សារអេឡិចត្រូនិច
បាត់​ពី​ផ្ទះ​៧​ឆ្នាំ ត្រឡប់​មក​វិញ​ឃើញ​ផ្នូរ​របស់​ខ្លួនឯង


បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រកាស​ថា​បាន​ស្លាប់​ ​ខណៈ​បាត់​​ពី​ផ្ទះ​អស់​រយៈ​ពេល​៧​ឆ្នាំទៅ​ហើយ​ ស្រាប់​តែ​ពេល​ថ្មី​ៗ​នេះ​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ព្រម​ទាំង​លុត​ជង្គង់​នៅ​មុខ​ផ្នូរ​របស់​ខ្លួន​ឯងទៀត ។

សារព័ត៌មាន «Net East» របស់​ចិនបាន​ផ្សាយ​ថា បុរស​នោះ​ឈ្មោះ ម៉ា ជី​សៀង អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន មាន​ជំងឺ​សរសៃប្រសាទ រស់នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​ក្នុងភូមិ​ថា​ន​ជៀ​លុង ខេត្ត Hunan បាន​ចាកចេញ​បាត់​ពី​ផ្ទះ លុះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ស្រាប់តែ​ឃើញ​ផ្នូរ​របស់​ខ្លួនឯង ។

ក្រុម​គ្រួ​សារបាន​ប្រកាស​ថា ម៉ា ជី​សៀង ស្លាប់​នៅ​ឆ្នាំ​២០១២ ព្រោះ​បាត់​ខ្លួន​តាំងពី​ឆ្នាំ​២០០៩​មក ។

ក្រោយ​ពេល​បាត់​ខ្លួន ក្រុម​គ្រួ​សារបាន​ដើរ​រក​អស់​រយៈពេល​ច្រើន​ឆ្នាំ និង​បាន​ទទួល​ទូរស័ព្ទ​ពី​ប៉ូលិស​នៅ​ស្រុក​ហ៊ើ​ង​សាន ក្នុង​ឆ្នាំ​២០០៩​ថា ប្រទះ​ឃើញ​សព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​រថយន្ត​បុក​ស្លាប់ ទើប​សន្និដ្ឋាន​ថា​ជា ម៉ា ជី​សៀង ។ ប៉ូលិស​បាន​ធ្វើ​កោសល្យវិច័យ​សព ហើយ​លទ្ធផល​នៅ​មិន​ទាន់​ច្បាស់​ថា មាន​លក្ខណៈ​ដូច​លោក ម៉ា ជី​សៀង ឬ​អត់​ទេ ? ប៉ុន្តែ​ក្រុម​គ្រួសារ​ដែល​ព្យាយាម​តាម​រក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បាន​យល់ព្រម​ទទួល​សព​មក​ធ្វើបុណ្យ​ដោយ​គិត​ថា ជា​សព​លោក ម៉ា ជី​សៀង ។  លើស​ពី​នេះ​ពួក​គេ​បាន​រៀប​ផ្នូរ​សព​យ៉ាង​ល្អ ឧទ្ទិស​ឱ្យ​វិញ្ញាណក្ខន្ធ ម៉ា ជី​សៀង បាន​ទៅ​កាន់​សុគតិភព ហើយ​ការ​ស្វែង​រកបាន​បញ្ចប់​ត្រឹម​ខែកុម្ភៈ ២០០៩ ។

ផ្ទុយ​ទៅ​វិញ លោក​ម៉ា ជី​សៀង បាន​ទៅ​បម្រើ​ការ​នៅ​សិប្បកម្ម​ឡឥដ្ឋ​មួយ ដោយ​គ្មាន​ប្រាក់​ឈ្នួល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​គេ​បាន​ទទួល​បារី​ក្នុង​មួយ​ថ្ងៃ​៦​ដើម​ជំនួស​វិញ ។ ក្រោយមក ថៅកែ​ឡឥដ្ឋ​នាំ ម៉ា ជី​សៀង ទៅ​ទុក​ចោល​ឱ្យ​ដើរ​តែលតោល​នៅ​តាម​ដងផ្លូវ ហើយ​ត្រូវ​ប៉ូលិស​ប្រទះ​ឃើញ​ក៏​នាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ នៅ​ពេល​ទៅ​ដល់​ផ្ទះ ម៉ា ជី​សៀង លុតជង្គង់​នៅ​ខាង​មុខ​ផ្នូរ​របស់​ខ្លួន ។

ក្រុម​គ្រួ​សារបាន​យក​ឆ្អឹង​នៅ​ក្នុង​ផ្នូរ​ទៅ​ពិសោធន៍​ជា​ថ្មី​ម្តងទៀត ដើម្បី​រក​ក្រុម​គ្រួសារ​របស់​អ្នក​ស្លាប់​អនាមិក​នោះ ៕

ព័ត៌មានថ្មីៗ