សារអេឡិចត្រូនិច
តិចនិចសាកទូរស័ព្ទ កុំឲ្យខូចថ្ម!


ថ្វី​ត្បិត ការ​ប្រើប្រាស់​ទូរស័ព្ទ មាន​លក្ខ​ណៈងាយ​ដូច​បក​ចេក​ពិតមែន  ក៏​ប៉ុន្តែ​ការ​ថែរក្សា​វា​ឲ្យ​នៅ​គង់វង្ស​យូរអង្វែង​បែរជា​មិន​ស្រួល​ដូច​ការ​គិត​ឡើយ​។ ដោយសារ​រាល់ពេល​ប្រើប្រាស់​វា​មិន​មាន​បញ្ហា​ខូច​ជា​ញឹកញាប់​ជា​ពិសេស គឺ​ថ្ម​ទូរស័ព្ទ​តែ​ម្តង​។ ហេតុនេះ​ហើយ​ទស្សនាវដ្តី ទូរស័ព្ទ សូម​លើកយក​វិធី​ថែទាំ និង​សាក​ថ្ម​ទូរស័ព្ទ​ឲ្យ​បាន​ត្រឹមត្រូវ​មក​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម

១. មុន​ដំបូង​នៅ​ពេល​ទើបតែ​ទិញ​ទូរស័ព្ទ​មក​លោក​អ្នក​មិន​ចាំបាច់​សាក​ថ្ម ទាំង​យប់​ទាំង​ថ្ងៃ រហូត​ដល់​គ្រប់ ២៤​ម៉ោង នោះ​ទេ​។ គ្រាន់តែ​សាក​ថ្ម​ឲ្យ​ពេញ គឺ​គ្រប់គ្រាន់​ហើយ ព្រោះ​បើ​សាក​ថ្ម​ចោល​យូរ​ពេក វា​អាច​ធ្វើ​ឲ្យ​ថ្ម​ឆាប់​ខូច​បាន​។

២. បន្ទាប់​មក​រាល់ពេល​សាក​ថ្ម លោក​អ្នក​ត្រូវ​ពិនិត្យ​មើល​ថ្ម​ទូរស័ព្ទ​ជា​មុន​សិន ថា​តើ​វា​នៅ​ច្រើន ឬ​ក៏​តិច ហើយ​ប្រសិនបើ​ថ្ម​នៅ​សល់​ច្រើន​គួរសម​លោក​អ្នក​មិន​គួរ​សាក​បន្ថែម​ឡើយ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ថ្ម​ឆាប់​ខូច​បាន​។ ហេតុនេះ​គួរ​ទុក​ឲ្យ​ទូរស័ព្ទ​អស់​ថ្ម​សិន​ចាំ​សាក​ទើប​ជា​ការ​ល្អ​។

៣. បន្ទាប់​មក​ទៀត នៅ​ពេល​សាក​ថ្ម លោក​អ្នក​គួរ​ដោត​ដុំ​សាក​ជា​មុន​សិន រួច​ចាំ​ដោត​ចូល​ទូរស័ព្ទ​ជា​ក្រោយ ព្រោះ​បើ​ដោត​ចូល​ទូរស័ព្ទ​មុន ហើយ​ទើប​ដោត​ប្រដាប់​សាក​ថ្ម​តាម​ក្រោយ​នោះ វា​អាច​ឲ្យ​ចរន្ត​អគ្គី​ស​នី​បុក​ខ្លាំង និង​បណ្តាល​ឲ្យ​ថ្ម​ឆាប់​ខូច​បាន​៕

៤. ក្នុង​ករណី​មួយទៀត លោក​អ្នក​គួរ​សាក​ថ្ម​ជាមួយ​កុំព្យូទ័រ ឬ​កុំព្យូទ័រ​យួរដៃ​វិញ ក៏​ជា​ការ​ល្អ​ដែរ​។ ដោយសារ​ចរន្ត​ភ្លើង​របស់​វា​មាន​តុល្យភាព​ជាង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថ្ម​ទូរស័ព្ទ​មិន​ងាយ​ខូច​៕

៥. ជាង​នេះ​ទៅ​ទៀត រាល់ពេល​សាក​ថ្ម លោក​អ្នក​មិន​គួរ​ដាក់​វា​នៅ​ក្បែរ​លោ​ហះ​ធាតុ ឬ​ឧបករណ៍​អគ្គី​ស​នី​ផ្សេង​ៗ ដូច​ជា​: ទូទឹកកក និង​ទូរទស្សន៍​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ចរន្ត​ប៉ះទង្គិច​រួច​ធ្វើ​ឲ្យ​ទូរស័ព្ទ​ផ្ទុះ​បាន ម្លោះ​ហើយ​លោក​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​បន្តិច​៕

៦. ម្យ៉ាងទៀត​ពេល​ចេញ​ទៅ​ខាងក្រៅ ប្រសិនបើ​ភ្លេច​យក​ប្រដាប់​សាក​ថ្ម​ទៅ​ជាមួយ​ហើយ​ចាំបាច់​ត្រូវ​ខ្ចី​ឆ្នាំង​សាក​របស់​អ្នក​ផ្សេង​មក​ប្រើប្រាស់​នោះ លោក​អ្នក​គួរ​ពិនិត្យ​វា​ឲ្យ​ច្បាស់​សិន ថា​ប្រដាប់​សាក​ថ្ម​នោះ ជា​ម៉ូ​ដែល​តែ​មួយ ដូចនឹង​ទូរស័ព្ទ​របស់​លោក​អ្នក ឬ​អត់0x017d7 រួច​មើល​បន្ថែម​ទៀត​ថា វា​អាច​ប្រើប្រាស់​ជំនួស​ឲ្យ​ប្រដាប់​សាក​ថ្ម​របស់​លោក​អ្នក​បាន ឬ​ក៏​អត់​ជា​មុន​សិន​។ ដោយសារ​ពេល​ខ្លះ វា​អាច​ដោត​ចូល​បាន​តែ​អាច​ផ្តល់​ផល​អាក្រក់​នៅ​ពេល​ក្រោយ និង​ធ្វើ​ឲ្យ​ថ្ម​ទូរស័ព្ទ​ឆាប់​ខូច​បាន​៕

៧. ចុង​ក្រោយ​នៅ​ពេល​សាក​ថ្ម​ទូរស័ព្ទ​ពេញ​ហើយ លោក​អ្នក​ដក​ខ្សែ​ចេញពី​ទូរស័ព្ទ​សិន ហើយ​ចាំ​ដក​ឌុ​យ​ជា​ក្រោយ​ទើប​ជា​ការ​ល្អ ព្រោះ​ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​លោក​អ្នកមាន​សុវត្ថិភាព​ប្រាសចាក​ការ​ឆាប់​ខូច​ថ្ម​៕