សារអេឡិចត្រូនិច
បន្ថែម​ពី​ការពង្រីក​សេដ្ឋកិច្ច វៀតណាម​ឆ្លៀត​ទាញ​ថៃ​ឲ្យ​ចាប់អារម្មណ៍​ពី​សមុទ្រ​ចិន​ខាងត្បូង​


ប្រមុខ​រដ្ឋាភិបាល​ក្រុង​ហាណូយ នៅ​ថ្ងៃទី​១៧ សីហា បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​រាជាណាចក្រ​ថៃ​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ក្រុង​ហាណូយ និង​ក្រុង​បាងកក មិន​ត្រឹមតែ​សម្រេចបាន​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​ទាំងពីរ​ប៉ុណ្ណោះ​នោះទេ មេដឹកនាំ​វៀតណាម​ក៏​ឆ្លៀត​ពិភាក្សា​ពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​មេដឹកនាំ​ថៃ​ដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀង សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ បា​យុទ្ធ ចាន់​អូ​ចា (Prayuth Chan O Cha) បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ពៀង​ទ្វេភាគី​ចំនួន​ដប់ លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ កិច្ចព្រមព្រៀង​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បានបញ្ចប់​កិច្ចពិភាក្សា​ទ្វេភាគី​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​របស់លោក​នាយករដ្ឋមន្ត្រី​វៀតណាម​ទៅកាន់​ថៃ​។​

​បើតាម​សារព័ត៌មាន The Nation របស់​ថៃ តាមរយៈ​ទស្សនកិច្ច​នេះ ក្រុមហ៊ុន​ថៃ និង​វៀតណាម បាន​ព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​ទាំង​លើ​វិស័យ​ប្រេងឥន្ធនៈ ស៊ីម៉ង់ ការ​ផ្គត់​ផ្អង់​ថាមពល​អគ្គិសនី ធនាគារ និង​សារ​ធាតុគីមី​ជាដើម​។

​អ្វី​គួរ​កត​សម្គាល់ ក្នុង​ដំណើរ​ទស្សនកិច្ច​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី​នាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​ឆ្លៀតឱកាស​ផ្លាស់ប្តូរ​យោបល់​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ថៃ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​សន្តិសុខ​ក្នុង​តំបន់​ជាពិសេស​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ ភាគី​ទាំងពីរ បាន​អះអាង​ជាថ្មី ពី​សារៈសំខាន់​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព ក៏ដូចជា​សុវត្ថិភាព និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។

សូម​ជម្រាប​ផងដែរ​ថា វៀតណាម គឺជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដ៏​អង់អាច​មួយ​របស់​អាស៊ាន ដែល​តែងតែ​ប្រឈមមុខ​ជាមួយនឹង​ទាំង​ផ្នែក​ការទូត និង​យោធា​។ វៀតណាម តែងតែ​សុំ​ឲ្យ​សមាជិក​អាស៊ាន​ទាំង​ដប់ រួមគ្នា​ចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំង​ចិន នៅលើ​ជម្លោះ​អធិបតេយ្យ​សមុទ្រ​មួយ​នេះ​៕

អត្ថបទ៖ ថ្មី ថ្មី