សារអេឡិចត្រូនិច
នរោត្តម អរុណរស្មី ទៅជប៉ុន ពង្រឹង ​​ចំណង ​មេត្រី​ភាព រវាង​ព្រះរាជ ​វង្សានុវង្ស ​​កម្ពុជា-ជប៉ុន


ភ្នំពេញ៖ ដើម្បី​រឹតចំណង​មេត្រីភាពជា​ប្រពៃណីរវាង​ព្រះ​ជាណា​ចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ជប៉ុនសម្តេច​រាជ   បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធាន​គណបក្សហ្វ៊ុនស៊ិន ប៉ិច និង​លោក កែវ ពុទ្ធរស្មី កាលពី​រាត្រី​ថ្ងៃទី​១០ ខែ កុម្ភៈ កន្លងទៅនេះ បាន​យាង និង​អញ្ជើញ ទៅ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍ នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត កម្ពុជា​-​ជប៉ុន និង​បន្ត​ពង្រីកពង្រឹង​ចំណង​មេត្រីភាព រវាង​ព្រះរាជ វង្សានុវង្ស កម្ពុជា​-​ជប៉ុន ឲ្យ​កាន់តែ​ប្រសើរ​ជានិច្ច​និរន្តរ៍​។​ ​ដង្ហែ និង​ជូន​ដំណើរ​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ គេ​ឃើញ​មាន​លោក ញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​សមាជិក សមាជិកា គណ បក្ស​ហ្វ៊ុនស៊ិនប៉ិច ជាច្រើនរូប​ទៀត​។​

​មុនពេល​យាង​ចេញដំណើរ សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បាន​មាន​សវនីយ៍​ថា ក្នុងនាម​ព្រះអង្គ ជា​ព្រះអនុជ នៃ​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជា ណាចក្រ​កម្ពុជា សម្តេច យាង​ទៅ​ប្រទេស​ជប៉ុន​នេះ តប​តាម​ការអញ្ជើញ របស់​ក្រសួង ការបរទេស នៃ​ព្រះរាជាណាចក្រ​ជប៉ុន ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ចូលរួម​ក្នុង ឱកាស​ខួប​អនុស្សាវរីយ៍លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត កម្ពុជា​-​ជប៉ុន  និង​បន្ត​ពង្រឹងពង្រីក​ចំណង​មេត្រីភាពដែល មាន​ស្រាប់រវាង​ព្រះរាជវង្សានុវង្សនៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន​។​

​សម្តេច មាន​សវនីយ៍​ទៀតថា ក្នុង​ដំណើរ​យាង​បំពេញ​ទស្សនកិច្ច​នេះ នឹងមាន​ព្រះ​សវនាការ​ជាមួយ​សមាជិក​រាជវង្សា នុវង្ស ព្រះរាជាណាចក្រ​ជប៉ុន ជំនួប​ជាមួយ​រដ្ឋមន្ត្រី ការបរទេស  ជំនួប​ជាមួយ​មន្ត្រី​ការបរទេស​ទទួលបន្ទុក​កិច្ចការ​អាស៊ី និង​ទស្សនកិច្ច នៅ​ទីក្រុង​តូ​ត្យូ និង​ខេត្ត​គី​យ៉ូ​ដូ។​ ​សូមជម្រាបថា សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង​ស្វាមី ទៅ​បំពេញ​ទស្សនកិច្ចរយៈពេល​មួយ​សប្តាហ៍ គឺ​ចាប់ពី​រាត្រី​ថ្ងៃទី​១០ ខែកុម្ភៈ​នេះ​តទៅ ហើយ​គ្រោង​នឹង​យាង​និវត្តន៍​មក​មាតុប្រទេស​វិញ នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ខាងមុខនេះ​៕