សារអេឡិចត្រូនិច
វិស័យ​កីឡា នៅ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត កំពុង​តែ​យ៉ាប់​ខ្លាំង​ហើយ តើ​លោកនាយក មានបាន​ជ្រាប​ទេ ?


កំពង់ឆ្នាំង​:  កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​វិស័យ​កីឡា​នៅ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ត្រូវ​បាន​គេ​មើល ឃើញ​ថា មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង បើ​ប្រៀបធៀប ទៅ​នឹង​សាលា​នានា ក្នុង​ខេត្ត​។ វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត បាន​ដណ្តើម​យក​ជើងឯក ស្ទើរតែ​គ្រប់​វិញ្ញាសា នៅ​រាល់ពេល ប្រកួត​កីឡា​សិស្ស ប្រចាំឆ្នាំ​ម្តង​ៗ​នោះ​។ ប៉ុន្តែ​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​កីឡា នៅ​វិទ្យាល័យ​មួយ​នេះ បាន​ធ្លាក់​ចុះ ស្ទើរតែ​ហៅ​លែង​ឮ ។ 

ជាក់ស្តែង ការ​ប្រកួត​កីឡា​សិស្ស ជម្រុះ​រក​អ្នក​ឈ្នះ​របស់ ក្រុង​កំពង់ឆ្នាំង សម្រាប់​ត្រៀម​ប្រកួត ជាមួយនឹង​បណ្តា​ស្រុក​ផ្សេង​ៗ​ទៀត លើ​វិញ្ញាសា​បាល់ទាត់​ផ្នែក​នារី កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧​នេះ ធ្វើ​អោយ​មហាជន បានឃើញ​កាន់តែ ច្បាស់​បន្ថែម​ទៀត​ថា វិស័យ​កីឡា នៅ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត កាន់តែ​យ៉ាប់​មែនទែន​ហើយ​។

ការ​ប្រកួត​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ក្រុមកីឡា​ការិនី វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត លេង​ដូច​ជា​មិន​ដែល​ចូល តារាង​ទាល់តែ​សោះ សង្ស័យ​ចាប់​យក​មក​ដាក់ អោយ​លេង​គម្រប់​កិច្ច តែ​ប៉ុណ្ណោះ ធ្វើ​អោយ​ខាង ក្រុមកីឡា​ការិនី​ក្រុង មាន​ប្រៀប​យ៉ាង​ខ្លាំង រហូត​បញ្ចប់​ការ​ប្រកួត លទ្ធផល​ខាង​វិទ្យាល័យ ក្រុង​ឈ្នះ​ក្រុម​វិទ្យាល័យ​ព្រះបាទ សុរា​ម្រឹត ដោយ​ពិន្ទុ ៥​ទល់​នឹង​០ ។

ករណី​នេះ តើ​លោកនាយក បាន​ជ្រាប​ទេ ? គួរតែ​កែ​លម្អ ហើយ​កុំអោយ​មានការ​រិះគន់​តទៅ​ទៀត ៕