សារអេឡិចត្រូនិច
Messi និង​ឪពុក ត្រូវ​តុលាការ​អេ​ស្ប៉ា​ញ​កាត់ទោស​ជាប់​ពន្ធនាគារ​២១​ខែ


យោង​តាម​សេចក្តី​ថ្លែង​ការ​មួយ​ពី​តុលាការក្រុង Barcelona បាន​ចេញ​នៅ​ថ្ងៃ​ទី​៦ កក្កដា ២០១៦ នេះ​អោយ​ដឹង​ថា តារាបាល់ទាត់ សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Lionel Messi និង​ឪពុក​របស់​គាត់ ត្រូវ​បាន​កាត់ទោស ២១​ខែ ពី​បទ​ក្លែងបន្លំ​ពន្ធ​។ ទោះជា​យ៉ាងណា​ពួក​គេ​ទាំង​២​នាក់ គឺ​មិន​ទំនង​ជាប់​ឃុំឃាំង​ឡើង​។

តារាបាល់ទាត់​របស់​ក្លឹ​ប ​Barcelona លោក Messi និង​ឪពុក​របស់​គាត់ លោក Jorge Horacio Messi ត្រូវ​បាន​ចោទប្រកាន់​ក្នុង​សវនាការ​មួយ​កាលពី​ដើមខែ មី​ថុ​នា ២០១៦ ពី​បទ​គេចពន្ធ ៤,១លាន​អឺ​រ៉ូ ស្មើនឹង៤,៥៦១,៥០០​ដុល្លារ លើ​ពន្ធ​ក្នុង​ឆ្នាំ២០០៧ ឆ្នាំ២០០៨ និង​ឆ្នាំ២០០៩ ។

យោង​តាម​ច្បាប់​របស់​ប្រទេស​អេ​ស្ប៉ា​ញ បើ​ជនសង្ស័យ​ម្នាក់​ទទួលទោស​ជាប់​ពន្ធនាគារ​តិច​ជាង​រយៈ​២​ឆ្នាំ ពួក​គេ​អាច​ស្ថិត​នៅ​ក្រៅ​ឃុំ ក្រោម​ការ​ព្យួរទោស​បាន ។ មាន​ន័យ​ថា Messi និង​ឪពុក​របស់​គាត់ គឺ​មិន​ទំនង​ជាប់​ពន្ធនាគារ​ឡើយ កាត់ទោស២១​ខែមិនដល់២ឆ្នាំ ពោល​គឺ​អាច​ព្យួរទោស​បាន​។

តុលាការ​បាន​បញ្ជា​ឱ្យ​តារាបាល់ទាត់​អា​ហ្ស​ង់​ទី​ន បង់ប្រាក់​មួយ​ចំនួន ២លាន​អឺ​រ៉ូ និង​ឪពុក​របស់​គាត់​បង់ប្រាក់ ១,៥ លាន​អឺ​រ៉ូ​។

ចំណែកឯ Messi បាន​បញ្ជាក់​ថា គាត់​មាន​ទំលាប់​នៃ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ជា​ផ្លូវការ​មួយ ដោយ​មិន​បាន​អាន​ទេ ដោយសារ​តែ​គាត់​បាន​ទុកចិត្ដ​ឪពុក និង​ទីប្រឹក្សា​របស់​គាត់ ជា​អ្នក​ទទួលខុសត្រូវ សម្រាប់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុរបស់​Messi ។ ហើយ​នៅ​ពេល​ដែល​សួរ​ថា តើ​គាត់​បានដឹង​អំពី​ការ​ចោទប្រកាន់​ការ​លួច​បន្លំ​ពន្ធ ៤,១លាន​អឺរ៉ូ នេះ​ទេ? តារា​បាល់​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀតប្រាប់​តុលាការ​ថា​ ៖ «​ខ្ញុំ​មិន​បានដឹង​អ្វី​ទេ​» ​។

Messi អាច​នឹង​ប្តឹង​បន្ត​ទៅឧទ្ធរណ៍ ទោស​របស់​ពួក​គេ​ត្រូវកាត់ក្តីនៅតុលាការ​កំពូល​អេ​ស្ប៉ា​ញ ៕