សារអេឡិចត្រូនិច
ខ្លាច​អាជ្ញាធរ​ខេត្ត បិទ​អាជីវកម្ម​ធ្វើ​ប្រហុក​របស់​ខ្លួន ព្រម​បូម​កាក​សំណល់​ស្អុយ


បន្ទាយ​មាន​ជ័យ​: ដោយ​ខ្លាច​ការ​ព្រមាន​ចុង​ក្រោយ ពី​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ ដែល​ថា​ទុក​ពេល ១​ស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ នឹង​បិទ​អាជីវកម្ម​ប្រហុក "​ទឹកភ្នែក​" នោះ ទើប​ម្ចាស់ គឺ​ចឹក ហង្ស តាំង ដ៏​រឹងរូស មិន​ចែក​គេ​រស់នៅ​ផ្លូវ​លេខ​៥ ភូមិ​២​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ យល់ព្រម​ទាំង​ទើសទាល់ ជាមួយ​មន្ត្រី​បូម​កាក​សំណល់​រឹង​រាវ ស្អុយ​អសោច យក​ចេញ​ទៅ​ចោល​ឆ្ងាយ​។ 

លោក នាង ហាវ អភិបាលរង ក្រុង​សិរី​សោភ័ណ បានអោយ​ដឹង នៅ​ថ្ងៃ​ទី​១១ មក​រា​ថា​: ម្ចាស់​អាជីវកម្ម ធ្វើ​ប្រហុក ផ្អក និង​ត្រីងៀត "​ទឹកភ្នែក​" គឺ​ចឹក ហង្ស តាំង នោះ បាន​ព្រម​សហការ​នឹង​អាជ្ញាធរ និង​ជំនាញ​បរិស្ថាន ក្នុង​ការ​ជួល​ឡាន​បូម​លូ ដើម្បី​យក​កាក​សំណល់ រឹង​រាវ​ដែល​ស្អុយគគ្រុក និង​បង្ក​ផល​ប៉ះពាល់​បរិស្ថាន អនាម័យ​នោះ ចេញ ហើយ​កាលពី​ថ្មី​ៗ​នេះ​។ បន្ទាប់​ពី​នេះ ម្ចាស់ នឹង​គ្រប់គ្រង​កាក​សំណល់ ហើយ​ធានា​ថា មិន​បង្ក​ស្អុយ និង​ប៉ះពាល់​បរិស្ថាន អនាម័យ​ដល់​អ្នក​ជិតខាង​ទៀត​។ ពោល​គឺ​ការ​យក​ចេញ ក្រោយ​លោក អ៊ុ​ក រាត្រី អភិបាល​ស្តីទី​ខេត្ត និង​មន្ត្រី​ចម្រុះ បាន​ចុះ​ទៅ​ពិនិត្យ វាយតម្លៃ និង​ព្រមាន ដោយ​ផ្ទាល់ ដល់ទី​តាំង​នោះ កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៧​។

កាលនោះ​លោក​អ៊ុ​ក រាត្រី បាន​ថ្លែង​ថា អាជ្ញាធរ និង​ជំនាញ​ជិត​អស់ ការ​អត់ធ្មត់ ហើយ​លើ​ករណី អាជីវកម្ម​ប្រហុក "​ទឹកភ្នែក​" របស់​លោក ហង្ស តាំង នោះ​។ មន្ត្រី​ពិសេស គឺ​ដល់​ថ្នាក់​លោក​អភិបាលខេត្ត​ស្តីទី បន្ទាយ​មាន​ជ័យ តែ​ម្តង ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៧ ។

លោក​និយាយ​ថា ទីតាំង​នេះ ពិតជា​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ពលរដ្ឋ​ជិតខាង ជាង​៥​ឆ្នាំ មក​មែន​។ ដូច្នេះ​ក្នុង​១​អាទិត្យ​ទៀត បើ​លោក​ហង្ស តាំង បូម​កាក​សំណល់​ស្អុយ ចេញ​អោយ​អស់ និង​ធ្វើ​អាង​ចម្រោះ​ថ្មី តាម​ស្តង់ដារ កាត​បន្ថយ​បំបាត់​ក្លិនស្អុយ និង​បង្ការ​ថែរក្សា​អនាម័យ កុំ​បង្ក​បំពុលបរិស្ថាន អនាម័យ​ជា​ថ្មី​។ បើ​មិន​ដូច្នោះ អាជ្ញាធរ និង​ជំនាញ នឹង​បិទ​អាជីវកម្ម​ធ្វើ​ប្រហុក​នេះ​។

ករណី​នេះ លោក​ហង្ស តាំង សន្យា​ថា ជួល​អ្នក​កាយ​លូ បូម​សំណល់​រាវ​នោះ ចេញ បន្ទាប់​មក​នឹង​ធ្វើ​អាង​ចម្រោះ សំណល់​រាវ​កខ្វក់​ប្រើប្រាស​ថ្នាំ EM ជា​ជំនួយ ដើម្បី​បំបាត់​កាត់​បន្ថយ​ក្លិនស្អុយ​៕

ព័ត៌មានថ្មីៗ