សារអេឡិចត្រូនិច
បុរស​កូរ៉េខាងត្បូង​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ថៃ ពីបទ​បោក​បញ្ឆោត​ស្ត្រី​ថៃ​ច្រើន​នាក់​ឱ្យ​រកស៊ី​ផ្លូវភេទ​


មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​ខែសីហា​ថា បុរស​កូរ៉េ​ខា​ត្បូង​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​បោក​បញ្ឆោត​ស្ត្រី​ថៃ​ជាង​២០​នាក់​ឱ្យធ្វើជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដោយ​ការបង្ខិតបង្ខំ នៅ​ប្រទេស​របស់គាត់​នោះ ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​

​លោក គីម យ៉ុង ជុន បុរស​កូរ៉េខាងត្បូង អាយុ​៣៩​ឆ្នាំនេះ ត្រូវបាន​គេ​ជឿថា​ជា​សមាជិក​នៃ​ក្រុម​ឧក្រិដ្ឋជន​ច្រើន​ជាតិ​សាសន៍​ដែល​បោក​បញ្ឆោត​និង​បញ្ជូន​ស្ត្រី​ថៃ​ច្រើន​នាក់​ឱ្យធ្វើជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​កូរ៉េខាងត្បូង ហើយ​ការចាប់ខ្លួន​បុរស​នេះ បន្ទាប់ពី​មានការ​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​និង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ដើម្បី​កម្ចាត់​ក្រុម​នេះ​។​

​ប៉ូលិស​ថៃ បាន​និយាយថា លោក គីម យ៉ុង ជុន បាន​សន្យា​ផ្តល់​ការងារ​ជា​អ្នក​ម៉ាស្សា​ដល់​ស្ត្រី​ទាំងនោះ​នៅ​កូរ៉េខាងត្បូង​។ ប៉ុន្តែ នៅពេល​ទៅដល់ ពួកគេ​ត្រូវបាន​បង្ខំ​ឱ្យធ្វើជា​ស្ត្រី​បំរើ​ផ្លូវភេទ ដោយ​ក្រុម​មេបន ដែល​បាន​ដកហូត​លិខិតឆ្លងដែន​របស់​ពួកគេ​ហើយ​រារាំង​ការប៉ុនប៉ង​ការរត់​គេច​។​

​លោក គីម ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​សីហា នៅផ្ទះ​របស់គាត់​នៅ​ទីក្រុង​បាងកក និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញដូរ​មនុស្ស​៕ ដោយ៖ សុខា

អត្ថបទ៖ រស្មីកម្ពុជា