សារអេឡិចត្រូនិច
សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃ​រដ្ឋសភា


ភ្នំពេញ​: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​ដឹកនាំ កិច្ចប្រជុំ​គណៈ ក​ម្មា​ធិ​ការ​អចិ​ន្ត្រៃ​យ៏ នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ពិនិត្យ​លើ​របៀបវារៈ ចំនួន​៣​រួម​មានៈ

១-​ការ​ពិនិត្យ​លើ​សំណើ សុំ​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​យល់ព្រម លើ​ពិធីសារ​ទី​៣ ធ្វើ​វិសោធនកម្ម កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ នៅ​ក្រោម​កិច្ចព្រមព្រៀង ក្រប​ខណ្ឌ​សហប្រតិបត្តិការ សេដ្ឋកិច្ច​ទូលំ​ទំលាយ ក្នុង​ចំណោម​រដ្ឋាភិបាល នៃ​ប្រទេស​ជា​សមាជិក សមាគម​ប្រជាជាតិ អាស៊ី​អាគ្នេយ៍ និង​សាធារណរដ្ឋ​កូរ៉េ​។ 

២-​ការ​ពិនិត្យ​សំណើ សុំ​បញ្ចូល​ក្នុង​របៀបវារៈ នៃ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៨ នីតិកាល​ទី​៥ នូវ​សេចក្តី​ស្នើ​ច្បាប់ ស្តី​ពី​វិសោធនកម្ម​ច្បាប់ ស្តី​ពី​លក្ខន្តិកៈ មន្ត្រីរាជការ នៃ​ក្រុម​នីតិប្បញ្ញត្តិ​។ 

៣-​ការ​ពិនិត្យ​លើ​សេចក្តី​ព្រាង របាយការណ៍ ស្តី​ពី​សកម្មភាព​របស់ រដ្ឋសភា ចន្លោះ​សម័យ ប្រជុំ​រដ្ឋសភា លើក​ទី​៧ និង​លើក​ទី​៨​។

លោក ឈាង វុន សមាជិក​គណៈកម្មាធិការ អចិន្ត្រៃយ៍​សភា បាន​ថ្លែង​ថា របៀបវារៈ​ទាំង​បី ខាងលើ​នេះ ត្រូវ​បាន​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ដាក់​ចូល ក្នុង​របៀបវារៈ​ប្រជុំ​សភា នៅ​ពេល​ខាង​មុខ​នេះ (​មិន​ទ​ទាន់​កំណត់​ថ្ងៃ​)​។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា នឹង​ប្រជុំ​ម្តងទៀត ដើម្បី​កំណត់​ថ្ងៃ​ប្រជុំ​សភា នៅ​ពេល​ដែល សភា​ចូល​កង​វិញ​៕