សារអេឡិចត្រូនិច
ចាប់ខ្លួន​នគរបាល ការពារ​ព្រំដែន​លេខ​៧៩៣ និង​ស្រី​ស្នេហ៍ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន


ព្រះ​វិហារ​: កម្លាំង​កងរាជអាវុធហត្ថ ស្រុក​ជាំ​ក្សាន្ត បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន មន្ត្រី​នគរបាល នៅ​អង្គភាព ការពារ​ព្រំដែន លេខ​៧៩៣ និង​ស្រី​ស្នេហ៍ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។

ប្រតិបត្តិ​ការណ៍​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ប្រុស​ស្រី​២​នាក់​នេះ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ជាក់ស្តែង​នេះ​បាន​ធ្វើ​ឡើង​នៅ រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​ឈើទាល​គង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដឹកនាំ​ដោយ លោក ផុ​ន បូ​រ៉ា​មេបញ្ជាការ​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត សហការ​ជាមួយ​កម្លាំង​ស្នាក់​ការ​សន្តិ​សុខភូមិ​ធម្មជាតិ ដោយ​ប្រើប្រាស់​រថយន្ត ២​គ្រឿង​។ 

មន្ដ្រី​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​នេះ​ទី​១.​ឈ្មោះ សួង សុ​ផាត អាយុ​៣២​ឆ្នាំ មុខរបរ​នគរបាល បម្រើ​ការ​នៅ​អង្គភាព​ការពារ​ព្រំដែន លេខ​៧៩៣ ទី​២.​ឈ្មោះ យ៉ែ​ម សា អាយុ ២៦​ឆ្នាំ ភេទ​ស្រី​(​ស្រី​ស្នេហ៍​)

ក្នុង​នោះ​ជំនាញ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក ២​កញ្ចប់ ទូរស័ព្ទ​ដៃ​២​គ្រឿង និង​លុយ​មួយ​ចំនួន​។

ក្រោយ​ឃាត់ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​សួរនាំ​រួច ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​បន្ដ​ទៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ដ​៕

ព័ត៌មានថ្មីៗ