សារអេឡិចត្រូនិច
ក្រុមហ៊ុន edotco ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់បង្គោលអង់តែនទូរស័ព្ទច្នៃពីដើមឫស្សីដំបូងគេ


ក្រុងដាក្កា, ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៧: ថ្ងៃនេះ ក្រុមហ៊ុន edotco Group បានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់បង្គោលអង់តែនទូរស័ព្ទដំបូងគេ ដែលប្រើប្រាស់ដើមឫស្សីសម្រាប់សង់បង្គោលអង់តែនទូរគមនាគមន៍ ដែលត្រូវបានដំឡើងនៅលើដំបូលផ្ទះក្នុងតំបន់ អ៊ុតតារ៉ា នៃក្រុងដាក្កា ប្រទេសបង់ក្លាដែស។

តាមរយៈការសហការបង្កើតជាមួយសាកលវិទ្យាល័យវិស្វកម្មបង់ក្លាដែស (BUET) និងចែកចាយដោយក្រុមហ៊ុន edotco បង់ក្លាដែស ការប្រើប្រាស់គួរឱ្យកត់សម្គាល់នៃធនធានកកើត ឡើងវិញនេះ បានរក្សាចង្វាក់ជីពចរនៃការបង្កើតថ្មីដែលមាននៅក្នុង DNA របស់ក្រុមហ៊ុន edotco ឲ្យរស់ឡើងវិញ។ ព្រឹត្តិការណ៍នេះ បានពង្រឹងតួនាទីចាស់របស់ edotco ឲ្យនៅតែឈានមុខគេក្នុងវិស័យវិស្វកម្មដែលពោរពេញដោយនិរន្តរភាព និងការស្រឡាញ់បរិស្ថានបៃតង។

តាមការស្រាវជ្រាវ និងអភិវឌ្ឍដែលដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត Syed Ishtiaq Ahmad សាស្រ្តាចារ្យវិស្វកម្មសំណង់ស៊ីវិលនៃសាកលវិទ្យាល័យ BUET បានចាប់អារម្មណ៍លើការរចនា និងលទ្ធភាព នៃការយកដើមឫស្សីមកធ្វើជាសម្ភារៈសំណង់ ជំនួសឲ្យដែកដែលគេ ធ្លាប់ប្រើជាទូទៅសម្រាប់បណ្តាញទូរគមនាគមន៍។

លោកសាស្រ្តាចារ្យបណ្ឌិត Syed Ishtiaq Ahmad បានលើកឡើងថា៖ «យើងមានមោទនភាពយ៉ាងខ្លាំង ដែលបានឃើញការដំឡើងបង្គោលអង់តែនទូរស័ព្ទធ្វើពីឫស្សីដំបូងគេនៅក្នុង ប្រទេសរបស់យើង។ បង់ក្លាដែស ជាប្រទេសដែលមានធនធានធម្មជាតិយ៉ាងច្រើនសម្បូរបែប ក្នុងនោះដើមឫស្សីគឺជាប្រភេទធនធានសម្ភារៈដែលកកើតឡើងវិញ។ ការដែលអាចប្រើប្រាស់ ធនធានទាំងនេះនៅក្នុងការរួមចំណែកដល់ការរីកចម្រើនវិស័យបច្ចេកវិទ្យារបស់ប្រទេសនេះ គឺ ជាក្រឹត្យក្រមធម្មជាតិមួយដែលមិនគួរមើលរំលង។ តាមការសិក្សាពីលទ្ធភាពបង្ហាញថាដើមឫស្សីគឺជាជម្រើសដ៏ល្អសម្រាប់ធ្វើជាសម្ភារៈបង្គោលអង់តែនទូរស័ព្ទ ដោយសារតែលក្ខណៈ សម្បត្តិជាច្រើន។ យើងសូមអរគុណចំពោះក្រុមហ៊ុន edotco ដែលបានជឿជាក់ និងការផ្តួចផ្តើមរួមចំណែកទាំងការកសាងប្រទេស និងអភិរក្សបរិស្ថាន»។

ការសិក្សាបានបង្ហាញថា ដើមឫស្សីដែលមិនទាន់កែច្នៃមានសមត្ថភាពទ្រទម្ងន់បេតុងពេលធ្វើរន្ទានិងចាក់គ្រឹះ ដែលធ្វើឱ្យវាក្លាយជាសម្ភារៈចាំបាច់មួយ សម្រាប់វិស័យសំណង់ទូរគមនាគមន៍។ វាអាចទប់ទល់នឹងកម្លាំងសន្ទុះខ្យល់បានដល់ទៅ ២១០គម/ម និងមានអាយុកាលប្រមាណ ១០ ឆ្នាំប្រសិនជាមានការថែទាំបានត្រឹមត្រូវ។ បង្គោលអង់តែនឫស្សីត្រូវ ចំណាយពេលប្រហែល ១២ថ្ងៃ ដើម្បីសាងសង់ និងប្រើប្រាស់ថាមពលតិចដើម្បី ផលិតបើ ប្រៀបធៀបទៅនឹងបង្គោលអង់តែនធ្វើពីដែក។ សំណង់នេះមានសមត្ថភាពអាចដាក់អង់តែនបានរហូតដល់ទៅ៨ ក្នុងពេលតែមួយដោយអនុញ្ញាតឱ្យបំពាក់នៅលើទីតាំងតែមួយបាន។

លក្ខណៈពិសេសមួយទៀត ដើមឫស្សីមានទម្ងន់ស្រាល ងាយស្រួលក្នុងការដឹកជញ្ជូន និងដំឡើងនៅលើដំបូលផ្ទះដោយគ្មានការដាក់បន្ទុកបន្ថែមនៅលើអគារ។ សំណង់ត្រូវបានដាក់ ពង្រាយដោយឆ្លងកាត់ការប្រើប្រាស់សារធាតុគីមីដើម្បីការពារសត្វកណ្តៀរ ការបំផ្លាញពីផ្សិត និងលក្ខខណ្ឌអាកាសធាតុមិនល្អមួយចំនួន។ ដើម្បីធានាបាននូវការដាក់ពង្រាយសំណង់បង្គោលអង់តែនទូរស័ព្ទធ្វើពីដើមឫស្សីទទួលបានជោគជ័យ ក្រុមហ៊ុន edotco បានពិសោធធ្វើសំណង់សាកល្បងមួយនៅក្នុងតំបន់ Kanchpur នៃទីក្រុងដាក្កា កាលពីខែធ្នូកន្លងទៅ។

លោក Suresh Sidhu នាយកប្រតិបត្តិនៃក្រុមហ៊ុន edotco Group បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន edotco តែងតែធ្វើពិសោធជាមួយសមា្ភរៈ និងផ្តល់ដំណោះស្រាយច្នៃប្រឌិតថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមនៃឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ បង្គោលអង់តែនទូរស័ព្ទធ្វើពីដើមឫស្សី គឺជាការច្នៃប្រឌិតថ្មីចុងក្រោយបំផុត ដែលយើងផ្តើមគំនិតប្រើប្រាស់ធម្មជាតិ ធនធានកកើតឡើងវិញ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន។ យើងមានមោទនភាពណាស់ដែលបានសហការបង្កើតនូវដំណោះស្រាយនេះជាមួយសាកលវិទ្យាល័យ BUET ហើយសង្ឃឹមថា យើងនឹងអាចបន្តសហការគ្នាក្នុងវិស័យផ្សេងៗទៀត។ ទន្ទឹមនឹងនេះ វាក៏បានបញ្ជាក់យ៉ាងច្បាស់ពីគុណភាពនៃធនធានមនុស្សនៅក្នុងប្រទេសបង់ក្លាដែស ដែលយើងអាចក្លាយជាមគ្គុទ្ទេសក៍ដ៏ឆ្នើមនៅក្នុងទីក្រុងដាក្កា»។

ក្រុមហ៊ុន edotco នឹងពង្រីកវិសាលភាពសំណង់ដើមឫស្សីជាច្រើនទៀត ជានិមិត្តរូបនៃគោលគំនិត (P.O.C) ក្នុងតំបន់ផ្សេងៗនៃទីក្រុងដាក្កា នៅឆ្នាំ ២០១៧ ហើយនៅឆ្នាំ ២០១៨ ក្រុមហ៊ុន edotco នឹងយកដំណោះស្រាយនេះ ទៅកាន់ទីផ្សារផ្សេងទៀត ដែលក្រុមហ៊ុនមានប្រតិបត្តិការ និងសម្បូរទៅដោយដើមឫស្សី។

អំពីក្រុមហ៊ុន edotco Group

ក្រុមហ៊ុន edotco Group បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួម ផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន edotco Group ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើម រហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម័្ពន្ធ បណ្តាញទូរស័ព្ទ រួមមាន៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គីសនីការភ្ជាប់ បណ្តាញសេវាទូរស័ព្ទនិងសេវាតំហែទាំលើស្ថានីយផ្សាយ របស់ក្រុមហ៊ុនទូរស័ព្ទ។  

ក្រុមហ៊ុន edotco ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង២៥.០០០ប្រចាំទីផ្សារចម្បងៗក្នុងប្រទេសម៉ាឡេស៊ី ភូមា បង់ក្លាដែស កម្ពុជា និងស្រីលង្កា ដោយក្នុងនោះបង្គោលអង់តែនជាង១៧.១០០ដំណើរការផ្ទាល់ដោយក្រុមហ៊ុន edotco និងជាង ៨.១០០ ផ្សេងទៀតគ្រប់គ្រងដោយសេវាកម្មគ្រប់គ្រងបង្គោលអង់តែន។ ក្រុមហ៊ុន edotco ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និង ដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគ្រាំទ្រដោយសេវា echo ដែល ជំរុញដល់ប្រសិទ្ធភាពក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយដូចជា ការប្រើប្រាស់ អាគុយថាមពលអគ្គីសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ 

ក្រុមហ៊ុន edotco Bangladesh ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ ដើម្បីផ្តល់សេវាហេដ្ឋា រចនាសម្ព័ន្ធទូរគមនាគមន៍ដល់អតិថិជន និងការដេញថ្លៃ ដើម្បីក្លាយជាមជ្ឈមណ្ឌលបណ្ដាញ ទូរគមនាគមន៍ចម្រុះបែប និងសេវារលកវិទ្យុក្នុងប្រទេសបង់ក្លាដែស។ ជាមួយនឹងការគ្រប់គ្រង និងដំណើរការបង្គោលអង់  តែនជាង៨.២០០ ក្រុមហ៊ុន edotco Bangladesh ស្ថិតនៅក្នុងស្ថានភាពមួយដ៏ល្អជាមួយអ្នកជំនាញដើម្បីរួមចំណែកឆ្ពោះទៅរកការផ្លាស់ប្តូរទីក្រុងដាក្កា ទៅជាមជ្ឈមណ្ឌលនៃការច្នៃប្រឌិត និងឧត្តមភាព(Center of Innovation and Excellence) ដែលជាចក្ខុវិស័យអនាគតសម្រាប់ព្រឹត្តិការណ៍ Digital Bangladesh 2021។

ថ្មីៗនេះ ក្រុមហ៊ុន edotco Group ទទួលបានរង្វាន់ the Frost & Sullivan 2016 Southeast Asia Telecoms Tower Company ប្រចាំឆ្នាំ ២០១៦។ ការទទួលបានរង្វាន់នេះ ជាសក្ខីភាពបញ្ជាក់ពីភាពលូតលាស់របស់ក្រុមហ៊ុន edotco Group ក្នុងតំបន់អាស៊ីអាគ្នេយ៍។ 

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.edotcogroup.com