សារអេឡិចត្រូនិច
ក្រុមហ៊ុន​ចិន បោះទុន​ជិត​២០​លាន​ដុល្លារ​សាងសង់​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ក្នុង​ខេត្តបាត់ដំបង


បាត់ដំបង ៖ ក្រុមហ៊ុន​បាត់ដំបង​ខនស៍​ស៊ី​មេន ដែល​ជា​ក្រុមហ៊ុន​របស់​ចិន បាន​បោះទុន​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​ស៊ីម៉ងត៍ នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​តម្រូវការ​ស៊ីម៉ងត៍​នៅ​តំបន់​ភាគ​ពាយព្យ​ទាំងមូល​។

ការ​សាងសង់​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ដែល​មា​នទី​តាំងនៅ​ក្នុង​ឃុំ​ស្តៅ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង បាន​សម្រេច​ប្រមាណ​២០​ភាគរយ​ហើយ​។ សំណង់​រោងចក្រ​នេះ ត្រូវ​បាន​គ្រោង​នឹង​សាងសង់​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅ​អំឡុង​ខែសីហា ឆ្នាំ​នេះ​។

នេះ​បើ​តាម​ការ​អះអាង​របស់​លោក ពុធ ចិន្តា​ឫទ្ធិ ទីប្រឹក្សា​ក្រុមហ៊ុន​បាត់ដំបង​ខនស៍​ស៊ី​មេន  កាលពី​ម្សិល​ម៉ិ​ញ ថ្ងៃ​ទី​១១ ខែមករា នេះ ក្នុង​ពេល​ដែល​ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​ចុះ​ទៅ​ពិនិត្យ​ដំណើរការ​នៃ​ការដ្ឋាន​សំណង់​នេះ ។

លោក បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាត់ដំបង​ខនស៍​ស៊ី​មេន របស់​ចិន បាន​សម្រេច​បោះទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​១៧​លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​ផលិត​ស៊ីម៉ងត៍​មួយ​នេះ ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ជិត​២៥០​ហិច​តា​។ រោងចក្រ​នេះ គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១៨ ដែល​នឹង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង​៥០០​នាក់​។ រោងចក្រ​នេះ មាន​លទ្ធភាព​អាច​ផលិត​ស៊ីម៉ងត៍​បាន​ជិត​ពីរ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។

ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​ថា រោងចក្រ​ស៊ីម៉ងត៍​នេះ ជា​សមិទ្ធផល​ថ្មី​មួយ​ប្រកបដោយ​មោទនភាព និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តបាត់ដំបង​។ ស៊ីម៉ងត៍​ជា​តម្រូវការ​ចាំ បាច់​សម្រាប់​ប្រជាពលរដ្ឋ​។ ឯកឧត្តម បាន​បញ្ជាក់​ថា ខេត្តបាត់ដំបង​ស្វាគមន៍​ជា​និច្ច​ចំពោះ​ក្រុមហ៊ុន​ទាំងឡាយ​ណា ដែល​មាន​បំណង​មក​បោះទុន​វិនិយោគ​នៅ​ក្នុង​ខេត្តបាត់ដំបង​៕

ប្រភព​ពីៈ ទូរទស្សន៍​បាយ័ន