សារអេឡិចត្រូនិច
Rain និង James Ma នឹង​លេចមុខ​ក្នុង​រឿង​ភាគ​ថ្មី​របស់ PNN នៅ​ម៉ោង​៦​ល្ងាច


ភ្នំពេញ​: កំពូល​តារា K-Pop លោក Rain និង​កំពូល​តារា​សម្តែង​ថៃ លោក James Ma នឹង​លេចមុខ នៅ​ក្នុង​រឿង​ភាគ​ថ្មី របស់​ស្ថានីយទូរទស្សន៍ PNN នៅ​ម៉ោង​៦​ល្ងាច​។ 

ស្ថានីយទូរទស្សន៍​PNN បាន និង​កំពុង​បន្ត​នាំ​យក​ខ្សែភាពយន្ត​ភាគ​ល្បី​ៗ​ជា​ច្រើន​ដើម្បី​មក​ចាក់​ផ្សាយ​នៅ​ក្នុង​ម៉ោង ៦:០០-៧:០០​យប់ ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​ប្រិ​យ​មិត្ត ដែល​គាត់​មាន​ពេលវេលា សម្រាប់​ទស្សនា ខ្សែភាពយន្ត​ភាគ ក្នុង​ម៉ោង​នេះ​។  

តារា​ទាំង​ពីរ​ដួង​នេះ នឹង​បង្ហាញខ្លួន​ក្នុង​ខ្សែភាពយន្ត​ភាគ​ពីរ​រឿង​ផ្សេង​គ្នា សុទ្ធ​សឹង​ជា​ភាពយន្ត​ដែល​ល្បី​ខ្លាំង និង​ទទួល​បានការ​គាំទ្រ​យ៉ាង​សន្ធឹកសន្ធាប់​ពី​ទស្សនិកជន ដោយ James Ma នឹង​មាន​វត្តមាន​ក្នុង​ខ្សែភាពយន្ត​ភាគ​ថៃ​រឿង «​សុំ​ជា​បុរស​ម្នាក់​ក្នុង​ចិត្ត​អូន​» ដោយឡែក Rain នឹង​លេចមុខ​ក្នុង​ខ្សែភាពយន្ត​ភាគ​ចិន​ដ៏​ល្បី​គឺ​រឿង «​ស្នេហ៍​ប្រែកាយ​»​។

កញ្ញា​ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​នៃ​ស្ថានីយទូរទស្សន៍​PNN បាន​និយាយ​ថា​៖ «​ការ​នាំ​យក​ខ្សែភាពយន្ត​ភាគ​ដ៏​ល្អ​ទាំង​ពីរ​នេះ​មក​ចាក់​ផ្សាយ​នៅ​PNN នៅ​ម៉ោង​នេះ សម្រាប់​ទស្សនិកជន​ដែល​សម្រាក​ពី​ការងារ និង​ការ​សិក្សា ពួក​គាត់​ក៏​អាច​ទទួលយក​នូវ​ភាព​សប្បាយ​រីករាយ​ពី​ខ្សែភាពយន្ត​ភាគ​ទាំង​ពីរ​នេះ​»​។ 

កញ្ញា​បន្ត​ទៀត​ថា​៖ «​សម្រាប់​ម៉ោង​ចាក់​ផ្សាយ​ខ្សែភាពយន្ត​ភាគ​នៅ​ម៉ោង ៦:០០-៧:០០​យប់​នេះ ក៏​នឹង​មានការ Live Streaming នៅ​លើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក PNN Drama Fan Club របស់​PNN ដូច្នេះ​សម្រាប់​ប្រិ​យ​មិត្ត​ទោះបីជា​មិន​មាន​ទូរទស្សន៍​ក៏​អាច​ទស្សនា​បាន​តាម​រយៈ​ទូរស័ព្ទ​ដៃ​ឬ​កុំ​ព្យូ​រ​ទ័​របា​ន​ដែរ​»​។ 

រឿង «​សុំ​ជា​បុរស​ម្នាក់​ក្នុង​ចិត្ត​អូន​» គឺជា​ខ្សែភាពយន្ត​ដែល​បង្ហាញ​ពី​សេចក្តី​ស្នេហា​ខុស​វណ្ណៈ រវាង​តួឯក​ប្រុស Sattawat (James Ma) និង​តួឯក​ស្រី Anusaniya (Kimberly)​។ ក្នុង​រឿង​នេះ តម្រូវ​ឲ្យ Sattawat គឺជា​គ្រូពេទ្យ​ម្នាក់ ប៉ុន្តែ​ស្ថិត​ក្នុង​គ្រួសារ​សាមញ្ញ​ដោយ​មាន​ម្តាយ​ជា​អ្នក​ញៀន​ល្បែង​។ ដោយឡែក Anusaniya គឺជា​កូនស្រី​របស់​អ្នកជំនួញ​មានទ្រព្យ​ស្តុកស្តម្ភ​ម្នាក់​។ 

ដោយសារ​តែ​ការ​ចាញ់ល្បែង​របស់​ម្តាយ​ទើប​ធ្វើ​ឲ្យ​គ្រូពេទ្យ​សង្ហារ​ម្នាក់​នេះ​ត្រូវ​ដោះ​ដូរ​ដោយ​ការ​រៀប​ការ​ជាមួយនឹង Annusaniya​។ តើ​ពួក​គេ​អាច​យល់ចិត្ត​គ្នា​ដោយ​របៀប​ណា0x017d7 

«​សុំ​ជា​បុរស​ម្នាក់​ក្នុង​ចិត្ត​អូន​» នឹង​មាន​ផ្សាយ​ជូន​ទស្សនា​នៅ​រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ពុធ វេលា​ម៉ោង ៦​ល្ងាច ទៅ​ដល់​ម៉ោង ៧​យប់ ចាប់ពី​ថ្ងៃ​ទី​៣ ខែមេសា បន្ទាប់​ពី​រឿង «​និស្ស័យ​កម្ម​ព្រះ​ភូម​»​។ 

ដោយឡែក​រឿង «​ស្នេហ៍​ប្រែកាយ​» ឬ Diamond Lover គឺជា​រឿង​ភាគ​ដំបូង​របស់ Rain នៅ​ប្រទេស​ចិន ដោយ​ទទួល​បានការ​គាំទ្រ​ខ្លាំង​បំផុត​ដោយ​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​៣​ពាន់​លាន​ដង​នៅ​លើ​អន​ឡាញ​។ 

រឿង​នេះ​ត្រូវ​បាន​ទិញ​សិទ្ធិ​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​ចំនួន​៨ ហើយ​កម្ពុជា​គឺជា​ប្រទេស​ទី​៩​ដែល​នឹង​ចាក់​ផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​លើ​កញ្ចក់​ទូរទស្សន៍​PNN​។ 

«​ស្នេហ៍​ប្រែកាយ​» រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​នារី​ម្នាក់​គឺ​នាង Mi Mei (Tiffany Tang) ដែល​ធ្លាប់តែ​មាន​រូបរាង​ធាត់ ហើយ​បាន​ទៅ​ចាប់ចិត្ត​ស្រឡាញ់​លើ​បុរស​សង្ហារ​ម្នាក់ Xiao Liang (Rain) ប៉ុន្តែ​ដោយសារ​តែ​រូបរាង​ធាត់ ទើប​ធ្វើ​ឲ្យ​នាង​បាន​ត្រឹមតែ​គិត​ប៉ុណ្ណោះ​ព្រោះ​ខ្លាច​ត្រូវ​គេ​បដិសេធ​ដោយសារ​តែ​នាង​មាន​រូបរាង​មិន​ស្អាត​។ 

រឿងរ៉ាវ​ចៃដន្យ​មួយ​បាន​កើតឡើង នារី​ដែល​ធ្លាប់តែ​មាន​រូបរាង​ធាត់​ម្នាក់​នេះ​ក៏​ត្រូវ​បាន​ប្រែ​ក្លាយជា​ស្រី​ដែល​មាន​រូបរាង​តូច​ច្រឡឹង​ស្រស់​ស្អាត និង​គួរ​ជាទី​ចាប់អារម្មណ៍​របស់​បុរស​ទាំងឡាយ ហើយ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ធ្វើ​ឲ្យ​នារី​ៗ​ជា​ច្រើន​ច្រណែន​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង​។ សម្រស់​ដ៏​ស្រស់​ស្អាត​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក​ប្រធាន​ក្រុមហ៊ុន​ច្នៃត្បូង Xiao Liang (Rain) ចាប់ចិត្ត​ស្រឡាញ់​លើ​រូប​នាង​វិញ​ម្តង​។   

«​ស្នេហ៍​ប្រែកាយ​» នឹង​ផ្សាយ​ជូន​ទស្សនា​នៅ​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ដល់​សៅរ៍ វេលា​ម៉ោង​៦​ល្ងាច​ទៅ​ដល់​ម៉ោង ៧​យប់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​PNN  ចាប់ពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៧ បន្ទាប់​ពី​រឿង «​និស្ស័យ​កម្ម​ព្រះ​ភូម​»៕  

ទស្សនា​ឈុត​ខ្លី​នៃ​រឿង​ទាំង​ពីរ​សូម​ចុច​៖

https://www.facebook.com/PNNDramaFanClub/videos/771345679688491/

https://www.facebook.com/PNNDramaFanClub/videos/795224033967322/

ព័ត៌មានថ្មីៗ