សារអេឡិចត្រូនិច
បង្គា និង​ស្ពៃ​ជូរ លក់​ក្នុង​ផ្សារ​អូរ​ឫស្សី មាន​ដាក់​ជាតិ​ហ្វ​ក​ម៉ា​លី​ន


ភ្នំពេញ​: បង្គា​និង​ស្ពៃ​ជូរ ត្រូវ​បាន​មន្ត្រី​ជំនាញ​រក​ឃើញ មាន​ដាក់​សារធាតុ ហ្វ​ក​ម៉ា​លី​ន ការពារ​កុំ​ឲ្យ​ឆាប់​ស្អុយ ក្នុង​ចំណោម​ទំនិញ​ជាង ៧០​មុខ នៅ​ក្នុង​ផ្សារ​អូរ​ឫស្សី ដែល​មន្ត្រី​កាំ​ក្រុង​ត្រូល បាន​ដកហូត យក​ពិនិត្យ ។

នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ​២០១៧​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម របស់​កម្ពុជា បាន​ដឹកនាំ​មន្ត្រី នៃ​អគ្គនាយកដ្ឋាន កាំកុងត្រូល អញ្ជើញ​សាកសួរ​សុខទុក្ខ បងប្អូន​អាជីវករ ដែល​កំពុង​លក់ដូរ នៅ​ក្នុង​ផ្សារ​អូរ​ឫស្សី ព្រមទាំង​ត្រួតពិនិត្យ​ទំនិញ ដែល​ខូចគុណភាព ឬ​មាន​ផ្ទុក​សារធាតុ​គីមី ដើម្បី​ការពារ​សុខុមាលភាព របស់​ប្រជាពលរដ្ឋ​។

លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​កាំកុងត្រូល ចុះ​ទៅ​ពិនិត្យ​គុណភាព​ទំនិញ នៅ​ក្នុង​ផ្សារ​អូរ​ឫស្សី ថា មាន​ទំនិញ​រហូត​ដល់​ទៅ ៧០ មុខ ត្រូវ​បាន​យក​ទៅ​ធ្វើការ ត្រួតពិនិត្យ តាម​មន្ទីរពិសោធន៍​ចល័ត ។ ជា​លទ្ធផល​ពិសោធន៍​ភ្លាម​ៗ ទៅ​លើ​ទំនិញ ២៨​មុខ គឺ​បាន​រក​ឃើញ​ទំនិញ ពីរ​មុខ មាន​បញ្ហា រួម​មាន ជ្រក់ស្ពៃ និង​បង្គា​។

លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បាន​ឲ្យ​ដឹង​ថា ជ្រក់ស្ពៃ គឺ​មាន​ដាក់​សារធាតុ​អាស៊ីត​ខ្ពស់ ខណៈ​ដែល​បង្គា​វិញ មាន​ដាក់​ជាតិ ហ្វ​ក​ម៉ា​លី​ន ដែល​ជា​សារធាតុ សម្រាប់​ការពារ កុំ​ឲ្យ​ឆាប់​ខូចគុណភាព​។ ដោយឡែក ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត ត្រូវ​បាន​មន្ត្រី​យក ទៅ​ពិសោធន៍​បន្ត ហើយ​មិន​ទាន់​ទទួល​បាន លទ្ធផល​នោះ​ឡើយ​។

ក្រោយ​ការ​ពិសោធន៍ រក​ឃើញ​បែប​នេះ លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បាន​បន្ត​ថា ទាំង​ជ្រក់ស្ពៃ និង​បង្គា ត្រូវ​បាន​ដកហូត ហើយ​ក៏​បាន​អប់រំ ដល់​អ្នកលក់​ផង​ដែរ ព្រោះ​សុទ្ធ​ជា​តែ​សារធាតុ ប៉ះពាល់​ខ្លាំង ដល់​សុខភាព​អ្នក​បរិភោគ ជា​ពិសេស ក្រពះ ពោះវៀន តែ​ម្តង​។

តាម​ការ​សង្កេត កន្លង​មក ទំនិញ​នៅ​លើ​ទីផ្សារ ក្នុង​រាជធានី​ភ្នំពេញ ពោរពេញ​ទៅ​ដោយ សារធាតុ​គីមី និង​អាស៊ី​ដ ដែល​មាន​កម្រិត នៃ​ផល​ប៉ះពាល់ សុខភាព​ខ្ពស់​។ តែ​នេះ​ជា​លើក​ដំបូង ដែល​ក្រសួងពាណិជ្ជកម្ម ពិសេស​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ចាប់ផ្តើម​អនុវត្តន៍ ការងារ​ត្រួតពិនិត្យ​មួយ ដែល​មើលទៅ​ហាក់ដូចជា ការ​បំ​បោស​អង្អែល មិន​ដូច​អ្វី​ដែល​ជា​បញ្ជា ទៅ​ឲ្យ​មន្ត្រី​នៅ​តាម​សាខា​ខេត្ត​នានា ដែល​គេ​បាន​អនុវត្តន៍​ល្អ ជាង​ថ្នាក់​ជាតិ និង​រាជធានី​ភ្នំពេញ ទៅ​ទៀត​នោះ គឺ​គេ​បាន​ធ្វើ​ជា​ប្រចាំ ដូច​ភ្លៀងរលឹម មិនមែន​ងាប់​ត្រគាក​នោះ​ទេ​៕