សារអេឡិចត្រូនិច
បង្ក្រាប​ទីតាំង​ផ្ទះសំណាក់ លី​ហ្សា ជា​លើក​ទី​ពីរ ឃាត់ខ្លួន​ជនសង្ស័យ ១៥​នាក់ និង​ថ្នាំ​ជិត​២០​កញ្ចប់


ភ្នំពេញ​: ជនសង្ស័យ​ប្រុស​ស្រី ១៥​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ បាន​ធ្វើការ​ឆ្មក់​និង​បង្ក្រាបខណៈ​ពួក​គេ​នាំ​គ្នា​ទៅ​ពពាក់ពពូន​ពួន​សម្ងំ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុងផ្ទះ​សំណាក់ «​លី​ហ្សា​» កាលពី​ម៉ោង ៣ រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ ស្ថិត​នៅ​ផ្លូវ​បេតុង K៥ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។

ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ​បន្ត បើក​យុទ្ធនាការ​ចុះ​បង្ក្រាប ករណី​គ្រឿងញៀន ខាងលើ​នេះ ដឹកនាំ​ដោយ​លោក លោក​វរៈសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិកា​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ សហការ​ជាមួយ​លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ និង​ជាមួយ​នគរបាល​ប៉ុស្តិ៍ រួម​ទាំង​កម្លាំង​ប្រជា​ការពារ ខណ្ឌឫស្សីកែវ ដោយ​មានការ​សម្របសម្រួល​ពី ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ក្រុម​អ្នក​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុងផ្ទះ​សំណាក់​លី​ហ្សា ដោយ​បាន​ឃាត់ខ្លួន​បាន ជនសង្ស័យ​ប្រុស​ស្រី ចំនួន​១៥​នាក់​ភ្លាម​ៗ ជាក់ស្តែង​តែ​ម្តង ដោយ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ រក​ឃើញ ដកហូត​ថ្នាំ​ញៀន ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ចំនួន ១៩​កញ្ចប់​តូច​ធំ ព្រមទាំង​ឧបករណ៍ ពាក់​ព​ន្ធ័​មួយ​ចំនួន និង​ម៉ូតូ ៣​គ្រឿង ហើយ​សមត្ថកិច្ច បាន​នាំ​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ១៥​នាក់ ទៅ​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​។

សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៥​នាក់ ខាងលើ​នេះ សមត្ថកិច្ច​យើង នឹង​ធ្វើតេស្ត​ទឹកនោម ដើម្បី​អោយ​ដឹង​ថា ពួក​គេ​ទាំងនោះ មាន​ពាក់ព័ន្ធ​នឹង គ្រឿងញៀន ឬទេ​។ ក្រោយ​ពី​សមត្ថកិច្ច ធ្វើតេស្ត​រួច​មក បើ​មិនឃើញ​មាន​អ្វី ជាប់​ពាក់ព័ន្ធ​នោះ គឺ​សមត្ថកិច្ច នឹង​អោយ​ពួក​គេ ទាំងនោះ ទៅ​ផ្ទះ​វិញ តែ​បើសិនជា​មាន ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន វិញ​នោះ សមត្ថកិច្ច​យើង នឹង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។

ចំណែកឯ​ម្ចាស់ផ្ទះ​សំណាក់​ទាំង ២​នាក់ ប្តី​ប្រពន្ធ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន យក​ទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា នៅ​ក្នុងផ្ទះ​សំណាក់ «​លី​ហ្សា​» នេះ គឺ​សមត្ថកិច្ច​យើង ធ្លាប់​ចុះ​ចាប់​ម្តង​រួច​មក​ហើយ នេះ​ជា​លើក​ទី​២ ហើយ​ដែល​សមត្ថកិច្ច​យើង បាន​ឆ្មក់​ចូល​បង្ក្រាប​ម្តងទៀត​។

សូម​បញ្ជាក់​ថា រាល់​បទល្មើស​គ្រឿងញៀន នៅ​តាម​បណ្តា​ខណ្ឌ ដែល​ចាប់​បាន គឺ​ភាគច្រើន ចេញពី​តំបន់​រោងចក្រ​ឆ្នាំង ដែល​ជា​តំបន់​សំបូរ​គ្រឿងញៀន ច្រើន​ជាងគេ ក្នុង​រាជធានី​ភ្នំពេញ សំបូរ​អ្នក​ឈរ​លក់ យ៉ាង​អនាធិបតេយ្យ ដែល​អាជ្ញាធរ​ខណ្ឌទួលគោក មិន​អើពើ ឬ​មាន​វិធានការ ចាត់ការ​ទៅ​លើ​ក្រុម​ឈ្មួញ ដែល​ជួញដូរ​គ្រឿងញៀន​ទាំងនោះ នាំ​អោយ​ឈ្មួញ​ទាំងនោះ បានដៃ​យក​គ្រឿងញៀន ទៅ​ចែកចាយ​គ្រប់​បណ្តា​ខណ្ឌ ក៏​ដូច​ជា​តាម​បណ្តា​ខេត្ត មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ១៥​នាក់​ខាងលើ រួម​នឹង​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច បញ្ជូន​ខ្លួន​ទៅ​ឃុំខ្លួន ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ចាត់ការ​បន្ត ទៅ​តាម​ផ្លូវច្បាប់​៕