សារអេឡិចត្រូនិច
គ្រូទាយ​បោកប្រាស់​បានជា​ច្រើន​នាក់ អស់​លក្ខ​ត្រឹម​បុគ្គលិក​ធនាគារ​ឈរ​មើលឃើញ​ល្បិច


រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​មួយ​បាន​កើតឡើង​និង​គួរ​ឱ្យ​ហួសចិត្ត បន្ទាប់​ពី​ស្ត្រី​ចំណាស់​ម្នាក់​រួម​នឹង​កូនស្រី​ម្នាក់​ផង បាន​ជឿជាក់​យ៉ាង​ងប់ងុល​ទៅ​លើ​ស្ត្រី​ជា​គ្រូទាយ​កំពូល​បោក​ម្នាក់ រហូត​អស់​លុយ​ជាង​១​ម៉ឺន​ដុល្លារ ទើប​ភ្ញាក់ខ្លួន
ប្ដឹង​នគរបាល​ឲ្យ​ជួយ​ឃាត់ខ្លួន គ្រូទាយ​បោកប្រាស់​ម្នាក់​នោះ​ចាត់ការ​តាម​ផ្លូវច្បាប់ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០២ ខែកក្កដា នៅ​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

គ្រូទាយ​ស្រី​ម្នាក់​នេះ​តាម​ប្រភព​ព័ត៌មាន​ថា ធ្លាប់​បោក​គេ​ជា​ច្រើន​នាក់​មក​ហើយ និង​មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ សូ​ម្បី​មន្ត្រី​នគរបាល​និង​កងរាជអាវុធហត្ថ​ក៏​ធ្លាប់​ត្រូវ​បោក​យ៉ាង​ស្អាត​ផង​ដែរ ។ ក្រោយ​ពី​ចាប់ខ្លួន ក៏​មាន​អ្នក​ធ្លាប់​ចាញ់បោក​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​គ្រូទាយ​ម្នាក់​នេះ ឈ្មោះ កាំ​ង បៀ​ង អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប មានស្រុក​កំណើត​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ចាញ់បោក​គ្រូ​ទាញ​ត្បាញ​អាយ​នេះ ម្តាយ​ឈ្មោះ រិ​ទ្ធ ទូច អាយុ​៥៥​ឆ្នាំ មុខរបរ​លក់​បាយ និង​កូនស្រី​ឈ្មោះ សុខ ចាន់​ណា អាយុ​៣៥​ឆ្នាំ បាន​ខាត​បង់លុយ​អស់​ចំនួន​១៦.០០០​ដុល្លារ​អា​មេ​រិ​ក ។

តាម​ដំណើររឿង​នៃ​ការ​ឆបោក​នេះ​ត្រូវ​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្ដាយ​ដែល​មាន​ជំងឺ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា កន្លង​មក ពីរ​នាក់​កូនស្រី​បាន​ទៅ​រក​ស្ត្រី​ជា​គ្រូទាយ​ម្នាក់​នេះ​ឱ្យ​ជួយ​ទស្សន៍​ទាយ​អំពី​ការងារ​រកស៊ី និង​ការ​ដែល​ចង់​លក់​ផ្ទះ​និង​ដី ព្រមទាំង​មើល​ពី​ជំងឺ​ម្ដាយ​ផង​ដែរ ។ ពេល​ទៅ​ជួប​នោះ គ្រូទាយ​បោក​រូប​នេះ​បាន​ប្រាប់​ថា មិន​ចាំបាច់​លក់​ផ្ទះ​ទេពី​ព្រោះ​ផ្ទះ​នោះ​មាន​កំណប់ មាន​លាភ​សំណាង​ធំ ហើយ​ជំងឺ​ក៏​រលាយ​ទៅ​តាម​នោះ​ដែរ បើ​លក់​ប្រយ័ត្ន​ខាតបង់​កំណប់​ប៉ុន​ដូងទុំ ។

ខណៈនោះ ពីរ​នាក់​ម្ដាយកូន​ត្រេកអរ​ខ្លាំង​ណាស់ នៅ​ពេល​ឮ​ថា​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​មាន​កំណប់​ធំ​បែប​នេះ ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា លោកតា​ម្នាក់​ឈ្មោះ កែវ ច​ន អាយុ​៧០​ឆ្នាំ ដែល​ត្រូវជា​ប្ដី​និង​ជា​ឪពុក​របស់​ស្ត្រី​ទាំង​២​នាក់ ក៏​បាន​ជីក​រក​កំណប់​នៅ​ខាងក្រោយ​ផ្ទះ តាម​អ្វី​ដែល​គ្រូទាយ​ម្នាក់​នោះ​ប្រាប់ ហើយ​គ្រូទាយ​ក៏​បាន​ស្ថិត​នៅ​ទីនោះ​ដែរ ។ ប៉ុន្តែ​មុន​នឹង​ជីក​បាន​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​រៀបចំ​ដាក់​រណ្ដាប់ សម្រាប់​ថ្វាយ​គ្រូ​ចំនួន​៧.០០០​ដុល្លារ ដោយ​គិត​ទៅ​តាម​អាយុ​របស់​លោកតា​ដែល​ជា​ប្ដី​និង​ជា​ឪពុក ។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​តែ​មានការ​ជឿជាក់​ទៅ​លើ​គ្រូទាយ​យ៉ាង​ងប់ងុល​នោះ ទើប​សុខចិត្ត​ប្រគល់​លុយ​ឲ្យ​គ្រូទាយ​ដោយ​មិន​បាន​គិត​ថា​ជា​រឿង​បោកប្រាស់​នោះ​ទេ ប៉ុន្តែ​ពេល​ជីក​រក​ចង់​ខ្សោះ​ខ្យល់​ទៅ​ហើយ​នៅ​តែ​រក​ពុំ​ឃើញ​មាន​កំណប់​អ្វី​ឡើយ ហើយ​គ្រូទាយ​បាន​ប្រាប់​ថា ចាំ​ថ្ងៃ​បន្ទាប់​ចាំ​ជីក​ទៀត ។ លុះ​មក​ដល់​ថ្ងៃ​ទី​០១ ខែកក្កដា ក៏​បាន​នាំ​គ្នា​ជីក​បន្ត​ទៀត ហើយ​ខណៈនោះ​គ្រូទាយ​ខាងលើ​បាន​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ទាំង​បី​នាក់ ប្ដី ប្រពន្ធ និង​កូនស្រី បូក​អាយុ​ចូល​គ្នា ឃើញ​១៦០​ឆ្នាំ ហើយ​គ្រូទាយ​បាន​បង្គាប់​ឲ្យ​ដាក់​លុយ​រណ្ដាប់​គ្រូ​បន្ថែមចំនួន​៩.០០០​ដុល្លារ​ទៀត សរុប​ទាំង​មុន​និង​ក្រោយ​គឺ​ចំនួន​១៦.០០០​ដុល្លារ តម្រូវ​ទៅ​តាម​អាយុ​អ្នក​ទាំង​បី​នាក់​នោះ​បូក​បញ្ចូល​គ្នា បន្ទាប់​មក​ទើប​គ្រូទាយ​រូប​នោះ ឲ្យ​ជន​រង​គ្រោះ​ជីក​រក​កំណប់​បន្ត​ទៀត ។

ប្រភព​ខាងលើ​បន្ត​ទៀត​ថា ក្រោយ​ពី​ដាក់​រណ្ដាប់​បន្ថែម​និង​មានការ​អនុញ្ញាត​ឲ្យ​ជីក​ពី​សំណាក់​គ្រូទាយ​ខាងលើ ជន​រង​គ្រោះ​បាន​ចាប់ផ្ដើម​ជីក​ដោយ​មិន​បាន​គិត​ពី​ការ​នឿយហត់​ឡើយ ព្រោះ​រំពឹង​លើ​កំណប់​មហាសាល ។ មិនយូរ​ប៉ុន្មាន ក៏​បាន​ប្រទះ​ឃើញ​រូបចម្លាក់​ត្រី​រ៉ស់​ចំនួន​ពីរ​ក្បាល​ធ្វើ​ពី​លោហធាតុ ដែល​ទំនង​គ្រូទាយ​នោះ​យក​ទៅ​កប់​លាក់​ទុក​ក្នុង​ដី​ត្រង់​កន្លែង​ជីក​កំណប់​នោះ​ជា​មុន​រួច​ស្រេច​ទៅ​ហើយ​។

ពេល​បានឃើញ​ហើយ គ្រូ​ស្រី​នោះ​ប្រាប់​ថា​ នេះ​ហើយ​គឺជា​កំណប់ ខណៈនោះ​ជន​រង​គ្រោះ​មានការ​ត្រេកអរ​ណាស់ ហើយ​គ្រូទាយ​បាន​បង្គាប់​ឲ្យ​ជន​រង​គ្រោះ​យក​រូបចម្លាក់​ត្រី ទៅ​ដាក់​ត្រាំ​ទឹក​អាស៊ីត ។ ប៉ុន្តែ​ខណៈ​ពេល​កំពុងត្រាំ​រូបចម្លាក់​ត្រី​ក្នុង​ទឹក​អាស៊ីត មាន​បុរស​ម្នាក់​ឈ្មោះ សន កែវ អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ធនាគារ​មួយ​បាន​ទៅ​មើល​ដែរ ហើយ​ឃើញ​សកម្មភាព​បែប​នេះ យល់​ថា​ក្រុម​គ្រួសារ​ខាងលើ​កំពុង​តែ​ចាញ់បោក​គ្រូទាយ​ម្នាក់​នោះ ក៏​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍ ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​តែ​ម្តង ទើប​ក្រុម​គ្រួសារ​ខាងលើ​ភ្ញាក់ខ្លួន​ថា​ចាញ់បោក​គ្រូ​ស្រី​នេះ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា គ្រូទាយ​បោកប្រាស់​ម្នាក់​នេះ​បាន​ត្រូវ​ឃាត់ខ្លួន បន្ទាប់​ពី​បោក​លុយ​ជន​រង​គ្រោះ​ខាងលើ​អស់​១៦.០០០​ដុល្លារ ហើយ​ក្រោយ​ពេល​ឃាត់ខ្លួន មិន​បាន​ដកហូត​លុយ​ដែល​បាត់បង់​នោះ​ជូន​ជន​រង​គ្រោះ​វិញ​ឡើយ ព្រោះ​ជនសង្ស័យ​បាន​យក​ទៅ​ចាយវាយ​អស់​ទៅ​ហើយ ។

មាន​ជន​រង​គ្រោះ​ច្រើន​នាក់​ទៀត ដែល​ធ្លាប់​ចាញ់បោក​ជន​នេះ បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​ក្នុង​នោះ​មាន​ម្នាក់​អះអាង​ថា ធ្លាប់​ចាញបោក​ស្ត្រី​រូប​នេះ​អស់​ចំនួន​១២.០០០​ដុល្លារ ដោយ​វិធី​បោក​គឺ​ប្រើ​ស្ទីល​តែ​មួយ ដូច​ជា​ពេល​នេះ​ដែរ ។
ជនសង្ស័យ​ត្រូវ​បាន​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕

ព័ត៌មានថ្មីៗ