សារអេឡិចត្រូនិច
ក្តៅៗ​! ចាប់បាន​ម៉ា​ទឹកកក ១០០ គីឡូក្រាម និង ថ្នាំ​មេ​តំ​ហ្វេ​តា​មីន ៤ លាន​គ្រាប់ នៅ​ប្រទេស​ថៃ​


ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវបាន​ចាប់ខ្លួន និង ថ្នាំ​គ្រី​ស្តា​ល់​មេ​តំ​ហ្វេ​តា​មីន ឬ ម៉ា​ទឹកកក ១០០ គីឡូក្រាម តម្លៃ ២០០ លាន​បាត ត្រូវបាន​រឹបអូស បន្ទាប់ពី​ការ​ប្រដេញ​តាម​រថយន្ត​មួយគ្រឿង​នៅ​ខេត្ត​ស៊ុ​ង​ក្លា ភាគខាងត្បូង​ប្រទេស​ថៃ​។​

បុរស​ឈ្មោះ ខាន់​ចិត ស៊ី​ស៊ុ​គ (Khanchit Seesuk) អាយុ ៤៧ ឆ្នាំ មកពី​ស្រុក​ហួយ​យ៉ុ​ត ខេត្ត​ត្រាង ត្រូវបាន​ចាប់ខ្លួនបាន បន្ទាប់ពី​រត់គេច​ពី​ប៉ូលិស​បង្ក្រាប​គ្រឿងញៀន ក្នុង​រថយន្ត Fortuner ពណ៌​ស​របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ឧសភា​។ ប៉ូលិស​បាន​ដេញចាប់​បុរស​នេះ ហើយ​ទីបំផុត​ឃាត់ខ្លួន​បាន​នៅលើ​ផ្លូវ​អាស៊ី ក្នុង​តំបន់ ថា​ចាង ស្រុក​បាង​ក្លាំ ខេត្ត​ស៊ុ​ង​ក្លា​។

ការឆែកឆេរ​របស់​ប៉ូលិស​បាន​រកឃើញ​យ៉ាម៉ា​ទឹកកក ១០០ គីឡូក្រាម លាក់ទុក​នៅក្នុង​រថយន្ត ដែល​ពាក់​សា្ល​ក​លេខ​ខេត្ត​ត្រាង​។ នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​នគរបាល ឈ្មោះ សាខុន ថោង​មុនី មេ​ប៉ូលិស​តំបន់ ៩ ប្រចាំខេត្ត​ស៊ុ​ង​ក្លា ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៩ ឧសភា​នេះ​។

ថ្នាំញៀន​ទាំងអស់នេះ​មានតម្លៃ​ប្រហែល ២០០ លាន​បាត ហើយ​ប៉ូលិស​ក៏​រឹបអូស​លុយ​បាន​ចំនួន ៤០.០០០ បាត និង ខ្សែ​កមាស ៧៥ ក្រាម ពី​ខាន់​ចិត​ផងដែរ​។​

ក្នុងករណី​ដាច់ដោយឡែក​មួយទៀត មនុស្ស​បីនាក់​ត្រូវបាន​ចាប់ខ្លួន និង ថ្នាំ​មេ​តំ​ហ្វេ​តា​មីន ៤ លាន​គ្រាប់ ត្រូវបាន​រកឃើញ​លាក់ទុក​នៅក្រោម​ផ្លែឈើ​និង​បន្លែ​ក្នុង​រថយន្ត​ភី​ក​អាប់​មួយគ្រឿង នៅមុខ​ផ្ទះមួយ​ខ្នង​ក្នុង​ស្រុង​ណង​យ៉ុង ខេត្ត​ត្រាង កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

ក្រុម​បង្ក្រាប​គ្រឿងញៀន និង​ប៉ូលិស​មាន​គ្នា ១០០ នាក់​បាន​ឆ្មក់​បង្ក្រាប​ផ្ទះ​នោះ នៅ​ចម្ការកៅស៊ូ​មួយ​ក្នុងភូមិ​វ៉េ​ឡឹ​ក ។ រថយន្ត​ភី​ក​អាប់​ដឹក​បន្លែ​ផ្លែឈើ​ពេញ​មួយគ្រឿង​នោះ បាន​ចត​ចោល​នៅ​ពីមុខ​ផ្ទះ​ជនសង្ស័យ​។

ពេល​ឆែកឆេរ ប៉ូលិស​បាន​រកឃើញ​បាវ​ជីរ​កសិកម្ម ២០ បាវ ផ្ទុក​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន ៤ លាន​គ្រាប់ លាក់ទុក​នៅក្រោម​បន្លែ​ផ្លែឈើ​នៅ​ខាងក្រោយ​រថយន្ត​។

អ្នកបើកបរ​ឈ្មោះ រិទ្ធី​ចៃ ថោង​ភឿង អាយុ ៣០ ឆ្នាំ មកពី​ខេត្ត​ក្របី និង​បក្ខពួក​ពីរ​នាក់ (​ស្រី​ម្នាក់​ប្រុស​ម្នាក់​) ត្រូវបាន​ចាប់ឃុំខ្លួន​។ នេះ​បើតាម​សម្តី​អភិបាលខេត្ត​ត្រាង លោក សិរី​ផាត់ ប៉ាត់​ថា​ណា​គុល បាន​ប្រាប់​នៅ​សន្និសីទកាសែត​កាលពី​ថ្ងៃ​សុក្រ​នេះ​។ 

លោក​អភិបាលខេត្ត​និយាយថា ថ្នាំញៀន​ទាំងនោះ​ត្រូវបាន​ជួញដូរ​ពី​ខេត្ត​ភាគ​ខាងជើង និង ភាគ​ឦសាន បម្រុង​យកទៅ​ខេត្ត​ចុង​ភាគខាងត្បូង និង​អាច​ទៅ​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​។ លោក​អភិបាល​បន្តថា មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ប៉ូលិស​ច្រើន​កន្លែង​ណាស់​តាម​ដងផ្លូវ ដូច្នេះ​ពួក​ជួញដូរ​គ្រឿងញៀន​បានជ្រើសរើស​ប្រើ​ខេត្ត​ត្រាង​ជា​ចំណុច​ផ្ទេរ​គ្រឿងញៀន​៕ 

អត្ថបទ៖ រស្មីកម្ពុជា