សារអេឡិចត្រូនិច
សង្ឃ​មួយ​អង្គ ដុត​សម្លាប់​ខ្លួនឯង ដើម្បី​តវ៉ា​កិច្ចព្រមព្រៀង​ផ្សះផ្សា ករណី​ទាសករ​ផ្លូវភេទ រវាង​កូរ៉េ​ខាងត្បូង និង​ជប៉ុន


ព្រះសង្ឃ​ពុ​ទ្ឋ​សាសនា កូរ៉េ​ខាងត្បូង​មួយ​អង្គ​បាន​សុគត​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​សេ​អ៊ូ​ល តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ពេល​គាត់​ដុត​ខ្លួនឯង ដើម្បី​ប្រឆាំង​តវ៉ា​ទៅ​នឹង​កិច្ចព្រមព្រៀង ផ្សះផ្សា​លើ​ករណី​ទាសករ​ផ្លូវភេទ​កូរ៉េ​ខាងត្បូង សំរាប់​ទាហាន​ជប៉ុន​។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​សារព័ត៌មាន​កូរ៉េ​ខាងត្បូង (The Korean Herald) នៅ​ថ្ងៃ​ពុធ​នេះ​។

ព្រះសង្ឃ ដែល​មាន​ព្រះ​ជន្ម ៦៤ ព្រះ​វស្សា បាន​ដុត​ខ្លួនឯង កាលពី​ថ្ងៃ​សៅ​រិ៍ កន្លង​ទៅ ក្នុង​ការ​តវ៉ា​ប្រឆាំង ទៅ​នឹង​ប្រធានាធិបតី ផាក​គ័ន ហេ (Park Geun-hye)​។ គាត់​ត្រូវ​បាន​គេ​ប្រកាស​ថា ស្លាប់​នៅ​យប់​ថ្ងៃ​ច័ន្ទ ដោយសារ​របួស​ខ្លាំង ដោយ​ការ​លាក​។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​មន្ទីរពេទ្យ សកល​វិទ្យាល័យ ទីក្រុង​សេ​អ៊ូ​ល​។

នៅ​ក្នុង​សៀវភៅ​របស់​ព្រះ​អង្គ ដែល​ត្រូវ​គេ​រក​ឃើញ នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា គាត់​មានការ​រិះគន់​យ៉ាង​ខ្លាំង ទៅ​នឹង​កិច្ចព្រមព្រៀង​ផ្សះផ្សា របស់​អ្នកស្រី ផាក​គ័ន ហេ ដើម្បី​បញ្ចប់​ករណី ដែល​ស្ត្រី​កូរ៉េ​ខាងត្បូង ត្រូវ​បាន​គេ​បង្ខំ អោយធ្វើ​ជា​ទាសករ​ផ្លូវភេទ សំរាប់​ទាហាន​ជប៉ុន ក្នុង​កំឡុង​សង្គ្រាមលោក លើក​ទី ២​។

ជា​ការ​ឆ្លើយ​តប ទៅ​នឹង​កិច្ចព្រមព្រៀង​ផ្សះផ្សារ​នេះ កូរ៉េ​ខាងត្បូង ទទួល​បានការ​សូមទោស ពី​នាយក​រដ្ឋមន្ត្រី​ជប៉ុន ដែល​សន្យា​ថា នឹង​ផ្តល់​ជំនួញ រាប់​លាន​ដុល្លារ​។

តែ​ទោះបីជា​យ៉ាងណា​ក៍ដោយ កិច្ចព្រមព្រៀង​របស់​លោកស្រី ប្រធានាធិបតី ផាក​គ័ន ហេ បណ្តាល​អោយ មានការ​រិះគន់ យ៉ាង​ខ្លាំង ដោយសារ​តែ កិច្ចព្រមព្រៀង​នោះ មិន​មានការ​យល់ព្រម ពី​ជន​រង​គ្រោះ នៅ​រស់រាន​មានជីវិត ដែល​ជា​អតីត​ទាសករ​ផ្លូវភេទ​៕