សារអេឡិចត្រូនិច
ជប៉ុន បញ្ចេញ​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង បន្ទាប់ពី​ចិន​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​


ជប៉ុន​បាន​និយាយថា ខ្លួន​បាន​បញ្ជូន​ចេញ​នូវ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​បន្ទាប់ពី​នាវា​ចិន​មួយ​​ដែល​បាន​បើក​នៅ​ដែនទឹក​ដែលមាន​ជម្លោះ បាន​បង្ហោះ​យន្តហោះ​ដ្រូ​ន (​យន្តហោះ​គ្មាន​មនុស្ស​បើក​) មួយគ្រឿង​។​
​នេះ​ជា​ភាព​តានតឹង​ចុងក្រោយ​បំផុត​អំពី​ជម្លោះទឹកដី​ដែលមាន​រយៈពេល​ជា​យូរ​មកហើយ​នោះ​។​

ប្រទេស​ទាំង​២​នេះ មានការ​ខ្វែងគំនិត​គ្នា​ដោយ​ប្រឈមមុខ​ដាក់គ្នា​អំពី​ប្រជុំ​កោះ​តូចៗ​មួយចំនួន​ដែល​គ្មាន​មនុស្ស​រស់នៅ គឺ​ប្រជុំ​កោះ​ស៊ិន​កា​គុ (​ជា​ភាសា​ជប៉ុន​) ឬ​ហៅ ទាវ​យូ (​ជា​ភាសា​ចិន​) នៅ​សមុទ្រ​ចិន​ខាងកើត​។​

លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​ថា ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ថា ជប៉ុន បានដាក់​ពាក្យ​តវ៉ា​ជាខ្លាំង​ដោយ​ចោទ​ចិន​ថា​បាន​បង្កើន​ភាព​តានតឹង ។​

ក្រសួងការពារជាតិ​ជប៉ុន​បាន​និយាយថា ជប៉ុន បាន​បញ្ជូន​ចេញ​យន្តហោះ​ចម្បាំង​ចំនួន​៤​គ្រឿង ដោយ​រួមទាំង​យន្តហោះ​ចម្បាំង​F-15​ចំនួន​២​គ្រឿង និង យន្តហោះ​AWACS មួយគ្រឿង ទៅកាន់​ដែនទឹក​នៅ​ជុំវិញ​ប្រជុំ​កោះ​នោះ​។​

នាវា​កង​ឆ្មាំ​សមុទ្រ​ជាច្រើន​គ្រឿង​ដែល​មកពី​ប្រទេស​ទាំង​២​នេះ បើក​ល្បាត​ជាធម្មតា​នៅ​តំបន់​នោះ​ដើម្បី​បង្ហាញថា​តំបន់​នោះ​គឺជា​ទឹកដី​របស់​ពួកគេ​។​

ហេតុការណ៍​ចុងក្រោយ​បំផុត​នេះ បានកើត​ឡើង​ស្របពេល​ដែល​កង​ឆ្មាំ​សមុទ្រ​ជប៉ុន បាន​និយាយថា ​នាវា​ចិន​ចំនួន​៤​គ្រឿង​បាន​បើក​ចូលក្នុង​ដែនទឹក​ជប៉ុន កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

អត្ថបទ៖ រស្មីកម្ពុជា