សារអេឡិចត្រូនិច
នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច ៣ ថ្ងៃ​នៅ​កម្ពុជា ក្រោយពី​បើកសម្ពោធ​ស្ពាន​ភ្ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម​


តាម​ការអញ្ជើញ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ង្វៀន សួន​ហ្វ៊ុ​ក  (Nguyen Xuan Phuc) នាយករដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ២៤ ដល់ ថ្ងៃទី​២៦ ខែ មេសា ឆ្នាំ ២០១៧​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ បង្ហាញថា ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​នេះ លោក ង្វៀន សួន​ហ្វ៊ុ​ក នឹង​ចូល​គ្រាបបង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង​។ លោក ង្វៀន សួន​ហ្វ៊ុ​ក ក៏​នឹង​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយនឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ​។​

​ក្រៅពីនេះ ក្រសួងការបរទេស​ក​ម្ពុ​ជា បានប្រកាសថា លោក ង្វៀន សួន​ហ្វ៊ុ​ក នឹង​ចូល​ថ្វាយបង្គំ​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល បង្ហាញថា នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះដែរ នាយករដ្ឋមន្ដ្រី​ទាំងពីរ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ត​ភ្ជាប់​ជ្រៃ​ធំ (​ខេត្តកណ្ដាល​) និង​ឡុង​ប៊ិ​ញ (​ខេត្ត​អាន​យ៉ាង​) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០១៧​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ង្វៀន សួន​ហ្វ៊ុ​ក នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​គូសបញ្ជាក់​ពី​ការ​ប្រារព្ធ​ឆ្នាំ​មិត្តភាព ២០១៧ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​វៀតណាម ព្រមទាំង​រួមចំណែក​ដល់​ការលើក​កំពស់ និង​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​ល្អប្រសើរ ភាពជា​អ្នកជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ នឹងមាន​ចេញផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​រួមមួយ ព្រមទាំង​មានការ​រំពឹងទុក​ថា នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ​មួយចំនួន​ផងដែរ​៕​

ព័ត៌មានថ្មីៗ