ​អតីត​ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​ចេញ​រួចមក​។ ទី​បីៈ​ចេញ​បទ​ប្បញ្ញត្តិ​បន្ថែមៈ គឺ​ដើម្បី​រំលឹក​និង​ជំរុញ​អនុវត្ត​ក្រមសីលធម៌​គយ ជាពិសេស​ពាក់ព័ន្ធ​នឹង​វិសមភាព​ការងារ​គយ ការមិនធ្វើ​ខ្នងបង្អែក​ឲ្យ​ជនល្មើស​និង​ការបំពេញភារកិច្ច​ដោយ​សមធម៌​ចំពោះ​គ្រប់​ធុរជន​ដោយ​យក​ច្បាប់​ជា​ស្នូល​,​មិន​រើសអើង​បក្ខពួក​សាច់ញាតិ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការផ្តល់​ប្រព្រឹត្តិកម្ម​ត្រួតពិនិត្យ​តាម​នីតិវិធី​គយ​។​ទី​បួនៈ​ពង្រឹង​ការទទួលខុសត្រូវ ការលើកទឹកចិត្ត និង​ការដាក់ទណ្ឌកម្ម​មន្ត្រី​គយ​ដោយ​កិច្ចការ​នេះ​ត្រូវធ្វើ​ជាប្រចាំ​។ ទី​ប្រាំៈ​កំណត់​មាត់ច្រក​សម្រាប់​ទំ​និ​ញ​ប្រទេស​ទី​៣​ដែល​ដឹក​ឆ្លងកាត់​ប្រទេសជិតខាង​ចូល​តាម​ផ្លូវគោក​អនុញ្ញាត​តែ​ទីតាំង​ណា​អាច​គ្រប់គ្រង​បាន មាន​ម៉ាស៊ីន​ស្កែ​ន​ឬ​មាន​ទីលាន​ត្រួតពិនិត្យ​។​ទី​ប្រាំមួយៈ​កំណត់​មុខសញ្ញា​ហានិភ័យ​ពាក់​ព័​ន្ធៈ រួមមាន​ម្ចាស់​ទំនិញ ជើង​សាគយ ក្រុមហ៊ុន​ដឹកជញ្ជូន ប្រភព​និង​ទំនិញ​មាន​ហានិភ័យ​ខ្ពស់​តាម​មាត់ច្រក​នាំចូល​នីមួយៗ​ដែលជា​កម្មវត្ថុ​នៃ​ការបង្ការ​និង​បង្ក្រាប​នៅ​ដើមទី កណ្តាល​ទី​និង​ចុង​ទី​។ ទី​ប្រាំពី​រៈ​ពង្រឹង​កិច្ចសហការ​គយ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់​ព័​ន្ធៈ​ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​។​ទី​ប្រាំបីៈ​ពង្រឹង​កិច្ចសហការ​ជាមួយ​សម​ភាគី​គយ​ប្រទេស​ជា​មិត្តៈ​អនុវត្ត​អនុស្សរណៈ​ដែលមាន​ជា​ធរមាន ជាពិសេស​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​ពត៌មាន​គ្នា​លើ​ទំនិញ​ឆ្លងកាត់​។​ទី​ប្រាំបួនៈ​ការចុះ​មូលដ្ឋាន​របស់​ថ្នាក់ដឹកនាំ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ គឺត្រូវធ្វើ​ជាប្រចាំ​ជាពិសេស​មូលដ្ឋាន​ដែលមាន​ភាព​អសកម្ម​កើតឡើង​។ ទី​ដប់ៈ​ជំរុញ​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុងការ​បង្ក្រាប​អំពើរ​ត់ព​ន្ធៈ​រួមមាន​ការរៀបចំ​វេទិកា​ប្រជុំ យន្តការ​ភាពជា​ដៃគូ​គយ​និង​ផ្នែក​ឯកជន​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​កង្វល់​នានា របស់​ធុរជន​ពាក់ព័ន្ធ​នឹង​ការងារ​គយ​និង​ចាត់ចែង​បង្កើត​ប្រអប់​តវ៉ា​គយ​តាម​ទីតាំង​សមស្រប​មួយចំនួន បង្ក​ភាពងាយស្រួល​ដល់​ធុរជន​ក្នុង​ការតវ៉ា​។​

​​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា "​ផែនការ​សកម្មភាព​" ទាំង​១០​ចំណុច​ខាងលើនេះ​ទទួលបាន​គាំទ្រ​និង​យល់ស្រប​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន រួចហើយ​កាលពី​ដើមខែ​នេះ ហើយ​ក្រសួង​ និង​អគ្គនាយក ដ្ឋាន​គយ​នឹង​រៀបចំ​ផែនការ​ប្រតិបត្តិ​តាម​ចំណុច​នីមួយៗ រួច​នឹងមាន​ធ្វើ​របាយការណ៍​ជូន​សម្តេច​ជា​ន្ត​បន្ទាប់​ និង​ទៀងទាត់​។ ដូច្នេះ​ក្នុង​រយៈពេល​៦០​ថ្ងៃនេះ​ក្រសួង​និង​អគ្គនាយកដ្ឋាន​គយ​នឹង "​តម្រឹម​" អំពើពុករលួយ របស់​គយ​     (​ដែល​កន្លងមក​ជិះសេះ​លែងដៃ​)​ឲ្យ​ខាងតែបានដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​កៀរគរ​ចំណូល​គយ ពង្រឹង​កា​រប​ង្រា្ក​ប ​អំពើ​រត់ពន្ធ និង​ពង្រឹង​អភិបាលកិច្ច​អង្គភាព​គយ​ឡើងវិញ​៕