សារអេឡិចត្រូនិច
ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​នៅ​កម្ពុជា មាន​កំណើន​ខ្ពស់​កាលពី​ឆ្នាំ​មុន


ភ្នំពេញ ៖ ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា បាន​កើនឡើង​ខ្ពស់​ដោយ គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦ កន្លង​មកនេះ មាន​ក្រុមហ៊ុន​ជប៉ុន ទាំង​តូច​ទាំង​ធំ ដែល​បាន​វិនិយោគ​នៅ​កម្ពុជា មាន​ចំនួន រហូត ដល់​៩៧៧​ក្រុមហ៊ុន​។

លោក អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​ភី​អ៊ិ​ល​ស៊ី ដែល​ជា ធនាគារ​ដើរតួ​នាទី​ជា​អ្នក​ផ្តល់​សេវាកម្ម​ទូទាត់​សាច់ប្រាក់ ជាមួយ​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​១១ មក​រា កន្លង​មក​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​មុន ក្រុមហ៊ុន​សាជីវកម្ម​ជប៉ុន​ធំ​ៗ ចំនួន​២៨៩ ក្រុមហ៊ុន កើនឡើង​១៧​ភាគរយ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ដែល​មាន​ក្រុមហ៊ុន សាជីវកម្ម​ជប៉ុន​ធំ​ៗ វិនិយោគ​នៅ​កម្ពុជា​ចំនួន​២៤៧​ក្រុមហ៊ុន​ប៉ុណ្ណោះ​។ ចំណែក​ក្រុមហ៊ុន​តូច​ៗ​ជា​លក្ខណៈ​ឯកត្តជន បាន​កើន​ពី​៣៦៩​ក្រុមហ៊ុន​កាលពី​ឆ្នាំ​២០១៥ ដល់​ចំនួន​៦៧៨​ក្រុមហ៊ុន​នៅ​ដំណាច់ឆ្នាំ​មុន ស្មើនឹង​កំណើន​៨៣.៧៣​ភាគរយ​។

លោក អ៊ិ​ន ចាន់​នី បាន​បន្ត​ថា “​នៅ​ឆ្នាំ​២០១៧​នេះ លោក​រំពឹង​ថា អ្នក​វិនិយោគ​ជប៉ុន​នឹង​ចូល​មក​កាន់​កម្ពុជា កាន់តែ​ច្រើន​ជាង​មុន ដោយសារ​កម្ពុជា រក្សា​បាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ ក្នុង​កំណើន ៧​ភាគរយ​ប្រចាំឆ្នាំ និង​ការ​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម​របស់​កម្ពុជា​”​។​លោក​បន្ត​ថា “​ការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​របស់​ជប៉ុន​កាលពី​ចុងឆ្នាំ​មុន ក៏​ជា​ការ​ជំរុញ​កំណើន ពាណិជ្ជកម្ម ទេសចរណ៍ នឹង​វិនិយោគ​ជប៉ុន​កាន់តែ​ច្រើន​មក​កម្ពុជា​”​។

ក្រុមហ៊ុន​ជប៉ុន ដែល​មក​វិនិយោគ​នៅ​កម្ពុជា​បាន​ផ្តោត​លើ​សេវាកម្ម​ចម្រុះ​ដូច​ជា អចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន  សេវាកម្ម គ្រឿងបន្លាស់ គ្រឿងសម្អាង និង​ផលិតផល​ជា​ច្រើន​ទៀត​។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អ៊ិ​ន ចាន់​នី​។

លោក បន្ត​ថា ការ​មក​ដល់​របស់​ក្រុមហ៊ុន​ផ្សារ​ទំនើប AEON Mall បាន​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​តូច​ៗ ជា​ច្រើន​ទៀត ចូល​មក​កាន់​កម្ពុជា ព្រោះ​ក្រុមហ៊ុន​ផ្សារ​ទំនើប​នេះ ជា​ក្រុមហ៊ុន​ធំ​មួយ និង​មាន​ដៃគូ​ជា​ច្រើន ដែល​បាន​ប្រើប្រាស់​សេវាកម្ម​របស់​ពួក​គេ​។ សេដ្ឋវិទូ​កម្ពុជា បាន​សម្តែង​ការ​ស្វាគមន៍​ផង​ដែរ ចំពោះ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា តាម​ព័ត៌មាន លោក​ទទួល​បាន អ្នក​វិនិយោគ​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា មិនសូវ​មាន​ចំនួន​ច្រើន​នោះ​ទេ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​ពួក​គេ​នៅ​តែ​ចូល​មក ដោយសារ​ការ​មក​ដល់ នៃ​អាកាសចរណ៍​ជប៉ុន ព្រោះ​ការ​ភ្ជាប់​ជើងហោះហើរ​របស់​ក្រុមហ៊ុន​ANA របស់​ជប៉ុន ជា​ការ​ផ្លាស់​ប្តូរ​ប្រវត្តិសាស្ត្រ​ក្នុង​ទំនាក់ទំនង​ជាមួយ​ជប៉ុន លើ​វិស័យ ពាណិជ្ជកម្ម​។

លោក បន្ត​ថា “​អ្នក​វិនិយោគ​ជប៉ុន​មុន​មក​វិនិយោគ​នៅ​ប្រទេស​ណាមួយ ពួក​គេ​សិក្សា​ច្បាស់លាស់​ណាស់ មុន​ពួក​គេ​សម្រេចចិត្ត​ចូល​មក ហើយ​ពេល​ពួក​គេ​ចូល​មក គឺ​ពួក​គេ​ផ្តោត​លើ​ការ​វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​”​។​លោក បន្ត​ថា “​បច្ចុប្បន្ន​ជប៉ុន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ហើយ សម្រាប់​ផ្តល់​ឲ្យ​ពួក​គេ​រស់នៅ និង​វិនិយោគ​រយៈពេល​វែង​នៅ​ទី​នេះ​”៕

ប្រភព​ពីៈ ទូរទស្សន៍​បាយ័ន

ព័ត៌មានថ្មីៗ