សារអេឡិចត្រូនិច
អាជីវកម្ម​បូម​ខ្សាច់ និង​ជីក​អាចម៍ដី មួយ​ចំនួន សង្ស័យ​គ្មាន​ច្បាប់ ប៉ុន្តែ​មន្ត្រី​ជំនាញ​ថា មានច្បាប់​ទាំងអស់


សៀមរាប​: បច្ចុប្បន្ន​នេះ ទីផ្សារ​លក់​ខ្សាច់ និង​អាចម៍ដី នៅ​ខេត្តសៀមរាប កំពុង​មានការ​កើន​ទ្បើ​ង​ខ្លាំង ព្រោះ​ការដ្ឋាន​សំណង់​ធំ​ៗ ដូច​ជា សណ្ឋាគារ​, ផ្ទះសំណាក់​, ភូមិ​គ្រឹះ​, ផ្ទះល្វែង និង​សំណង់​សំខាន់​ៗ ផ្សេង​ៗ​ទៀត គឺ​កំពុង​ធ្វើ​សកម្មភាព ដឹក​ជញ្ជូន​ទាំង​យប់ ទាំង​ថ្ងៃ ចូល​ក្រុង​សៀមរាប យក​ទៅ​ផ្គត់​ផ្គត់ អោយ​អតិថិជន មមាញឹក​បំផុត​។

សេចក្តីរាយការណ៍ បានអោយ​ដឹង​ថា ខ្សាច់​មាន​តម្លៃ ៣៥ ដុល្លារ​អា​មេ​រិ​ក ក្នុង​១​រថយន្ត​បែន ចំណុះ​៥​ម៉ែត្រគូប​កើន​ទ្បើ​ង​៥​ដុល្លារ ធៀប​ឆ្នាំ​មុន ដែល​ឆ្នាំ​នេះ ខ្សាច់​ថ្លៃ​ដល់ ៧ ដុល្លារ ក្នុង​១​ម៉ែត្រ គូប​ឯណោះ​។

ប្រភព​ព័ត៌មាន បានអោយ​ដឹង​ថា ការដ្ឋាន​បូម​ខ្សាច់ និង​ការដ្ឋាន​ជីក​អាចម៍ដី ទាំង​មានច្បាប់ និង​គ្មាន​ច្បាប់ មាន​រាប់​សិប​កន្លែង នៅ​ទូ​ទាំង​ខេត្តសៀមរាប​ដែល​ការដ្ឋាន​អាជីវកម្ម គ្មាន​ច្បាប់​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​ដែនដី ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​។

ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន រាយការណ៍​ថា មាន​ការដ្ឋាន​បូម​ខ្សាច់​ខ្លះ ស្ថិត​នៅ​តំបន់​ស្ទឹងតូច ក្នុងភូមិ​កំពីងរាជ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ជាប់​ព្រំប្រទល់ ស្រុក​បន្ទាយស្រី សង្ស័យ​គ្មាន​ច្បាប់​។

ប្រភព​បន្ត​ថា មាន​ការដ្ឋាន​បូម​ខ្សាច់ ខ្នាត​ធំ​២​កន្លែង​ទៀត ជា​របស់​ឈ្មួញ ឈ្មោះ​វ៉ៃ សុខុម និង​យាយ​យិ​ន កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​រាល់ថ្ងៃ ក៍​សង្ស័យ​ថា​គ្មាន​ច្បាប់​ដែរ​។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តសៀមរាប លោក​មាស ជូ​រ៉ា​នី បានឱ្យ​ភ្នាក់ងារ គេហទំព័រ ស៊ី​អ៊ី​អិន ប្រចាំ​ខេត្តសៀមរាប ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧​ថា ការដ្ឋាន​បូម​ខ្សាច់​របស់​ឈ្មោះ​វ៉ៃ សុខុម និង​ស្ដ្រី​ឈ្មោះ​យិ​ន ស្ថិត​នៅ​ឃុំ​ពាក់​ស្បែក ស្រុក​អង្គរធំ មានច្បាប់​ត្រឹមត្រូវ មិន​ដូច​ការ​ចោទប្រកាន់ របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។

លោក​ប្រធាន​មន្ទីរ មាន​ប្រសាសន៍​ថា ការដ្ឋាន​បូម​ខ្សាច់ មានច្បាប់​នៅ​ទូ​ទាំង​ខេត្តសៀមរាប មាន​ចំនួន​៧​ទីតាំង​, ការដ្ឋាន​ជីករណ្តៅ​ដី មាន​ចំនួន​២​ទីតាំង និង​ការដ្ឋាន​ជីក​យក​អាចម៍ដី តាម​វាលស្រែ មាន​ជាង ១០ ទីតាំង​។

អ្នក​សារព័ត៌មាន មិន​អាច​ទាក់ទង​លោក វ៉ៃ សុខុម និង​ស្ត្រី​ឈ្មោះ​យិ​ន បាន​ទេ ដើម្បី​សាកសួរ​ពាក់ព័ន្ធ ទៅ​នឹង​អាជីវកម្ម​បូម​ខ្សាច់ របស់​ពួក​គាត់​ថា តើ​មានច្បាប់ ឬ​មួយ​គ្មាន​ច្បាប់ ហើយ​ស្ថិត​ក្នុង​តំបន់ហាមឃាត់ អប្សរា​ដែរ​ឬទេ​។

ប្រជាពលរដ្ឋ សន្យា​ថា​នឹង​រាយការណ៍ ដល់​ភ្នាក់ងារ គេហទំព័រ ស៊ី​អ៊ី​អិន ប្រចាំ​ខេត្តសៀមរាប បន្ថែម​ទៀត ពាក់ព័ន្ធ​ទៅ​នឹង​ការដ្ឋាន​មួយ​ចំនួន កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ និង​ជីក​យក​អាចម៍ដី បំពាន​ច្បាប់ ចូល​ក្នុង​តំបន់​អាជ្ញាធរ​អប្សរា ដោយ​សង្ស័យ​ចាយ លុយ ក្រោម​តុ ទៅ​អោយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មួយ​ក្តាប់​តូច​៕