សារអេឡិចត្រូនិច
រមណីយដ្ឋាន កោះសង្សារ ឋានសួគ៌ទេសចរ ដ៏រ៉ូមែនទិច


ស្ថិតនៅ​ប៉ែកនិរតីនៃ​ប្រទេស​កម្ពុជា​ចម្ងាយប្រមាណ​ជា ២៣២ គ.ម កាត់តាម​ខេត្តកំពង់ស្ពឺ អ្នកដំណើរ​នឹង ទៅដល់ទី រួមខេត្តព្រះសីហនុ​ដែលជាមណ្ឌល​សដ្ឋកិច្ច និងជា​ប្រភព​ទេសចរ ដ៏ល្អឯក​របស់កម្ពុជា។​ ក្រុងព្រះសីហនុ ឬហៅ​ម្យ៉ាង​ទៀតថា​កំពង់សោម មាន​តំបន់​ទេសចរណ៍​​ល្អប្លែកៗ ដែល​គួឲ្យទាក់​ទាញជា​ច្រើន ក្នុងនោះ​មាន កោះសង្សារ​​គឺឋានសួគ៌​រ៉ូមែន​ទិចយើង​មិនអាច​រំលងបាន ។ 

ស្ថិត​នៅប្រជុំ​កោះរ៉ុង ភាគ​និរតីនៃ​តំបន់ឆ្នេរ​សមុទ្រកម្ពុជា ទេសភាព​ខ្សាច់​សក្បុស​ហ៊ុមព័ទ្ធ​ផ្ទះឈើ​ប្រក់ស្បូវប្រណីត បាន​ក្លាយ​ជាឋានសួគ៌​ពិតរបស់​​ភ្ញៀវទេសចរ​នោះគឺជារមណីយដ្ឋាន កោះសង្សារ ដែលផ្សារ​ភ្ជាប់នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។ កោះសង្សារ​ដែលស្ថិត​នៅបណ្ដុំកោះរ៉ុង មាន​រមណីយដ្ឋាន​ដែល មាន​វីឡា​ឈើប្រណីត ២៧​ខ្នងស្វាគមន៍​ភ្ញៀវមកកំសាន្ត។ ខុសពី​ឆ្នេរសមុទ្រ​ដែល មានមនុស្ស​​ម្នាកក​កុញ នៅទីនេះ ហ្វូង​មច្ឆជាតិ​ហែល​ឆ្វែលឆ្វាត់ លោត​ផុតពី​ទឹកសមុទ្រ​ពណ៌ខៀវ​ថ្លាឆ្វង់ ខណៈ​បក្សា​បក្សី​សំចត​កាយ​នៅលើ​មែក​ដើម​កោង​កាង​យ៉ាង​ក្លាហាន។

ទិដ្ឋភាព​ទាំងនោះ​គឺជាលទ្ធផល​នៃគម្រោង​អភិរក្ស​របស់កោះ​សង្សារ ដែលធ្វើឲ្យរមណីយដ្ឋាន នេះមានស្ដង់ ដារខុស ពីកន្លែង​កម្សាន្ត​ទូទៅ។

ស្ថិត​នៅចម្ងាយ​២៩គីឡូម៉ែត្រ​ពីកំពង់ផែ​ខេត្តព្រះសីហនុ រមណីយដ្ឋាន​​កោះ​ទាំង២​នេះ​មាន​បុគ្គលិក​ផ្ទះ​បាយ អ្នកច្នៃម៉ូដ អគារ និង​មគ្គុទ្ទេសក៍​សុទ្ធ​តែ​លំដាប់​ផ្កាយ។ ភ្ញៀវ​ដែល​ប្រាថ្នា​មក​កម្សាន្ត​នៅទីនេះ​អាចធ្វើ​ដំណើរ​តាមទូក ឬ ក៏ឧទ្ធម្ភាគ ចក្រក៏បាន។