សារអេឡិចត្រូនិច
ក្តៅ​ៗ ពី​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ នៃ​កម្ពុជា បញ្ជាក់​កាន់តែ​ច្បាស់


រាជធានី​ភ្នំពេញ ៖ ការ​ភ្ញាក់ផ្អើល​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ប្រព័ន្ធ​ទូទាត់​លុយ​នៅ​កម្ពុ​ជាមួយ​ចំនួន​មិន​ទទួលយក​ប្រាក់​ដុល្លារ​ដែល​មាន​ស្នាម​ប្រឡាក់​ត្រា ឬ​ទក់ ដែល​ធ្វើ​ឲ្យ​មហាជន​ទូទៅ​មានការ​ព្រួយបារម្ភ និង​ជ្រួលច្របល់ ដោយសារ​តែ​ភាគច្រើន​នៃ​ប្រជាជន​កម្ពុជា ប្រើប្រាស់ និង​រក្សា​ទុកជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។

បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​នា​ពេល​ថ្មី​ៗ​នេះ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ២០១៦​នេះ បាន​ធ្វើការ​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ដែរ​ថា ធនាគារជាតិ​សម្រេច​ឱ្យ​ធនាគារ​នានា​នៅ​កម្ពុជា រក្សា​នៅ​ការ​ទូទាត់​ទៅ​លើ​ប្រាក់​ដុល្លារ​ដែល​មាន​បោះត្រា ទក់ រហែក​ជាដើម នៅ​តែ​រក្សា​ការ​ទូទាត់​ដូច​ដើម​ដដែល ។

លោក​ប្រធាន​ស្តីទី​សមាគម​ធនាគារ​នៃ​កម្ពុជា ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ នៃ​កម្ពុជា បាន​ថ្លែង​ថា បន្ទាប់​ពី​មានការ​ផ្អើល​នៅ​លើ​ទីផ្សារ​ក៏​ដូច​ជា​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យើង​ក៏​បាន​ចុះ​ទៅ​សួរនាំ ជាមួយនឹង​លោក​ឈឹ​ម ចាន់​សុស​ល អនុប្រធាន​ទី​១ នាយកដ្ឋាន​បេឡា​ជាតិ រួម​និង​មន្ត្រី​បច្ចេកទេស​ធនាគារជាតិ នៃ​កម្ពុជា ហើយ​ជា​លទ្ធផល ធនាគារជាតិ​បាន​ធ្វើការ​ណែនាំ​ឱ្យ​ប្រព័ន្ធ​ធនាគារ​មួយ​ចំនួន​នៅ​កម្ពុជា ឲ្យ​រក្សា​ការ​ទូទាត់​ដូច​ទំ​រង​ដើម គឺ​មិន​មានការ​ផ្លាស់​ប្តូរ​នោះ​ទេ ។

លោក​បាន​បន្ត​ថា អ្វី​ដែល​ធនាគារជាតិ​ទទួល​ពី​មុន​មក គឺ​នៅ​តែ​ទទួល​ដដែល មាន​ន័យ​ថា លុយ​ដុល្លារ​ដែល​មាន​ស្លាកស្នាម​បោះត្រា លុយ​ដែល​មាន​សភាព​ចាស់ ទក់ និង​លុយ​រហែក គឺ​នៅ​ទទួល​មិន​មានការ​ផ្លាស់​ប្តូរ​នោះ​ទេ ។ ដូច្នេះ​សូម​ប្រព័ន្ធ​ទូទាត់​លុយ​នានា​នៅ​កម្ពុជា សូម​រក្សា​ការ​ទូទាត់​ប្រាក់​ដុល្លារ ដែល​មាន​សភាព​ដូច​រៀបរាប់​ខាងលើ នៅ​ដដែល លើកលែងតែ​លុយ​ក្លែងក្លាយ ។

លោក​ប្រធាន​ស្តីទី​សមាគម​ធនាគារ​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ធនាគារកណ្តាល​អា​មេ​រិ​ក និង​ធនាគារ​នៅ​ប្រទេស​នានា ឱ្យ​តែ​លុយ​មិន​ក្លែងក្លាយ ហើយ​ជា​រូបិយប័ណ្ណ​ជាតិ​របស់​ពួក​គេ គឺ​ពួក​គេ​ទទួលយក​វិញ​ទាំងអស់ មិន​ថា​ចាស់ សឹក​រិ​ក​រិល ឬ​ក៏​លុយ​រហែក​ទេ គឺ​ពួក​គេ​ទទួលយក​ទាំងអស់​លើកលែងតែ​រូបិយប័ណ្ណ​ណាមួយ​នោះ​ក្លែងក្លាយ​ប៉ុណ្ណោះ ។

យ៉ាងណា​ក៏​ដោយ គិត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៤ មិថុនា នេះ​នៅ​មិន​ទាន់​ឃើញ​ធនាគារជាតិ នៃ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ជា​សាធារណៈ​ណាមួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​នៅឡើយ​ទេ ខណៈ​ដែល​ការ​មិន​ទទួល​ក្រដាសប្រាក់​មាន​ស្នាម​ប្រឡាក់ រហែក ឬ​កខ្វក់ កំពុង​តែ​ជា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ ៕