សារអេឡិចត្រូនិច
ទឹកជ្រោះ ចំបក់ បាន​ទៅ​ម្ដង ដក់​ក្នុង​ចិត្ត​រហូត


សហគមន៍​អេកូ​ធម្មជាតិ ចំបក់ ជា​រមណីយដ្ឋាន​ធម្មជាតិ​ទាក់ទាញ​មួយ​ក្នុង​ខេត្ត កំពង់ស្ពឺ​នៅ​ទី​នេះ​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​ដូច​ជា ព្រៃ​ភ្នំ ទឹកជ្រោះ​ជា​ច្រើន​កន្លែង នឹង រូង​ប្រជៀវ​ជាដើម​។ សម្រស់​ធម្មជាតិ​ទាំង​អស់នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត ដក់​ជាប់​អារម្មណ៍​ជា​និច្ច​។

ចំបក់ ស្ថិត​ក្នុង​ទឹកដី ភូមិ​ចំបក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ជាប់​ព្រំដែន​ឧទ្យាន​ជាតិ​គិរី​រម្យ​។ រមណីយដ្ឋាន​មួយ​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពីដើម​ឆ្នាំ​២០០៣ លើ​ផ្ទៃដី ១៣៩១ ហិតា​។ ភ្ញៀវ​ទេសចរណ៍ អាច​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​១៨៥ បទ​ស្ដាំ​ត្រង់​ត្រែង​ត្រ​យឹ​ង ផ្លូវ​ចូល​គិរី​រម្យ មាន​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ លុះដល់​ជើងភ្នំ​គិរី​រម្យ​បត់​ស្កាំ​តាម​ផ្លូវ​ក្រួស​ក្រហម​ចម្ងាយ​ប្រហែល​៨ គីឡូម៉ែត្រ នោះ​យើង​នឹង​ទៅ​ដល់​សហគមន៍​អេកូ​ធម្មជាតិ ចំបក់ ។  

មុន​ចូល​ទៅ​ដល់​ទៅ​ដល់​កន្លែង​ទឹកធ្លាក់ ភ្ញៀវ​ទេសចរណ៍ ត្រូវ​ជិះ​រទេះគោ ឬ​ម៉ូតូឌុប ចម្ងាយ​ប្រហែល​ជាង​២​គីឡូ​ម៉​ត្រ បន្ទាប់​មក​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឡើង​លើ​ភ្នំ ជា​ច្រើន​គីឡូម៉ែត្រ​ទៀត​ទើប​ទៅ​ដល់​កន្លែង​កម្សាន្ត​ជា​ច្រើន​ដែល​មាន​ចម្ងាយ​ផ្សេង​ៗ​គ្នា​។ ប្រសិនបើ​លោក​អ្នក​ចង់ទៅ​កម្សាន្ត​នៅ​ទី​នេះ គួរតែ​មក​ថ្ងៃ​ចុង​ស​ប្ដា​ហ៍ ឬ ថ្ងៃ​ថ្ងៃ​បុណ្យ​ជាតិ ព្រោះ​មាន​ភ្ញៀវ​ទៅ​ទស្សនា​ច្រើន នឹង​មាន​អ្នក​ភូមិ​យក​របស់របរ​ហូប​ចុក​ទៅ​លក់ ប៉ុន្តែ​បើ​ទៅ​ចំ​ថ្ងៃ ធ្វើការ​អាច​មិនឃើញ​មាន​ឡើយ ដូចនេះ​លោក​អ្នក​ត្រូវ​មាន ទឹក ឬ អាហារ ជាប់​តាម​ខ្លួន ព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​នៅ​កណ្ដាល​ព្រៃ​ជ្រៅ​។