សារអេឡិចត្រូនិច
ចិន ទទូច អាមេរិក​-​ជប៉ុន បញ្ឈប់​ធ្វើ​អត្ថាធិប្បាយ​ផ្តេសផ្តាស​លើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ខាងកើត​


​ជាថ្មី​ម្តងទៀត រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បញ្ឈប់​ការធ្វើ​អត្ថាធិប្បាយ​ពី​តំបន់​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត ដែល​ក្រុង​ប៉េកាំង អះអាងថា តំបន់​ទាំងនេះ កំពុងតែ មាន​ស្ថិរភាព​ហើយ​នោះ​។

​យោងតាម​ភ្នាក់ងារ​សារព័ត៌មាន​ចិន Xinhua អាមេរិក និង​ជប៉ុន នៅ​ថ្ងៃទី​១៧ សីហា កន្លងទៅ បាន​ព្រមព្រៀងគ្នា​អះអាង​ជាថ្មី​លើ​មាត្រា​៥ នៃ​សន្ធិសញ្ញា​សន្តិសុខ​កំពូល​ទ្វេភាគី​អាមេរិក​-​ជប៉ុន​ដើម្បី​យកទៅអនុវត្ត​លើ​ស្ថានភាព ប្រជុំ​កោះ Daioyu (​ហៅ​ដោយ​ចិន​)​នៃ​សមុទ្រ​ចិន​ខាងកើត និង​ថែមទាំង​បង្ហាញ​ជំហរ​ព្រួយបារម្ភ​ខ្លាំង​លើ​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​ទៀត​។ តាមរយៈ​មាត្រា​៥​នោះ អាមេរិក នឹង​ការពារ​ជប៉ុន​ពី​ការឈ្លានពាន​នានា​។

​ជុំវិញ​ការប្តេជ្ញាចិត្ត​រវាង​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​តំបន់​អធិបតេយ្យ​ដែលមាន​ចិន​ពាក់ព័ន្ធ​នេះ ប្រាកដ​ណាស់​ថា មិនអាច​ឲ្យ​ចិន​នៅ​សុខ​ស្រួល​ឡើយ​។ តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying ក្រុង​ប៉េកាំង ក៏​មិន​ប្រែប្រួល​ជំហរ​ខ្លួន​ផងដែរ​។ មិន​ប្រែប្រួល​នោះ​គឺ ក្រុង​ប៉េកាំង នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​បូរណភាព​ដែន​អធិបតេយ្យ​របស់ខ្លួន​។

​លោកស្រី​អ្នកនាំពាក្យ​ដដែល ក៏បាន​អះអាងថា សន្ធិសញ្ញា​សន្តិសុខ​ទ្វេភាគី​របស់​អាមេរិក និង​ជប៉ុន គឺជា​សមិទ្ធផល​ទ្វេភាគី​ក្នុងសម័យ​សង្គ្រាមត្រជាក់​នោះទេ ដូច្នេះ វា មិន​ត្រឹមត្រូវ​ឡើយ ដែល​ភាគី​ទាំងពីរ​ប្រើប្រាស់​ដើម្បី​ជា​លេស​ក្នុង​ការទាមទារ​អធិបតេយ្យ​ដោយ​ខុសច្បាប់ និង​ថែមទាំង​ដើម្បី​គំរាមកំហែង​ដល់​សិទ្ធិ​អធិបតេយ្យ​របស់​ចិន​នោះ​។

​មិន​ខុសពី​ប្រតិកម្ម​មុនៗ​ឡើយ លោកស្រី​អ្នកនាំពាក្យ ក៏បាន​បញ្ជាក់ដែរថា រឿង​សមុទ្រ​ចិន​ខាងត្បូង ស្ថិតនៅក្នុង​ស្ថិរភាព ហើយក៏​កំពុង​ស្ថិតក្រោម​កិច្ច​សហប្រតិបត្តិ​រវាង​ចិន និង​អាស៊ាន​ផងដែរ​។ ជាមួយនឹង​ការទទូច​ឲ្យ​បញ្ឈប់​អត្ថាធិប្បាយ​ផ្តេសផ្តាស លោកស្រី ក៏បាន​សុំ​ចិត្ត​អាមេរិក និង​ជប៉ុន ដែល​មិនមែនជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គោរព​កិច្ចប្រឹងប្រែង​របស់​ប្រទេស​ក្នុង​តំបន់ ដើម្បី​រក្សា​ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់​ផងដែរ​។

​សូម​ជម្រាប​បន្តិច​ដែរ​ថា ចិន បាននិងកំពុង​តែមាន​វិវាទ​អធិបតេយ្យ​ជាមួយនឹង​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ាន​។ ជាមួយនឹង​ជប៉ុន​នោះ​គឺ នៅ​សមុទ្រ​ចិន​ខាងកើត ដែល​ភាគី​ទាំងពីរ បានទាមទារ​លើ​តំបន់​ត្រួតស៊ីគ្នា​នៅ​ប្រជុំ​កោះ Senkaku (​ហៅ​ដោយ​ជប៉ុន​) ឬ​ប្រជុំ​កោះ Daioyu (​ហៅ​ដោយ​ចិន​)​។ ចំណែក​ជាមួយនឹង​រដ្ឋ​អាស៊ាន ដែល​រួមមាន​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម នោះ​គឺ​សមុទ្រ​ចិន​ខាងត្បូង​នោះឯង​៕

អត្ថបទ៖ ថ្មី ថ្មី