សារអេឡិចត្រូនិច
Cambodia Daily ប្រឈម​ការ​រឹបអូស​ទ្រព្យ​និង​បិទ​ចោល​ដោយសារ​ជំ​ពាក់ពន្ធ​រដ្ឋ​ជាង​៦​លាន​ដុល្លារ​


(​ភ្នំពេញ​)៖ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បាន​ថ្លែង​អះអាង​ប្រាប់​ហ្វ្រេស​ញូ​វ​នៅ​យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧​នេះ​ថា កាសែត Cambodia Daily​ប្រឈម​នឹង​ការ​ត្រូវ​រឹបអូស​​យក​ទ្រព្យសម្បត្តិ និង​បិទ​មិនអោយ​ដំណើរការ​ប្រសិន​កាសែត​បែប​ព្រឹត្តិបត្រ​ព័ត៌មាន​មួយ​នេះ​មិន​ព្រម​បង់ពន្ធ​ជូន​រដ្ឋ​ក្រោយ​ឱសានវាទ​​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​។​

លោក គង់ វិបុល បាន​ថ្លែង​បញ្ជាក់ប្រាប់​សារព័ត៌មាន​ខាងលើ​ថា កាសែត​នេះ​បាន​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​អស់​១០​ឆ្នាំ​(២០០៧-២០១៦)​មាន​ទឹកប្រាក់​២៥.៧៥៦.០១៥.៦៩៥ រៀល​ស្មើនឹង​ជាង​៦​លាន​ដុល្លារ​អាមេរិក​។​បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ជូនដំណឹង​អំ​ពី​ការកំណត់​ពន្ធ​ឡើងវិញ ម្ចាស់​Cambodia Daily​បាន​តវ៉ា​ថា​ក្រុមហ៊ុន​របស់ខ្លួន​ជា​ប្រភេទ​អង្គការក្រៅរដ្ឋាភិបាល (NGO)​មិន​សំ​ដៅ​រកប្រាក់​ចំណេញ​ឡើយដូច្នេះមិនជាប់កាតព្វកិច្ចពន្ធទេ ប៉ុន្តែ​ការឆ្លើយតប​នេះ ត្រូវបាន​អគ្គ​យក​ដ្ឋា​ន​ពន្ធដារច្រានចោល​ព្រោះថា កាសែត Cambodia Daily មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ ដែលជា​ប្រភេទ​ក្រុមហ៊ុន​អាជីវកម្ម​។​

​លោក​អគ្គនាយក​បា​នប​ន្ថែ​ម​ថា​ ​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧​ខាងមុខនេះ អគ្គនាយដ្ឋាន​ពន្ធដារ​នឹង​ចេញ​លិខិតផ្លូវការ​មួយទៀត បញ្ជាក់ថា​« កាសែត Cambodia Daily ជំពាក់​បំណុល​ពន្ធ ហើយ​ពន្ធដារ​នឹង​ចាប់ផ្តើម​អនុវត្ត​ការ​រឹបអូស​ពន្ធ​នេះ​។​ចំពោះ​ការ​អនុវត្តន៍​ការ​រឹបអូស​ពន្ធ​នេះ នឹងត្រូវ​ធ្វើតាម​ច្បាប់​សារពើពន្ធ ដោយមាន​ការព្យួរ​អាជ្ញា​ប័ណ្ណ បង្កក​គណនី​ក្រុមហ៊ុន ផ្អាក​ការនាំចេញ​នាំចូល ហើយ​ឈានដល់​ការបិទ​កាសែត​ទាំងស្រុង​តែម្តង ប្រសិនបើ​កាសែត​នេះ មិន​បង់ពន្ធ​ជូន​រដ្ឋ​ទេនោះ​»៕​

អត្ថបទ៖ រស្មីកម្ពុជា