សារអេឡិចត្រូនិច
ស្វាយកែវ​រមៀត​កម្ពុជា​ឆ្នាំ​នេះ​មាន​ហាងឆេង​នៅ​ទីផ្សារ​ក្រៅប្រទេស


រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កសិផល​កម្ពុជា​ពីរ​ប្រភេទ គឺ​ម្រេច​កំពត និង​ស្ករត្នោត​កំពង់ស្ពឺ ត្រូវ​បាន​ទទួលស្គាល់​លើ​គុណភាព និង​លក់​បាន​ថ្លៃ​នៅ​លើ​ទីផ្សារ​ក្រៅប្រទេស ។ ចំណែក​ឆ្នាំ​នេះ ស្វាយកែវ​រមៀត​កំពង់ស្ពឺ ក៏​កំពុង​មាន​ហាងឆេង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ ។

លោក អ៊ិ​ន ឆៃ​វ៉ា​ន ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ បាន​មាន​ប្រសាសន៍​ថា ៖ « គិត​ចាប់ពី​ចុងឆ្នាំ​២០១៥ រហូត​មក​ដល់​ពេល​នេះ យើង​បាន​នាំ​ចេញ​ស្វាយកែវ​រមៀត​ប្រមាណ​ជា​១៥.០០០​តោន​ទៅ​ក្រៅប្រទេស ដែល​តម្លៃ​របស់​វា​នៅ​ឆ្នាំ​នេះ​គ្រាន់បើ​ជាង​ឆ្នាំ​កន្លង​មក ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​មាន​ទឹកមាត់​លេប​ជាង​ឆ្នាំ​មុន​ៗ ។ ពេល​នេះ ស្វាយ​កំពង់ស្ពឺ​បាន​បង្កើន​ការ​នាំ​ចេញ​ជា​បន្ដបន្ទាប់ ។ បើ​គិត​ពី​ខែកញ្ញា ឆ្នាំ​២០១៥ រហូត​ដល់​ខែឧសភា​ឆ្នាំ​នេះ យើង​បាន​នាំ​ចេញ​ស្វាយ​ចំនួន​៣០​ម៉ឺន​តោន​ហើយ ទាំង​ស្វាយ​ខុសរដូវ និង​ស្វាយ​ត្រូវ​រដូវ » ។

លោក​បន្ដ​ថា ៖ « ទីផ្សារ​នាំ​ចេញ​ស្វាយកែវ​រមៀត​របស់​កម្ពុជា មាន​ដូច​ជា ប្រទេស​ថៃ ចិន និង​វៀតណាម ជាដើម ។ បើ​តាម​បទ​ពិសោធន៍​របស់ខ្ញុំ នៅ​ឆ្នាំ​នេះ​ស្វាយ​ខុសរដូវ​ចាប់ពី​ខែកញ្ញា ដល់​ខែឧសភា ទីផ្សារ​ចិន និង​វៀតណាម​នឹង​មាន​សន្ទុះ​ហក់​ឡើង​ជាង​ទីផ្សារ​ថៃ ដោយសារ​តែ​ចិន និង​វៀតណាម ទទួលស្គាល់​ពី​គុណភាព​របស់​អ្នកបញ្ជា​ទិញ​កាន់តែ​ខ្លាំង ព្រោះ​គេ​ស្គាល់​ច្បាស់​ពី​ស្វាយ​របស់​ខ្មែរ » ។

សព្វ​ថ្ងៃនេះ ស្វាយកែវ​រមៀត​ខុសរដូវ​មាន​តម្លៃ​មិន​ក្រោម​ពី​១.៥០០​រៀល ទៅ​១.៦០០​រៀល​ទេ​ក្នុង​១​គីឡូក្រាម ខុស​ពី​ឆ្នាំ​មុន​ដែល​មាន​តម្លៃ​ត្រឹមតែ​៥០០​រៀល ទៅ​៦០០​រៀល​តែ​ប៉ុណ្ណោះ ។ ចំណែក​ស្វាយ​ក្នុង​រដូវ មាន​តម្លៃ​ចន្លោះ​ពី​២.០០០​រៀល ដល់​៤.០០០​រៀល​ក្នុង​១​គីឡូក្រាម តែ​ឆ្នាំ​មុន​ឲ្យ​តែ​ដល់​ខែ​នេះ​(​ឧសភា​) គឺ​តម្លៃ​ធ្លាក់​ចុះ ។ ស្វាយ​រដូវ គឺ​រាប់​ពី​ខែមីនា រហូត​ដល់​ខែឧសភា ហើយ​ស្វាយ​ខុសរដូវ គឺ​ចាប់ពី​ខែកញ្ញា រហូត​ដល់​ខែមីនា ។ នៅ​ពេល​ខាង​មុខ តម្លៃ​ស្វាយ​ខុសរដូវ​អាច​នឹង​រក្សា​បាន​តម្លៃ​ថេរ ពីព្រោះ​តម្រូវការ​នៅ​លើ​ទីផ្សារ​កំពុង​មានការ​កុម្ម​ង់​ទិញ​ច្រើន ។ សព្វ​ថ្ងៃនេះ យើង​គ្មាន​ស្វាយ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ចូល​ក្នុង​ទីផ្សារ​ទេ គឺ​បូក​រួម​ទាំង​ស្វា​យមក​ពី​បណ្តា​ខេត្ត​ដទៃ​ទៀត​ជាមួយ​ស្វាយ​ខេត្តកំពង់ស្ពឺ ។

ជាក់ស្តែង បើ​តាម​ព័ត៌មាន​ពី​អ្នកបញ្ជា​ទិញ​នៅ​ប្រទេស​ចិន គេ​ប្រាប់​ថា ស្វាយកែវ​រមៀត​ដែល​បាន​នាំ​ចេញ​ទៅ​នោះ គឺ​ហូប​មិន​បាន​៤​ខេត្ត​របស់​គេ​ផង ខណៈ​ប្រទេស​ចិន​មាន​រហូត​ដល់​ទៅ​២០​ខេត្ត ។ ប្រសិនបើ​ចិន​ទទួលយក​ទៅ​ផ្គត់ផ្គង់​លើ​ទីផ្សារ ហើយ​ខាង​សហគមន៍​បើក​ទទួលយក​បន្ថែម​ទៀត តើ​យើង​ត្រូវ​ត្រៀម​បរិមាណ​ផ្ទៃដី​ប៉ុន្មាន​ដើម្បី​ដាំ​សម្រាប់​ផ្គត់ផ្គង់ ។ ដូចនេះ ស្វាយ​កំពង់ស្ពឺ​នឹង​មាន​តម្រូវការ​ធំ ខណៈ​ការ​នាំ​ចេញ​ជា​មធ្យម​បាន​៥០​តោន ទៅ​៧០​តោន ឬ​១០០​តោន​ក្នុង​១​ថ្ងៃ ។

លោក អ៊ិន ឆៃ​វ៉ា​ន បន្ត​ទៀត​ថា ៖ « ទន្ទឹម​នឹង​ស្វាយកែវរ​មៀតកំពុង​តែ​មានការ​គាំទ្រ​នៅ​លើ​ទីផ្សារ​បរទេស ខាង​សមាគម​ក៏​បាន​ជំរុញ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជា​កសិករ​ដាំ​ស្វាយ ដើម្បី​ទទួលយក​អ្វី​ដែល​ជា​បច្ចេកទេស​ផលិត​ឲ្យ​ស្រប​នឹង​គុណភាព​ស្តង់ដា​ផង​ដែ​ឬ ។ ម្យ៉ាងទៀត យើង​កំពុង​តែ​ដោះស្រាយ​ឲ្យ​កសិករ​បោះបង់​ចោល​នូវ​ការ​ប្រើប្រាស់​ពពួក​សារធាតុ​ថ្នាំ​កា​បែន​កា​ស៊ី​ន​ទៅ​លើ​ដំណាំ​ស្វាយ​បន្ត​ទៀត (​ព្យាបាល​ជំងឺផ្សិត​) ដើម្បី​ទប់ស្កាត់ ពីព្រោះ​ថា ថ្ងៃក្រោយ​ខ្លាច​មាន​សារាចរ​ហាមឃាត់​ណាមួយ​មិន​ឲ្យ​នាំ​ចេញ​ទៅ​ប្រទេស​របស់​គេ ។ ថ្ងៃ​អនាគត សហគមន៍​រំពឹង​ថា ការ​នាំ​ចេញ​នឹង​អាច​កើន​រហូត​ដល់​៥០​ម៉ឺន​តោន ខណៈ​ជាក់ស្តែង យើង​ទទួល​បាន​តែ​៣០​ម៉ឺន​តោន ហើយ​ទំហំ​ផ្ទៃដី​ដាំ​ស្វាយ​កំពង់ស្ពឺ​បច្ចុប្បន្ន​មាន​ចំនួន​៤៥.០០០​ហិ​កតា និង​អាច​កើនឡើង​រហូត​ដល់​៦​ម៉ឺន​ហិ​កតា​នា​ពេល​អនាគត » ៕