សារអេឡិចត្រូនិច
១៩ នាក់ ស្លាប់ និង​របួស ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃ​សៅរ៍​នេះ​


​របាយការណ៍​របស់​ប៉ូលិស​បង្ហាញថា នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែសីហា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ១១​លើក បណ្តាល​ឲ្យ​ស្លាប់ ៨​នាក់ និង​របួស ១១​នាក់​។ មូលហេតុ​គ្រោះថ្នាក់ ដោយសារតែ​បើកបរ​ល្មើស​ល្បឿន​កំណត់ ៦​លើក មិន​គោរព​សិទ្ធិ ១​លើក មិន​ប្រកាន់​ស្តាំ ១​លើក បត់​គ្រោះថ្នាក់ ១​លើក និង​ប្រជែង ២​លើក​។

​របាយការណ៍​ដដែល បង្ហាញថា អ្នកស្លាប់​ទាំង ៨​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ៦​នាក់ ( មិន​ពាក់មួក​សុវត្ថិភាព ៥​នាក់ ) រថយន្ត​តូច ១​នាក់ និង​ថ្មើរជើង ១​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃ​សៅរ៍​នេះ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ ៩​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ ៤ គ្រឿង យាន​ផ្សេងៗ ២​គ្រឿង និង​ថ្មើរជើង ១​នាក់​។​

​របាយការណ៍​របស់​ប៉ូលិស​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បង្ហាញថា ពីថ្ងៃ​ទី​១-១៩ ខែសីហា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ១៨៦ លើក បណ្តាល​ឲ្យ​ស្លាប់ ៩០ នាក់ របួស​សរុប ២៧៤ នាក់​។ រីឯ​មូលហេតុ​គ្រោះថ្នាក់ ច្រើនជាងគេ បង្កឡើង​ដោយសារតែ​បើកបរ​ល្មើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ និង​មិន​ប្រកាន់​ស្តាំ​៕​