សារអេឡិចត្រូនិច
ជិះ​ម៉ូតូ​បុក​ជាមួយ​ខឿន​សួនច្បារ ធ្លាក់​ម្តាយមីង​ពីលើ​ម៉ូតូ ត្រូវ​រថយន្ត​កិន​ស្លាប់


ភ្នំពេញ​: ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង យ៉ាង​អាណោចអាធម៌ ខ​ណះ​ស្ត្រី​ម្តាយមីង​និង​ក្មួយ​ប្រុស ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ធ្វើការ​រោងចក្រ ស្រាប់តែ​ជ្រុល​ទៅ​បុក​ជាមួយ​ខឿន​សួនច្បារ បណ្តាល​ឲ្យ​ផ្លោង​ធ្លាក់​ពីលើ​ម៉ូតូ​ខ្ទាត​ទៅ​កណ្តាល​ថ្នល់ រថយន្ត​១​គ្រឿង​មក​ដល់​ចាប់​ហ្វ្រាំង​មិន​ទាន់ កិន​ស្លាប់​ម្តាយមីង​ក្មួយ​ប្រុស​រង​របួសស្រាល​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ ស្ថិត​ត្រង់​ចន្លោះ​ស្ពាន​៩-១០ ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​។

ស្ត្រី​ម្តាយមីង​ដែល​ស្លាប់​មានឈ្មោះ រស់ រឿ​ន អាយុ​៣៤០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រីឯ​ក្មួយ​ប្រុស​រង​របួស​ឈ្មោះរ​ដ្ឋា អាយុ​២៤​ឆ្នាំ ទាំង​២​នាក់​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​។

តាម​សាក្សី​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​ហ្សូ​គី ឡេ​ត ពណ៌​.​ស ស្លាក​លេខ​កំពង់ចាម 1P-6025 ឌុ​ប​គ្នា​២​នាក់​(​ម្តាយមីង​និង​ក្មួយ​ប្រុស​)​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​ជិះ​ចូល​ក្រុង​) ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជ្រុល​ទៅ​បុក​ជាមួយ​ខឿន​សួនច្បារ បណ្តាល​ឲ្យ​ផ្លោង​ធ្លាក់​ម្តាយមីង​ពីលើ​ម៉ូតូ​ខ្ទាត​ទៅ​កណ្តាល​ថ្នល់ ត្រូវ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​3A-3385 មក​ដល់​ចាប់​ហ្វ្រាំង​មិន​ទាន់​កិន​ស្លាប់​តែ​ម្តង ហើយ​ក្មួយ​ប្រុស​រង​របួសស្រាល​។

ក្រោយ​ពី​កើតហេតុ ភ្លាម​អ្នកបើកបរ​រថយន្ត​បង្ក បាន​ចុះ​គេចខ្លួន​បាត់​។ ចំណែក​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​។ វត្ថុ​តាង​ពាក់ព័ន្ធ ត្រូវ​បាន​ជំនាញ យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា នា​ពេល​ក្រោយ​៕