សារអេឡិចត្រូនិច
បង្ក្រាប​គ្រឿងញៀន រយៈពេល ១០​ថ្ងៃ ឃាត់ខ្លួន​ជនសង្ស័យ ៧​នាក់


ស្វាយ​រៀង​: លោក​ឧត្តមសេនីយ៍ត្រី ហែម សាបាន ស្នងការ​រង​ទទួល​បន្ទុក​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា​៖ ក្នុង​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន បាន​២​ករណី ឃាត់ខ្លួន​បាន​ជនសង្ស័យ ៧​នាក់ រួម​ទាំង​រឹបអូស​បាន​វត្ថុ​តាង​ជា​ច្រើន​។

លោក​ឧត្តមសេនីយ៍ត្រី បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ជាក់ស្តែង​លើក​ទី​១. នៅ​ថ្ងៃ​ទី​៦​មក​រា កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ទីតាំង​មួយ​កន្លែង នៅ​ខាង​មុខ​កាស៊ីណូ សៀង​ហៃ ស្ថិត​ក្នុងភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា បាន​ឃាត់ខ្លួន​ជនសង្ស័យ ជា​មុខសញ្ញា​ចែកចាយ​ជួញដូរ បាន​៤​នាក់ ដកហូត​បាន​សារធាតុ​ញៀន បាន​ចំនួន​៩​កញ្ចប់ ក្នុង​នោះ​ធំ​៤​កញ្ចប់ និង​បាន​កសាង​សំណុំរឿង ប​ញ្ចួ​ន​ទៅ​សាលាដំបូង ខេត្តស្វាយរៀង រួចរាល់​ហើយ​។

លើក​ទី​២. នៅ​ថ្ងៃ​ទី​៨ មក​រា ដោយ​មានការ​សហការ ជាមួយ​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់ផ្ទះ​សំណាក់ បាន​ផ្តល់​ព័ត៌មាន កម្លាំង​របស់​យើង ហើយ​កម្លាំង​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​ក្រុង​បា​វិត បាន​ចុះ​បង្ក្រាប​មុខសញ្ញា ចែកចាយ ជួញដូរ និង​ប្រើប្រាស់ បាន​ចំនួន​៣​នាក់ ក្នុង​នោះ​ជនជាតិ​វៀតណាម​២​នាក់ ស្រី​ម្នាក់ និង​ជនជាតិ​ចិន​ម្នាក់ ដកហូត​បាន​សារធាតុ​ញៀន ម្សៅ​ក្រាម​បាន​៣​កញ្ចប់ (​ធំ​១​កញ្ចប់​តូច​២​កញ្ចប់​) ថ្នាំ​គ្រាប់​៣​គ្រាប់ និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង​។ សមត្ថកិច្ច​យើង បាន​កសាង​សំណុំរឿង ប​ញ្ជួ​ន​បន្ត​ទៅ​សាលាដំបូង ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​បន្ត​។

លោក​ឧត្តមសេនីយ៍ត្រី បាន​បញ្ជាក់​ថា​៖ រយៈពេល​១០​ថ្ងៃ កន្លង​មកនេះ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​កោះហៅ​មុខសញ្ញា ជនសង្ស័យ ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន មក​ពិនិត្យ​ទឹក​ម៉ូ​ត្រ បាន​ចំនួន​៨​នាក់ វិជ្ជមាន​ទាំង​៨​នាក់ ហើយ​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ឲ្យ​បន្សាប​សារធាតុ​ញៀន នៅ​មណ្ឌល​បន្សាប​សារធាតុ​ញៀន រួចរាល់​ហើយ​។

លោក​ឧត្តមសេនីយ៍ត្រី ហែម សាបាន ក៏​បាន​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចូល​ប្រឡូកប្រឡាក់ ជាមួយ​គ្រឿងញៀន ព្រោះ​គ្រឿងញៀន វា​បំផ្លាញ សង្គម​ជាតិ គ្រួសារ ទ្រព្យសម្បត្តិ និង​អនាគត គ្រឿងញៀន អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ដល់​ក្រុម​គ្រួសារ និង​អ្នក​ដទៃ យើង​ទាំងអស់​គ្នា ត្រូវ​ជៀសវាង​ពី​គ្រឿងញៀន​៕