សារអេឡិចត្រូនិច
អភិបាល​រាជធានី​ភ្នំពេញ ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ បណ្ដើរ​ឆ្កែ នៅ​សួនច្បារ​សាធារណទៀត​ឡើយ​


​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បានដាក់​បទបញ្ជា ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ បណ្ដើរ​សត្វ​ឆ្កែ នៅលើ​សួនច្បារ​សាធារណៈ​ឡើយ​។ បទ​ប​ញ្ផា​ផ្ទាល់មាត់​នេះ ពីព្រោះ​តែ​លោក​អភិបាល​រាជធានី​ភ្នំពេញ លើកឡើងថា សត្វ​ឆ្កែ​ទាំងនោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​បញ្ហា​សន្ដិសុខ ជាពិសេស​បង្ក​ផលប៉ះពាល់​ដល់​ភ្ញៀវ​អន្ដរជាតិ និង​ប្រជាពលរដ្ឋ ដែល​ហាត់ប្រាណ និង​ដើរលេង​កំសាន្ដ តាម​សួនច្បារ​សាធារណៈ​ទាំងនោះ​។

​ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២១ ខែមេសា​នេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា ទៅកាន់​អាជ្ញាធរ​ខណ្ឌ​ថា បើ​ប្រជាពលរដ្ឋ​ណា នៅ​បន្ដ​បណ្ដើរ​សត្វ​ឆ្កែ តាម​សួនច្បារ​ទៀត គឺ​សមត្ថកិច្ច និង​អាជ្ញាធរ ត្រូវ​ចាប់​សត្វ​ឆ្កែ​ទាំងនោះ បោះ​ទៅលើ​ឡាន ហើយ​ដឹក​ទៅ​សាលាខណ្ឌ​។​

​លោក ប៉ា សុជាតិ​វង្ស បាន​ឲ្យ​ដឹងថា សួនច្បារ​វិមានឯករាជ្យ គឺ​អាជ្ញាធរ​ខណ្ឌចំការមន ត្រូវធ្វើ​ឲ្យ​បាន ពោលគឺ​មិន​ឲ្យ​មាន​ការដឹក​ឆ្កែ​ឡើង​សួនច្បារ​សាធារណៈ​នោះ​ទៀត​ទេ​។​

​លោក ប៉ា សុជាតិ​វង្ស បាន​លើកឡើងថា "​កន្លងមកនេះ យើង​បាន​ទាំង​ដាក់​ស្លាក​សញ្ញា​ហាម​មិន​ឲ្យ​ឆ្កែ​ចូល ប៉ុន្តែ​ការហាម​តាមរយៈ​ស្លាក​សញ្ញា​នេះ ហាក់​មិន​ប្រសិទ្ធភាព​សោះ ដោយ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​នាំ​សត្វ​ឆ្កែ មក​ជុះ​អាច​ម៌​ដាក់​លើ​សួនច្បារ​ដ​ដែរ​ជាដ​ដែរ​។ ដូច្នេះ​ទេ អាជ្ញាធរ​របស់​យើង ត្រូវតែមាន​វិធានការ​ហើយ គឺ​ត្រូវ​ចាប់​សត្វ​ឆ្កែ​ទាំងអស់នោះ ដាក់​លើ​រថយន្ត បញ្ជូនមក​សាលាខណ្ឌ ហើយ​លើ​បញ្ហា​នេះ បើ​ត្រូវ​ពឹង​កងកម្លាំង​មាន​សមត្ថកិច្ច របស់​ក្រុង គឺ​ក្រុង​ចុះជួយ​ភ្លាម​"​។​

​លោក​អភិបាល​រាជធានី បាន​បញ្ជាក់ថា "​សួនច្បារ ធ្វើ​អស់​លុយ​ច្រើនណាស់ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​យើង​ក៏ដូចជា​ភ្ញៀវ​ជាតិ​-​អន្តរជាតិ បាន​លំហែកាយ និង​ហាត់ប្រាណ មិនមែន​ធ្វើ​ឲ្យ​សត្វ​ឆ្កែ​ហាត់ប្រាណ និង​ជុះ​អាច​ម៌​ដាក់​នោះទេ​។ ជាងនេះទៅទៀត ឆ្កែ​នេះ វា​បាន​រំខាន​ទៅដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ទៀតផង​"​។​

​ក្នុង​កិច្ចប្រជុំ នៅ​ព្រឹក​មិញ​នេះ លោក ប៉ា សុជាតិ​វង្ស ក៏បាន​ដាក់បទបញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌចំការមន និង​ខណ្ឌដូនពេញ ចាត់វិធានការ ចំពោះ​ការលក់ដូរ រំលោភ​យក​សួនច្បារ ដែល​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ ពិសេស​នៅ​សួនច្បារ ក្បែរ​នាគ​បាញ់​ទឹក​។ ទីតាំង​នោះ គឺ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ដោយសារតែ​អ្នកទិញ ចត​យានយន្ត​ពេញ​ផ្លូវ​៕​